អតីតតួឯកល្ខោន និងតារាកំប្លែងល្បីឈ្មោះមួយរូប អ្នកនាង ផន សុផារី បានទម្លាយរឿងចាំជាតិសាជាថ្មី ដែលកំពុងធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការចាំអារម្មណ៍មិនធម្មតាមានអ្នកតាមដានលើបណ្តាញសង្គមហ្វេកប៊ុកជាង៥លានដង និងមានការចែករំលែករាប់ម៉ឺននាក់។ ការបង្ហោះវីដេអូចាំជាតិនេះ អ្នកនាង ផន សុផារី បានអះអាងថា ខ្លួនមិនមែនចង់ទាក់ទាញចំណាប់អារម្មណ៍ពីមហាជនឡើយគ្រាន់តែចង់បង្ហាញអំពើល្អប៉ុណ្ណោះ។
បើនិយាយពីរឿង«ចាំជាតិ» អ្នកមួយចំនួនអាចជឿ និងអ្នកមួយចំនួនមិនជឿឡើយ។ កន្លងមកក៏មានអ្នកធ្លាប់អះអាងថាខ្លួនចាំជាតិពីអតីតកាលផងដែរ កាលពីជាតិមុនជាអ្នកនេះ ជាអ្នកនោះជាដើម។ ក្នុងនោះអ្នកនាង ផន សុផារី ត្រូវជាអ្នកម៉ាក់របស់ ប៊ែលឡា និង អ៊ែលលី ដែលកំពុងមានប្រជាប្រិយភាពធ្លាប់បានទម្លាយម្តងហើយកាលពី៣ឆ្នាំមុនថាអ្នកនាងចាំជាតិដែលធ្វើឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងមានទាំងអ្នកជឿ និងមិនជឿ។
យ៉ាងណានៅថ្ងៃទី១៧ ខែមេសា នេះតួឯកល្ខោនខាងលើបានបង្ហោះវីដេអូរបស់ខ្លួនបញ្ជាក់ពីរឿងចាំជាតិ និងទៅសួរសុខទុក្ខអតីតភរិយាម្តងទៀត ដោយបង្ហាញថាកាលពីជាតិមុនអ្នកនាងជាមនុស្សប្រុស ខណៈការចាំជាតិរបស់អ្នកនាងមិនបានទាំងស្រុងនោះទេ។ ទន្ទឹមនឹងការបង្ហាញពីការចាំជាតិនេះ អ្នកនាង ផន សុផារី បានអះអាងថាខ្លួនមិនចង់បានចំណាប់អារម្មណ៍ពីមហាជនឡើយ គ្រប់យ៉ាងគ្រាន់តែចង់បង្ហាញពីការធ្វើល្អ និងការធ្វើឱ្យល្អបំផុតសម្រាប់ខ្លួនក្នុងថ្ងៃនេះ ព្រោះយើងមិនដឹងថាថ្ងៃខាងមុខយើងនឹងជួបប្រទះអ្វីឡើយ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ អ្នកនាង ផន សុផារី ធ្លាប់បង្ហាញរួចមកហើយថាអ្នកនាង ចាំជាតិ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាគ្រានេះ មានទាំងអ្នកជឿ និងអ្នកមិនជឿ ដូច្នេះហើយទើបអ្នកនាងពុំសូវបង្ហាញពីការចាំជាតិរបស់ខ្លួនឡើយដើម្បីកុំឱ្យអ្នកមួយចំនួនលើកឡើងថា នាងចង់បានចំណាប់អារម្មណ៍ពីមហាជនទើបប្រឌិតរឿងបែបនេះ ខណៈក្នុងឆ្នាំនេះនាងសម្រេចចិត្តបង្ហាញម្តងទៀតកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងបណ្តាញសង្គម៕