ភ្នំពេញ៖ ក្រសួងសាធារណាការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា បង្គោលគីឡូម៉ែត្រ (សម្រាប់ចន្លោះ ១គ.ម) ត្រូវបានដាក់ក្នុងចន្លោះ១គីឡូម៉ែត្រមួយបង្គោល សម្រាប់ផ្តល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវ អំពីចម្ងាយផ្លូវទៅតំបន់សំខាន់ៗខាងមុខ។

ចំណុចលេខ១៖ លេខ 299 ដែលមានបញ្ជាក់នៅលើផ្ទៃក្រហមនេះ មានន័យថាជាបង្គោលគីឡូម៉ែត្រទី 299 ឬបានចម្ងាយប្រវែង 299 គីឡូម៉ែត្រ ដោយរាប់ពីចំណុចចាប់ផ្តើមចេញរាជធានីភ្នំពេញ (ទីតាំងវត្តភ្នំ)។

ចំណុចលេខ២៖ លេខ 5 ដែលមានបញ្ជាក់ក្នុងទ្រង់ទ្រាយរាងដូចនេះ គឺប្រើប្រាស់សម្រាប់កំណត់ប្រភេទផ្លូវជាតិ ដែលនេះមានន័យថា បង្គោលសញ្ញានេះស្ថិតលើផ្លូវជាតិលេខ5។

ចំណុចលេខ៣៖ កកោះ (Kor Koh) 50km ដែលមានបញ្ជាក់នៅលើផ្ទៃពណ៌-ស នេះ បានន័យថានៅចម្ងាយ 50km ទៀតអ្នកនឹងធ្វើដំណើរទៅដល់ឃុំកកោះ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រសួងបានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវមានការអធ្យាស្រ័យខ្ពស់រវាងគ្នា និងគ្នា ដើម្បីឱ្យការធ្វើដំណើររបស់បងប្អូន ទទួលបានភាពងាយស្រួល និងមានសុខសុវត្ថិភាព៕តើអ្នកដឹងទេ ហេតុអ្វីនៅតាមបណ្តាយផ្លូវចេញពីរាជធានីភ្នំពេញទៅខេត្ត តម្រូវឱ្យមាន បង្គោលគីឡូម៉ែត្រ? - ខ្មែរឈានមុខ