រដ្ឋធានីជេរូសាឡឹម (Jerusalem)៖ ក្រោយការកើតជម្លោះដ៏រ៉ាំរ៉ៃ និង ជូរចត់បំផុត អស់រយៈពេលយ៉ាងយូរនោះមក ក្រុមមន្រ្ដីអ៊ីស្រាអែល និង ប៉ាឡេស្ទីន ក៏បានចូលតុចរចា នៅក្នុងប្រទេសហ្សកដានី ហើយភាគីទាំង២ បានឈានដល់កិច្ចព្រមព្រៀងគ្នាមួយ ដើម្បីបញ្ចៀសនូវអំពើហិង្សា ប៉ុន្ដែត្រូវបានក្រុមហាម៉ាស់ ចាត់ទុកថា គ្មានតម្លៃអ្វីទាំងអស់។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ថា បើតាមសេចក្ដីថ្លែងការណ៍មួយ បានបញ្ជាក់ ថា អ៊ីស្រាអែល បានយល់ព្រមបញ្ឈប់នូវការអនុញ្ញាតឲ្យមានការតាំងទីលំនៅ ដោយខុសច្បាប់ នៅតំបន់ West Bank ដែលកាន់កាប់ អស់រយៈពេល៦ខែមកនេះ។ ជាមួយគ្នានេះ ក្រុមមន្រ្ដីប៉ាឡេស្ទីន និង អ៊ីស្រាអែល បានសន្យាអនុវត្តនូវវិធានការ កាត់បន្ថយនូវអំពើហិង្សា ដែលកំពុងកើនឡើង ក្រោយកិច្ចចរចា នៅក្នុងប្រទេសហ្ស៊កដានី។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ នាចុងបញ្ចប់កិច្ចប្រជុំ នៅក្នុងរមណីយដ្ឋានសមុទ្រក្រហម Aqaba (អាកាបា) កាលពីថ្ងៃអាទិត្យ នោះ មន្ត្រីអ៊ីស្រាអែល និង ប៉ាឡេស្ទីន បានបញ្ជាក់ ថា ពួកគេនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា សម្រាប់ការពារនូវអំពើហិង្សាបន្ថែមទៀត ហើយថា ពួកគេ នឹងបញ្ជាក់ឡើងវិញ អំពីភាពចាំបាច់ ចំពោះការប្តេជ្ញាចិត្ត កាត់បន្ថយនូវការកើនឡើងជម្លោះ លើការពង្រីកទឹកដី។ ទន្ទឹមគ្នានេះ អ៊ីស្រាអែល ក៏បានប្តេជ្ញាបញ្ឈប់នូវការពិភាក្សា អំពីការបង្កើតអង្គភាពតាំងទីលំនៅថ្មីណាមួយ សម្រាប់រយៈពេល៤ខែ និង បញ្ឈប់នូវការយល់ព្រម លើការតាំងទីលំនៅថ្មី សម្រាប់រយៈពេល៦។
សេចក្ដីថ្លែងការណ៍រួមនេះ បានកើតឡើង នៅចុងបញ្ចប់កិច្ចប្រជុំមួយ ដោយមានការចូលរួមពីក្រុមមន្រ្ដីសហរដ្ឋអាមេរិក អេហ្ស៊ីប និង ហ្សកដានី ចំពេលមានការព្រួយបារម្ភ អំពីការកើនឡើងនូវអំពីហិង្សា នៅក្នុងបុណ្យរ៉ាម៉ាដាន់ (Ramadan) ដែលនឹងចាប់ផ្ដើម នៅចុងខែមីនា។ ស្របគ្នានេះ អាជ្ញាធរអ៊ីស្រាអែល និង ប៉ាឡេស្ទីន បានសង្កត់ធ្ងន់ ទៅលើការត្រៀមខ្លួនរួមគ្នា និង ការប្តេជ្ញាចិត្ត សម្រាប់ធ្វើការភ្លាមៗ ដើម្បីបញ្ឈប់វិធានការឯកតោភាគី សម្រាប់រយៈពេលចន្លោះពី៣ទៅ៦ខែ។
ប្រទេសហ្សកដានី បានធ្វើជាម្ចាស់ផ្ទះ សម្រាប់ការចរចា រវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីន ដោយមានការចូលរួមពីអេហ្ស៊ីប និង សហរដ្ឋអាមេរិក ហើយបានចាត់ទុកនូវការឈ្វេងយល់ដឹងទាំងនេះ ថា ជាវឌ្ឍនភាពដ៏សំខាន់មួយ ឆ្ពោះទៅរកការបង្កើត និង ការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅឡើងវិញ រវាងភាគីទាំងពីរ។ អ៊ីស្រាអែល និង ប៉ាឡេស្ទីន ក៏បានព្រមព្រៀងជួបគ្នាជាថ្មី នៅខែក្រោយ នៅទីក្រុងឆ្នេរសមុទ្រ Sharm el-Sheikh (សាម អេលស៊េក) ស្ថិតក្នុងប្រទេសអេហ្ស៊ីប។
ដោយឡែក ក្រុមហាម៉ាស់ (Hamas) គ្រប់គ្រងនៅតំបន់ហ្កាហ្សាស្ដ្រីប (Gaza Strip) ដែលហ៊ុមព័ទ្ធ ដោយដែនដីរបស់អ៊ីស៊្រាអែល បានថ្កោលទោសដល់អាជ្ញាធរប៉ាឡេស្ទីន ដែលមានមូលដ្ឋាន នៅ West Bank (វេស្ដបែង) ចំពោះការចូលរួមកិច្ចចរចានេះ។ មន្រ្ដីហាម៉ាស់មួយរូប បានបញ្ជាក់ ថា កិច្ចចរចានេះ គ្មានតម្លៃ ហើយនឹងមិនមានអ្វីផ្លាស់ប្ដូរនោះឡើយ៕











