ក្រុមបាល់ទះជម្រើសជាតិបុរសកម្ពុជា ធ្លាប់បានសាងប្រវត្តិសាស្ត្រ ដ៏ត្រជះត្រចង់ឱ្យកម្ពុជា ដោយបានគ្រងមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (បច្ចុប្បន្នប្តូរឈ្មោះថាស៊ីហ្គេម) ឆ្នាំ១៩៦៥ ដែលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ គ្រានោះកម្ពុជា បានយកឈ្នះថៃ៣សិតទល់០ នៅវគ្គផ្តាច់ព្រ័ត្រ។
ចាប់តាំងពីពេលនោះក្រុមបាល់ទះកម្ពុជាមិនដែលស្គាល់រសជាតិមេដាយអ្វីនោះទេ លុះដល់ឆ្នាំ ២០២២ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ ក្រុមបាល់ទះកម្ពុជា ក៏បានដណ្ដើមបានចំណាត់ថ្នាក់លេខ៣ ជាមួយនឹងមេដាយសំរិទ្ធ ក្រោយយកឈ្នះថៃម្តងទៀត ក្នុងលទ្ធផល៣សិតទល់២។
រីឯនៅឆ្នាំនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសុីហ្គេមលើកទី៣២ វិញ្ញាសារបាល់ទះបុរសកម្ពុជា មានសង្ឃឹមខ្ពស់ថានឹងដណ្តើមមេដាយជូនជាតិឱ្យបាននៅលើទឹកដីខ្លួន៕










