Home ព័ត៌មានអន្តរជាតិ ចិនទទួលបានចំណាត់ថ្នាក់ទី១ ផ្នែកផលិត និងលក់រថយន្តអគ្គិសនីថ្មី

ចិនទទួលបានចំណាត់ថ្នាក់ទី១ ផ្នែកផលិត និងលក់រថយន្តអគ្គិសនីថ្មី

58
0

ប្រទេសចិន ៖ ចំនួនការផលិត និងលក់រថយន្តអគ្គិសនីថ្មីរបស់ប្រទេសចិនទទួលបានចំណាត់ថ្នាក់ទី១ អស់រយៈពេល៨ឆ្នាំជាប់ៗគ្នានៅលើពិភពលោក ។ កាលពីពេលថ្មីៗនេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានរៀបចំការប្រជុំពិភាក្សាមួយដើម្បីសិក្សាពីស្ថានភាពសេដ្ឋកិច្ច និងការអនុវត្តផ្នែកសេដ្ឋកិច្ច ។ កិច្ចប្រជុំនេះបានឯកភាពគ្នាថា ត្រូវតែសង្កត់ធ្ងន់ និងពង្រីកការមានប្រៀបផ្នែកអភិវឌ្ឍន៍រថយន្តអគ្គិសនីថ្មី ។

បើតាមព័ត៌មានចុងក្រោយពីសហព័ន្ធឧស្សាហកម្មរថយន្តចិនបញ្ជាក់ថា ក្នុងរយៈពេល៤ខែដំបូងឆ្នាំ២០២៣ ចំនួនការផលិតរថយន្តអគ្គិសនីថ្មីរបស់ប្រទេសចិន ស្មើនឹង២.២៩១លានគ្រឿង ខណៈចំនួនការលក់សរុបស្មើ២.២២២លានគ្រឿង ។ គេសង្កេតឃើញថា ទាំងការផលិត និងការលក់បានកើនឡើង៤២,៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។

ចំនួនការផលិត និងការលក់រថយន្តអគ្គិសនីថ្មីនៅប្រទេសចិនទទួលបានចំណាត់ថ្នាក់ទី១ អស់រយៈពេល៨ឆ្នាំជាប់ៗគ្នានៅលើពិភពលោកទាំងផ្នែកអាជីវកម្ម និងសហគ្រាស ខណៈក្រុមផលិតរថយន្តនានាមានទំនុកចិត្តខ្ពស់ក្នុងឧស្សាហកម្មនេះ និងមានគំនិតបង្កើតថ្មីផងដែរ ។

តាមទិន្នន័យចុងក្រោយរបស់នាយកដ្ឋានថាមពលជាតិចិនបញ្ជាក់ថា នៅឆ្នាំ២០២២ គេបានដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនីបន្ថែមទៀតប្រមាណ២,៦០លានគ្រឿងនៅប្រទេសចិន ។ ការដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនីនេះ បានធ្វើឱ្យទូទាំងប្រទេសចិនមានស្ថានីយសាកថ្មរថយន្តអគ្គិសនីចំនួន៥,២០លានគ្រឿង ។ ប្រទេសចិនបាននាំមុខគេផ្នែកប្រព័ន្ធសាកថ្មរថយន្តអគ្គិសនីដើម្បីសម្រួលដល់ការទិញ និងការប្រើប្រាស់រថយន្តប្រភេទនេះ ព្រមទាំងបង្ហាញពីសក្តានុពលក្នុងការប្រើប្រាស់រថយន្តអគ្គិសនីនៅលើពិភពលោកផងដែរ ៕ ប្រភព ៖ China face