Home ព័ត៌មានអន្តរជាតិ ការវិភាគរបស់សារព័ត៌មានបរទេសពីគណបក្សឈ្នះឆ្នោតនៅថៃ

ការវិភាគរបស់សារព័ត៌មានបរទេសពីគណបក្សឈ្នះឆ្នោតនៅថៃ

67
0

ប្រទេសថៃ ៖ សារព័ត៌មាន Bloomberg រាយការណ៍ថា លទ្ធផលការបោះឆ្នោតនៅប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ កន្លងមកបង្ហាញថា គណបក្សនយោបាយដែលគាំទ្រប្រជាធិបតេយ្យបានទទួលសំឡេងយ៉ាងច្រើនលើសលប់ក្នុងការបោះឆ្នោត ។ គេចាត់ទុកថា ការទទួលបានជ័យជម្នះនេះ ជាបញ្ហាប្រឈមដ៏ធំសម្រាប់គណបក្សនយោបាយបច្ចុប្បន្ន ដែលគាំទ្រដោយកម្លាំងយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលកាលពី១០ឆ្នាំមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmovpY5hns3eHZS6F9YOue4y6cIiXH-vZNezcZYznoPRrB0dhxLBOGd7Yk_eQzCzamPnNy96wigNdUIKlUME4hoffsMIZqORU5AN54iB_A8iCEo5EK8PVzA33Poe9MKDUvWF4JzdHG4QoLpEPahC8-93JfFHIYl9omRFtnJvjgEixui0RRUIk_qY4Oyw/s1280/photo_2023-05-15_14-10-50.jpg

សារព័ត៌មាននេះចុះផ្សាយថា ការរាប់សំឡេងឆ្នោតទទួលបានសំឡេង៩៧% ទាំងគណបក្សកាវក្លៃ និងគណបក្សភឿថៃ អាចទទួលបានសំឡេងឆ្នោតយ៉ាងច្រើនលើសលប់ពីពលរដ្ឋនៅទូទាំងប្រទេសថៃ ។ បើគណបក្សទាំងពីរសហការគ្នាបង្កើតរដ្ឋាភិបាលថ្មី គឺនឹងមានអាសនៈជាង២៨០ ខណៈអាសនៈទាំងអស់ស្មើ៥០០ ក្នុងសភាតំណាងរាស្ត្រ ។

មេដឹកនាំគណបក្សកាវក្លៃ លោក Pita Limjaroenrat លើកឡើងថា បើតាមសំឡេងឆ្នោតបង្ហាញថា គណបក្សកាវក្លៃ, គណបក្សភឿថៃ និងគណបក្សប្រឆាំងផ្សេងទៀតអាចបង្កើតរដ្ឋាភិបាលចម្រុះបាន ប៉ុន្តែពេលនេះ គណបក្សរបស់លោកមិនទាន់បានចរចាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះទេ ។ លោកបន្តថា លទ្ធផលការបោះឆ្នោតនេះបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋថៃត្រូវការអ្វី ហើយគណបក្សកាវក្លៃនឹងប្រកាន់ភ្ជាប់នូវអ្វីដែលធ្លាប់បានសន្យាជាមួយពលរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgik8Jmz4sGMtG293xiIXP_c1LxkzO1_JJcVmI620x8tJfHR3yXNTUWbKSOdVNOAJ__9YuJplg8shOQAbZJ2aVInlHHx5geBqDvKhTnz6TlZAH0hsodEOXvTiboAc_CK097K4bUO1h3x9Wxan0A74bzGgx-Ira9Iksc0vnOMXyRQghIlMh_qNTCMeT3ww/s792/photo_2023-05-15_14-10-00.jpg

សារព័ត៌មាន Bloomberg រាយការណ៍បន្តថា ជ័យជម្នះរបស់គណបក្សកាវក្លៃ គឺជាការផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅលើគណបក្សនយោបាយបច្ចុប្បន្ន ដែលកាន់អំណាចអស់រយៈពេល២ទសវត្សរ៍ ។ លោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ បានសន្យាថា នឹងធ្វើវិសោធនកម្មច្បាប់ដែលការពាររាជានិយម ខណៈមានការរិះគន់ជាច្រើន ។ ចំណែកមេដឹកនាំគណបក្សភឿថៃ អ្នកនាង Paethongthan Shinawatra ជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra និងលោក Srettha Thavisin មកពីគណបក្សភឿថៃ ដែលអ្នកទាំងពីររូបបានស្ម័គ្រធ្វើជានាយករដ្ឋមន្ត្រីថៃ បាននិយាយដូចគ្នាថា នឹងផ្តោតលើការជជែកជាមួយគណបក្សនយោបាយដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ។

ក្រៅពីនេះ អ្វីដែលត្រូវតាមដានក្នុងការបោះឆ្នោតលើកនេះ គឺផែនការត្រឡប់មកប្រទេសថៃរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra នៅខែកក្កដា ឆ្នាំ២០២៣ តើនឹងបង្កើតភាពតានតឹងសម្រាប់មន្ត្រីកំពូលក្នុងជួរយោធាដែរឬអត់ ? លោក Thaksin Shinawatra បានទៅរស់នៅក្រៅប្រទេសដើម្បីគេចពីការជាប់ពន្ធនាគារ ដែលគេបានចោទប្រកាន់លោកពីបទពុករលួយ បន្ទាប់ពីគេធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកកាលពីឆ្នាំ២០០៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSArD4oyDXIT6CyMSAPnw3E_iZPMGLdCTljLluxpzM44UjPJZTyfMbjDWDkmyVUUJAdLYQt4us1rUPHD1uwsRkAMbaI37gPHwtdUCqEhdPOsfn4Nefl5VwcM6-1y_aE5eN_nYTNLzD0reZM6kMmMuFNIcFLSPWhXq8qjER4cLvkIBgk8rCUIIYJzcQww/s1000/photo_2023-05-15_14-10-05.jpg

លើសពីនេះ ការបោះឆ្នោតនៅឆ្នាំ២០២៣ គណបក្សកាវក្លៃមានគោលនយោបាយខុសពីគណបក្សភាគច្រើន ព្រោះគណបក្សកាវក្លៃ គឺជាគណបក្សតែមួយគត់ដែលអំពាវនាវឱ្យធ្វើវិសោធនកម្មមាត្រា១១២ ដើម្បីឱ្យមានសេរីភាពច្រើនជាងមុនក្នុងការជជែកពាក់ព័ន្ធនឹងរាជវង្ស ។

សាស្ត្រាចារ្យនៅសាកលវិទ្យាល័យជូឡាឡុងកន នាទីក្រុងបាងកក លោក Thitinan Pongsudhirak និយាយថា ការបោះឆ្នោតលើកនេះ គឺជាគ្រោះរញ្ជួយដីផ្នែកនយោបាយ ហើយលទ្ធផលបោះឆ្នោតបង្ហាញឱ្យឃើញថា ពលរដ្ឋថៃចង់បានការផ្លាស់ប្តូរ ។ ទោះយ៉ាងណា កាលពីពេលថ្មីៗនេះ មេបញ្ជាការកងទ័ពថៃបានលើកឡើងថា ប្រទេសថៃនឹងមិនកើតហេតុការណ៍រដ្ឋប្រហារទៀតទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYlhu25q46YzZb-Hw6EgsgMKFcSrKvggxjEMn4IHHC3INbSROLxtLbMJeiy3t47aDkgSBhlIaY6lVYKWrmSbikYZXnLIBTaA6K2X2d9S7XHi0gMJhWorPNwC7nTg0Q0bbKzQB-wSd8g3W0sEIFuTWJcLPXTr-GWoooNeCz9zfqStpOvmO8PWETrLdXmQ/s5500/KFPA44N6QJOENBY4LDOYF6MIBI.jpg

សារព័ត៌មាន Bloomberg បន្ថែមថា មិនថាអ្នកណានឹងឡើងធ្វើជានាយករដ្ឋមន្ត្រីថ្មីនៅប្រទេសថៃ គឺត្រូវបំពេញតួនាទីធ្វើឱ្យសេដ្ឋកិច្ចថៃរីកចម្រើន ខណៈបច្ចុប្បន្ន ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ថៃ គឺយឺតជាងប្រទេសជិតខាងក្នុងតំបន់អាស៊ាន ហើយពលរដ្ឋថៃត្រូវរង់ចាំការឆ្លងផុតពីផលប៉ះពាល់នៃអតិផរណា និងបំណុលគ្រួសារខ្ពស់ ។

លើសពីនេះ មេដឹកនាំប្រទេសថៃថ្មីត្រូវប្រឈមនឹងបញ្ហាបរិស្ថានដោយសារបម្រែបម្រួលអាកាសធាតុដែលអាចបំផ្លាញទិន្នផលស្រូវរបស់កសិករ ខណៈអង្ករជាផលិតផលនាំចេញទៅក្រៅប្រទេសដ៏សំខាន់របស់ថៃ ។ ការបោះឆ្នោតនៅប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា បានដំណើរការទៅដោយរលូន និងគ្មានអ្វីខុសប្រក្រតីទេ ហើយមានពលរដ្ឋថៃប្រមាណ៥២លាននាក់បានមកចូលរួមបោះឆ្នោត ៕

 

ប្រភព ៖ The standard wealth