ប្រទេសចិន ៖ បើគេធ្វើដំណើរទៅកាន់ទីក្រុងក្វាងចូវ ប្រទេសចិន គេនឹងបានឃើញសត្វស្លាបជាច្រើនក្បាល និងឮសំឡេងសត្វស្លាបយំទៀតផង ។ នេះឆ្លុះបញ្ចាំងឱ្យឃើញថា ទីក្រុងក្វាងចូវបានយកចិត្តទុកដាក់លើបរិយាកាស កន្លែងរស់នៅរបស់សត្វស្លាប និងមានប្រភពទឹកគ្រប់គ្រាន់ ។ ជាច្រើនឆ្នាំកន្លងមក ទីក្រុងក្វាងចូវបានកែលម្អបរិយាកាស និងទឹកឱ្យមានគុណភាពល្អប្រសើរជាងមុន ហើយទីក្រុងនេះស្ថិតក្នុងលំដាប់ទី១ ជាទីក្រុងមានគុណភាពបរិយាកាសល្អក្នុងចំណោមទីក្រុងធំៗរបស់ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi02C33rt30FnOglYKZwR-UPEG2rkxCD4xFT603urRnmzzZRPLoMcDdID8_foRKedUV5X74GJR4SUqNDkaluAlJLOXUXGNKnCU5rdk5MZgJUQF6C4FlQp97p9Uhb9g0nh6yyWMFwJ8TI6R4765Tku-rKQevcp7FEEpGPVM2g2h0IXhoZ_lItBn5R-yH/s800/photo_2023-06-05_16-40-53.jpg

បុគ្គលិករបស់វិទ្យាស្ថានអភិរក្សសត្វលើកឡើងថា សត្វស្លាបចូលចិត្តមករស់នៅកន្លែងណាដែលមានសម្បុក អាហារគ្រប់គ្រាន់ និងមានសុវត្ថិភាពផងដែរ ហើយទីក្រុងក្វាងចូវបានរៀបចំនូវបរិស្ថានអំណោយផលដល់ការរស់នៅរបស់ពពួកសត្វស្លាបទាំងនោះ ។

ប្រទេសចិនបានព្យាយាមអភិវឌ្ឍន៍ក្វាងចូវឱ្យក្លាយជាទីក្រុងមួយទាក់ទាញសត្វស្លាប ។ ក្រៅពីទីក្រុងក្វាងចូវបានបង្កលក្ខណៈងាយស្រួលផ្នែកបរិយាកាស កន្លែងរស់នៅ និងមានទឹកគ្រប់គ្រាន់សម្រាប់សត្វស្លាបហើយ ទីក្រុងនេះក៏បានបង្កើតតំបន់អភិរក្សធម្មជាតិចំនួន១១ម៉ឺនហិកតាទៀតផង ក្នុងនោះរួមមាន ឧទ្យាន និងតំបន់មានប្រភពទឹកជាដើម ។ ដូច្នេះ សត្វស្លាបងាយស្រួលរកចំណីអាហារនៅតាមឧទ្យានទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtMkNP5Lh_HvinqEHbcuvPhjCTgbnO4_qF6Ltx3FTtS4JF2P643OAg2F2eT5sfMibTS7FrzZDt_vkiH8Vt4mJsvnAQJrdqCNvhQyap42JYrKH0PoUMvoHFPyRDgu_0wgf0Bul7OPAxhvRuPopDKwzC8JDzlwMG400wumuR6dHSQdL--lH2BtwGXLoA/s800/photo_2023-06-05_16-40-42.jpg

គេសង្កេតឃើញថា មានសត្វស្លាបជាង១៨០ពូជដែលបានមករស់នៅ និងបង្កាត់ពូជនៅទីនេះ ខណៈកាលពី៨ឆ្នាំមុន មានសត្វស្លាបត្រឹមតែ៧០ពូជប៉ុណ្ណោះ ។ បច្ចុប្បន្ន នៅទីក្រុងក្វាងចូវបានគ្របដណ្តប់ទៅដោយព្រៃឈើខៀវស្រងាត់ និងជាទីក្រុងអភិរក្សបរិស្ថាននាំមុខគេ បើធៀបនឹងទីក្រុងធំផ្សេងទៀតនៅប្រទេសចិន ។

ក្នុងទីក្រុងនេះ មានឧទ្យានជាង១.២០០កន្លែង ហើយទីក្រុងក្វាងចូវ ក៏មានគម្រោងបង្កើនផ្ទៃដីព្រៃបៃតងចំនួន៦,៧ហិកតាថែមទៀតនៅឆ្នាំ២០២៧ ខាងមុខ ។ ហេតុនេះ វាមិនត្រឹមតែធ្វើឱ្យពលរដ្ឋរស់នៅក្នុងទីក្រុងបានរស់នៅជាមួយធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏អាចទទួលអារម្មណ៍ស្រស់ស្រាយជាមួយសត្វស្លាបនៅជុំវិញខ្លួនផងដែរ ដោយសារទីក្រុងបានបង្កើតកន្លែងថ្មីៗសម្រាប់សត្វស្លាបរស់នៅ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9r_JkmyJ8zABSRFReEzZeYdHQ6GfZL9MUMwbukX6NbIQJIcCFN7OwJHBVB2f5aToBk_LasFVKD9d8Mo_sa1G3OchS0C4tYkkXruwJnmgM8r5C4XcKSGpxgtAKyQRyQadmjhoDnv8lC1F8zmaAnuZqVa35Nt5zdV_Hq_Yg5Axmp0z8Q6XbEHF0ESHM/s800/photo_2023-06-05_16-40-36.jpg ប្រភព ៖ China Face