ព្រះ​សីហ​នុ​, ក្រុង​កោះ​រ៉ុ​ង ៖ ដំណឹង​ពី​ការ​បាត់​ខ្លួន​នារី​ជនជាតិ​អង់គ្លេស​ម្នាក់​លើ​កោះ​រ៉ុ​ង នៅ​តែ​ជា​ប្រធានបទ​ក្តៅ ដែល​មហាជន​ចង់​ដឹង​ពី​ជោគវាសនា​របស់​នាង ក្រោយ​បាត់​ដំណឹង​រយៈពេល​៦​ថ្ងៃ​មក​ហើយ បើ​គិត​មក​ត្រឹម​ថ្ងៃត្រង់​ទី​៣០ ខែតុលា ឆ្នាំ​២០១៩​នេះ ។​

​សម្រាប់​ប្រតិបត្តិការ​ស្វែងរក មន្ត្រី​ក្រុង​កោះ​រ៉ុ​ង​ថ្លែង​អោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​៣០​តុលា​នេះ សមត្ថកិច្ច​បាន​បញ្ជូន​កម្លាំង​អន្តរាគមន៍​ពិសេស​បន្ថែម​ទៀត ជាមួយ​សត្វ​សុនខ ហិតក្លិន បញ្ជូន​ទៅ​កាន់​កោះ​រ៉ុ​ង ដើម្បី​បន្ត​ស្វែងរក​ស្ត្រី​ជនជាតិ​អង់គ្លេស​ឈ្មោះ Amelia Bambridge អាយុ​២១​ឆ្នាំ ដែល​បាត់​ខ្លួន នៅ​លើ​កោះ​រ៉ុ​ង​តាំងពី​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ តុលា មក​ម្ល៉េះ ។​

លោក នួន ប៊ុ​ន​ថុ​ល អភិបាលក្រុង​កោះ​រ៉ុ​ង ក៏​បាន​ថ្លែង​អោយ​ដឹងផង​ដែរ​ថា កាលពី​ម្សិលមិញ​នេះ មាន​ព័ត៌មាន​មួយ បាន​ចុះ​ផ្សាយ​ថា​«​ស្ត្រី​ជនជាតិ​អង់គ្លេស​ដែល​បាត់​ខ្លួន មាន​គេ​បាន​ប្រទះ​ឃើញ​សព​អណ្ដែត​ទឹក​នៅ​ជិត​កោះ​ស្ដេច​»​នោះ គឺជា​ដំណឹង​មិន​ពិត​ទេ ព្រោះថា កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវទឹក រួម​ជាមួយ​លោក​ឧកញ៉ា​ទៀ វិចិត្រ ក៍បាន​ចុះ​ផ្ទាល់​ផង​ដែរ សហការ​ជាមួយ​កម្លាំង​ចេញ​ស្វែងរក​នាង នៅ​លើ​លម្ហ​សមុទ្រ ដោយ​រក​ឆ្ងាយ​ពី​ឆ្នេរ​កោះ ទៅ​កាន់​តំបន់​កោះ​ស្តេច ​កោះ​ស្មាច់ និង​តំបន់​ឆ្ងាយ​ៗធ្លាយ​​ដល់​ក្បែរ​កោះកុង​ថែម​ទៀត នៅ​តែ​មិនឃើញ​ដដែល​ទេ ។​

​លោក​អភិបាលក្រុង​កោះ​រ៉ុ​ង បន្ថែម​ថា ទោះជា​យ៉ាងណា​នៅ​ព្រឹក​ថ្ងៃនេះ ការ​ស្វែងរក​ស្ត្រី​ជនជាតិ​អង់គ្លេស​ដែល​បាត់​ខ្លួន សមត្ថកិច្ច​យើង និង​ក្រុម​អ្នក​ស្ម័គ្រចិត្ត​នៅ​តែ​ធ្វើ​បន្ត ហើយ​ដំណឹង​ពី​ជោគវាសនា​របស់​ស្ត្រី​ជនជាតិ​អង់គ្លេស​រូប​នោះ មិន​ទាន់​ទទួល​បាន​នៅឡើយ ។ លោក​បន្ត​ថា ក្រៅពី​ការ​ស្វែងរក​មនុស្ស ការ​ស្រាវជ្រាវ​ផ្សេង​ៗ កម្លាំង​ក៍​កំពុង​ធ្វើ​ដែរ​ពី​សមត្ថកិច្ច​ជំនាញ ដើម្បី​រក​ប្រភព និង​ដើមហេតុ​ដែល​នាំ​ទៅ​ដល់​ការ​បាត់​ខ្លួន​នេះ ។​

សូមជម្រាបថា ឧកញ៉ា​ទៀ វិចិត្រ ស្ម័គ្រចិត្ត​ចូលរួម​ស្វែងរក​នារី​អង់គ្លេស​បាត់​ខ្លួន​លើ​កោះ​រ៉ុ​ង
សូម​រម្លឹកថា កាមេរ៉ា​សុវត្ថិភាពថត​បាន មុន​ពេល​នារី​ជនជាតិ​អង់គ្លេសម្នាក់បាត់​ខ្លួន​នៅ​លើ​កោះ​រ៉ុ​ង ។
និង ឃើញ​តែ​កាបូប​របស់​ស្ត្រី​អង់គ្លេស​លើ​ផ្ទាំង​ថ្ម អាជ្ញាធរ​បន្ត​ស្វែងរក ៤​ថ្ងៃ​ហើយ​គ្មាន​ដំណឹង