ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ២០២៣ ខេត្តព្រះសីហនុ ត្រូវបានជ្រើសរើសសម្រាប់ការប្រកួតចំនួន៣ប្រភេទកីឡា ដែលមានដូចជា កីឡាទូកក្តោង កីឡាម៉ូតូទឹក កីឡាបាល់ទះលើឆ្នេរខ្សាច់ ខណៈការប្រកួតកីឡាទូកក្តោង បានចាប់ផ្តើមនៅថ្ងៃទី២ ខែឧសភា នេះហើយ។
តាមការបញ្ជាក់របស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថាកីឡាទូកក្តោង ចាប់ផ្តើមធ្វើការប្រកួតព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅវេលាម៉ោង ១០ និង៣០នាទីព្រឹក និងត្រូវបញ្ចប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ខាងមុខ នៅទីលានប្រកួតនៅលើគោក និងនៅលើផ្ទៃទឹក។ សម្រាប់ការប្រកួតកីឡាទូកក្តោង រៀបចំនៅទីលានតេជោ ឆ្នេរកន្ទុយនាគ ដោយធ្វើការបែងចែកជា៣ទីលានប្រកួត៩ (3 Courses) ដោយ១ទីលាន មានទំហំ ១គីឡូម៉ែត្រការ៉េ មានវិញ្ញាសា ក២៣ឡាទូកក្តោងផ្នែកបុរស និងកីឡាទូកក្តោងផ្នែកនារី មានកីឡាមកពីប្រទេសចំនួន៦ ស្មើនឹង ១០១នាក់ និងមន្ត្រីបច្ចេកទេសរៀបចំការប្រកួតចំនួន ៥០នាក់ ក្នុងនោះ ៖ កម្ពុជា មានកីឡាករចូលរួមចំនួន ១៨រូប , ថៃ មានកីឡាករចូលរួមចំនួន ២៧រូប, សិង្ហបុរី មានកីឡាករចូលរួមចំនួន ១៦រូប, ម៉ាឡេស៊ី មានកីឡាករចូលរួមចំនួន ១៥រូប
ហ្វីលីពីន មានកីឡាករចូលរួមចំនួន ១៤រូប , វៀតណាម មានកីឡាករចូលរួមចំនួន ១១រូប។
គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី១ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុរៀបចំការប្រកួត៖
– ទូកក្តោងនៅឆ្នេរសុខា ចាប់ផ្តើមប្រកួតនៅថ្ងៃទី២ ខែឧសភា វេលាម៉ោង១០ និង ៣០នាទីព្រឹក និងបញ្ចប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។
– កីឡាបាល់ទះលើឆ្នេរខ្សាច់ ប្រកួតនៅពយជំទាវម៉ៅ ចាប់ផ្ដើមចាប់ពីថ្ងៃទី១១ ខែឧសភា និងបញ្ចប់ថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៣។
– កីឡាម៉ូតូទឹកនៅឆ្នេរសុខា ចាប់ផ្ដើមប្រកួតថ្ងៃទី១៣ ខែឧសភា និងត្រូវបញ្ចប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។
ការរៀបចំខាងលើនេះ មានយុវជនស្ម័គ្រចិត្តរបស់ ស.ស.យ.ក ចំនួន ១១៧នាក់ ចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស នៃគណៈកម្មការប្រកួតកីឡាស៊ីហ្គេម ក្នុងការជួយសម្របសម្រួល បដិសណ្ឋាកិច្ច ការរៀបចំសណ្តាប់ធ្នាប់ ពិធីការ សម្រាប់ក្រុមកីឡានិមួយ ដើម្បីឱ្យការប្រកួត និងការស្នាក់នៅរបស់ប្រតិភូកាន់តែមានភាពងាយស្រួល។ លើសពីនេះរដ្ឋបាលខេត្តក៏បានរៀបចំផ្ទាំងស្លាយ និងផ្ទាំង LCD សម្រាប់ធ្វើការផ្សព្វផ្សាយបន្តផ្ទាល់ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅតាមទីតាំងមួយចំនួនក្នុងក្រុងព្រះសីហនុ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាសប្បាយរីករាយគ្រប់ៗគ្នា៕










