រដ្ឋធានីជេរូហ្សាឡឹម៖ ក្រោយពេលមានការផ្ទុះបាតុកម្មពាសពេញប្រទេស ប្រឆាំងនឹងការបណ្ដេញរដ្ឋមន្រ្ដីក្រសួងការពារជាតិ និង ការកែប្រែប្រព័ន្ធតុលាការនោះមក ប្រធានាធិបតីអ៊ីស្រាអែល បានអំពាវនាវដល់លោកនាយករដ្ឋមន្រ្ដី ណេតាន់យ៉ាហ៊ូ បញ្ឈប់នូវផែនការរបស់គាត់។
សារព័ត៌មាន Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៧ ខែមីនា ថា លោក អាសាអាក់ ហ៊ើរហ្សក (Isaac Herzog) ប្រធានាធិបតីអ៊ីស្រាអែល បានអំពាវនាវដល់លោក បែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្រ្ដី និង គណបក្សចម្រុះ ដែលកំពុងតែដឹកនាំប្រទេស ត្រូវតែបញ្ឈប់នូវផែនការកែប្រែប្រព័ន្ធតុលាការ ដែលនាំឲ្យបែកបាក់គ្នា។ ការអំពាវនាវរបស់លោកប្រធានាធិបតី មានគោលដៅ សម្រាប់ជាប្រយោជន៍ ដល់ការរួបរួមជាតិរបស់អ៊ីស្រាអែល និង ជាប្រយោជន៍ សម្រាប់ការទទួលខុសត្រូវ។
ផែនការរបស់លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ នៅក្នុងការកែប្រែប្រព័ន្ធតុលាការនេះ កំពុងតែប្រឈមមុខនឹងការប្រឆាំង កាន់តែច្រើនឡើង។ ស្ថិតក្នុងស្ថានការណ៍បែបនេះ ដែលធម្មតាប្រមុខរដ្ឋអ៊ីស្រាអែល មិនចូលរួម នៅក្នុងរឿងនយោបាយ ប៉ុន្ដែនៅថ្ងៃចន្ទ នេះ បានគូសបញ្ជាក់ អំពីការប្រកាសអាសន្ន ក្រោយការផ្ទុះបាតុកម្មពេញមួយយប់ នៅទូទាំងប្រទេសអ៊ីស្រាអែល។
ការិយាល័យរបស់នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បានបញ្ជាក់ ថា លោក បែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បានបណ្ដេញលោក យ៉ូអាវ ហ្កាលឡានត៍ (Yoav Gallant) រដ្ឋមន្រ្ដីក្រសួងការពារជាតិ ចេញពីតំណែង ក្រោយពេលគាត់និយាយ ប្រឆាំងនឹងផែនការកែប្រែប្រព័ន្ធតុលាការរបស់ប្រទេសអ៊ីស្រាអែល។ លោករដ្ឋមន្រ្ដីក្រសួងការពារជាតិ ជាសមាជិកជាន់ខ្ពស់មួយរូបរបស់គណបក្សលីឃូដ (Likud) ស្ដាំនិយមរបស់លោក ណេតាន់យ៉ាហ៊ូ ហើយបានក្លាយជាមន្រ្ដីដំបូងគេ កាលពីល្ងាចថ្ងៃសៅរ៍ អំពាវនាវឲ្យប្រឆាំងនឹងផែនការការកែប្រែប្រព័ន្ធតុលាការរបស់លោក ណេតាន់យ៉ាហ៊ូ ៕










