ប្រទេសថៃ ៖ អាជ្ញាធរទេសចរណ៍ថៃបានលើកឡើងថា មានភ្ញៀវទេសចរថៃ និងបរទេសជាច្រើននាក់ចាប់អារម្មណ៍នាំគ្នាលេងទឹកនៅតាមកន្លែងផ្សេងៗក្នុងថ្ងៃចូលឆ្នាំថ្មី ដែលជាពិធីបុណ្យសំខាន់មួយរបស់ជាតិ បន្ទាប់ពីប្រទេសថៃមិនបានរៀបចំពិធីនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។
គេសង្កេតឃើញថា នៅផ្លូវខាវសាន មានពលរដ្ឋថៃ និងភ្ញៀវទេសចរបរទេសបានចាប់ផ្តើមលេងទឹកតាំងពីថ្ងៃទី១៣ ខែមេសា មកម៉្លេះ ។ ពលរដ្ឋថៃម្នាក់ឈ្មោះ Sudathip Wongsa ដែលបានមកលេងទឹកនៅផ្លូវខាវសាន និយាយថា ខ្លួនសប្បាយរីករាយណាស់ដែលបានមកលេងទឹកក្នុងពេលចូលឆ្នាំម្តងទៀត ហើយសង្ឃឹមថា សេដ្ឋកិច្ចថៃនឹងត្រឡប់មករីកចម្រើនឡើងវិញ ដោយសារតែភ្ញៀវទេសចរបរទេសជាច្រើននាក់នាំគ្នាមកកម្សាន្តនៅប្រទេសថៃ ។ លើសពីនេះ នៅតាមបណ្តាខេត្ត និងទីក្រុងធំៗ គេបានរៀបចំឱ្យពលរដ្ឋលេងទឹកយ៉ាងច្រើនកុះករ មិនចាញ់ទីក្រុងបាងកកឡើយ ។
មន្ត្រីអាជ្ញាធរទេសចរណ៍ថៃ លោក Yuthasak Supasorn បានថ្លែងថា ពិធីបុណ្យសង្ក្រាន្ត គឺជាប្រពៃណីមួយរបស់ថៃដែលល្បីល្បាញនៅទូទាំងពិភពលោក ។ ពិធីបុណ្យសង្ក្រាន្តនេះ គឺជា Soft Power (5F) និងមានការទទួលស្គាល់ពីប្រទេសនានាផងដែរ ។ លើសពីនេះ ពិធីបុណ្យសង្ក្រាន្តស្ថិតនៅក្រោមការពិចារណារបស់អង្គការយូណេស្កូ (UNESCO) ដើម្បីចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបី (Intangible Cultural Heritage) ទី៤ របស់ប្រទេសថៃ ដែលបន្តពីល្ខោនខោលថៃ ម៉ាស្សា និងរបាំ Nora ។
ចំណែកគណៈកម្មការផ្សព្វផ្សាយ និងអភិរក្សបេតិកភណ្ឌថៃធ្លាប់លើកឡើងថា ថៃនឹងបានទទួលការពិចារណាចុះឈ្មោះប្រពៃណីសង្ក្រាននៅអង្គការយូណេស្កូនៅចុងឆ្នាំ២០២៣ នេះ ។ លើសពីនេះ ប្រទេសក៏មានបេតិកភណ្ឌវប្បធម៌អរូបីជាច្រើនទៀត ដែលត្រៀមពិចារណាចុះឈ្មោះជាមួយអង្គការយូណេស្កូផងដែរដូចជា កញ្ឆា ម្ហូបថៃ និងបាយដំណើបស្វាយទុំជាដើម ។
ទោះយ៉ាងណា ក្នុងតំបន់អាស៊ាន មិនមែនមានតែប្រទេសថៃមួយទេដែលមានប្រពៃណីសង្ក្រាន្ត និងលេងជះទឹកពេលចូលឆ្នាំថ្មី ប៉ុន្តែប្រទេសកម្ពុជាយើង ឡាវ និងមីយ៉ាន់ម៉ា ក៏បានប្រារព្ធពិធីនេះដូចគ្នាដែរ ប៉ុន្តែបែរជាប្រទេសថៃស្នើសុំអង្គការយូណេស្កូឱ្យចុះបញ្ជីពិធីបុណ្យសង្ក្រាន្តជារបស់ខ្លួនទៅវិញ ៕
ប្រភព ៖ TNN World










