ប្រទេសអាល្លឺម៉ង់ ៖ លោក Marcel Frattscher ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាល្លឺម៉ង់បានបង្ហាញថា អាល្លឺម៉ង់ទទួលរងការខាតបង់ផ្នែកសេដ្ឋកិច្ចចំនួន១០ម៉ឺនលានយូរ៉ូនៅឆ្នាំ២០២២ កន្លងមក ដោយសារបញ្ហាជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ។ ចំណែកតម្លៃថាមពលនៅអាល្លឺម៉ង់កាលពីឆ្នាំ២០២២ កើនឡើង៣៤,៧% បើធៀបនឹងឆ្នាំ២០២១ រីឯតម្លៃប្រេងបានកើនឡើង៨៧% និងតម្លៃឧស្ម័នកើនឡើង៦៤,៨% ។
លោក Marcel បន្តថា ប្រតិបត្តិការកងទ័ពនៅប្រទេសអ៊ុយក្រែន និងតម្លៃថាមពលកើនឡើង បានធ្វើឱ្យសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ខាតបង់ចំនួន១០ម៉ឺនលានយូរ៉ូ ឬស្មើ២,៥% របស់ផលិតកម្មក្នុងវិស័យសេដ្ឋកិច្ចនៅឆ្នាំ២០២២ ។
ទោះយ៉ាងណា តាំងពីកើតជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនមក ប្រទេសជាច្រើននៅអឺរ៉ុបបានដើរតាមគន្លងរបស់អាមេរិក ដោយដាក់ទណ្ឌកម្មលើរុស្ស៊ីជាច្រើនលើក ប៉ុន្តែវិធានការនេះបានជះត្រឡប់មកកាន់ប្រទេសអឺរ៉ុបវិញ រហូតដល់កើតវិបត្តិថាមពលយ៉ាងខ្លាំង ។
លោក Marcel បន្ថែមថា សេដ្ឋកិច្ចអាល្លឺម៉ង់បានរងផលប៉ះពាល់ខ្លាំងបំផុតដោយសារជម្លោះនៅអ៊ុយក្រែន បើប្រៀបធៀបនឹងប្រទេសអឺរ៉ុបដូចគ្នា ខណៈអាល្លឺម៉ង់ពឹងផ្អែកថាមពលពីរុស្ស៊ីច្រើនជាងប្រទេសផ្សេងទៀត ។
អ្នកជំនាញជាន់ខ្ពស់ប៉ាន់ស្មានថា អាល្លឺម៉ង់នៅតែប្រឈមនឹងការខាតបង់សេដ្ឋកិច្ចជាបន្តបន្ទាប់ជាច្រើនឆ្នាំទៅមុខទៀត បើវិបត្តិថាមពលមិនទាន់បញ្ចប់ ៕
ប្រភព ៖ TNN World










