មុនក្បាលខ្មៅគឺជាប្រភេទមុនដែលភាគច្រើនតែងកើតឡើងនៅលើមុខ ជាពិសេសគឺនៅលើច្រមុះ និងគែមច្រមុះដែលជាតំបន់មានខ្លាញ់ច្រើន។ មុននេះមិនធ្វើឱ្យរលាក មិនបង្កការឈឺចាប់ ឬឡើងក្រហមដូចជាមុនដទៃផ្សេងទេ ប៉ុន្តែការច្របាច់ក្បាលខ្មៅនៅលើមុននេះនឹងធ្វើឱ្យស្ថានភាពរបស់អ្នកកាន់តែធ្ងន់ធ្ងរ។ ដូច្នេះតើហេតុអ្វីបានជាយើងមានមុនក្បាលខ្មៅ? ហើយយើងអាចកម្ចាត់វាបានតាមវិធីណាខ្លះ?
មូលហេតុដែលយើងមានមុនក្បាលខ្មៅគឺវាកើតឡើងដោយសារការស្ទះធូលីដី ខ្លាញ់ កោសិកាស្បែកងាប់ៗ បាក់តេរី ឬមានគ្រឿងសម្អាងនៅក្នុងរន្ធញើសច្រើនកកកុញពេក។ ដោយសាររន្ធញើសបើកចំហ ពេលត្រូវខ្យល់ កម្ទេចធូលីទាំងនេះមានប្រតិកម្មអុកស៊ីត ហើយប្រែពណ៌ទៅជាពណ៌ខ្មៅ។
ហេតុនេះដើម្បីព្យាបាលមុនក្បាលខ្មៅយើងគួរអនុវត្តវិធីដូចខាងក្រោម៖
១.ប្រើថ្នាំដុសធ្មេញ៖ បន្ទាប់ពីលាងមុខជាមួយទឹកក្តៅឧណ្ហៗរួច យកថ្នាំដុសធ្មេញមកលាបលើច្រាសទន់ៗ ហើយលាបលើកន្លែងដែលមានមុនក្បាលខ្មៅ ប្រហែល ២-៣ នាទី រួចទុកចោលប្រហែល ១០-១៥ នាទី បន្ទាប់មកលាងមុខដោយទឹកស្អាតជាការស្រេច។
២.ប្រើទឹកឃ្មុំ៖ ទឹកឃ្មុំមានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគ និងប្រឆាំងអុកស៊ីតកម្ម ជួយព្យាបាលមុនក្បាលខ្មៅយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះអ្នកត្រូវយកទឹកឃ្មុំសុទ្ធលាបលើមុនក្បាលខ្មៅពីរបីនាទី រួចទុកចោលប្រហែល ១០ នាទីបន្ទាប់មកលាងជម្រះយ៉ាងហ្មត់ចត់ជាមួយទឹកក្តៅឧណ្ឌៗជាការស្រេច។
៣.ប្រើម្សៅ Baking Soda៖ លាយម្សៅ Baking Soda ជាមួយទឹកក្នុងសមាមាត្រ ១:១ កូរឱ្យបានល្អ បន្ទាប់មកជូតលើច្រមុះរបស់អ្នក ឬកន្លែងផ្សេងទៀតនៃស្បែកដែលមានមុនក្បាលខ្មៅ ទុកវាឱ្យស្ងួតរយៈពេល ១៥ នាទីរួចលាងជាមួយទឹកក្តៅឧណ្ហៗជាការស្រេច។
គួរបញ្ជាក់ដែរថា ដើម្បីសម្អាតមុនក្បាលខ្មៅ អ្នកគួរតែខាត់ស្បែករបស់អ្នកម្តងក្នុងមួយសប្តាហ៍ ហើយលាបម៉ាសដែលផ្តល់សំណើមពីរដងក្នុងមួយសប្តាហ៍ ដើម្បីផ្តល់សំណើមចាំបាច់ដល់ស្បែករបស់អ្នក កាត់បន្ថយជាតិប្រេង និងកាត់បន្ថយមុនក្បាលខ្មៅ។ អ្នកគួររក្សារបបអាហារដែលមានសុខភាពល្អ បន្ថែមផ្លែឈើ និងបន្លែស្រស់ទៅក្នុងបញ្ជីមុខម្ហូបរបស់អ្នក ហើយផឹកទឹក ២-២,៥ លីត្រក្នុងមួយថ្ងៃ។ ទោះយ៉ាងណាក៏ដោយមុនក្បាលខ្មៅអាចកើតឡើងវិញ ប្រសិនបើអ្នកមិនមើលថែសម្រស់ដិតដល់ មិនថាអ្នកប្រើវិធីណាដើម្បីព្យាបាលមុនក្បាលខ្មៅនោះទេ វាត្រូវតែផ្សំជាមួយនឹងវិធានការថែរក្សាស្បែកដែលសមស្រប៕










