ព្រះ​សីហ​នុ​, ក្រុង​កោះ​រ៉ុ​ង ៖ រយៈពេល​៥​ថ្ងៃ​ហើយ ប្រតិបត្តិការ​ស្វែងរក​ស្ត្រី​ជនជាតិ​អង់គ្លេស​ឈ្មោះ AMELIA LOUISE អាយុ​២១​ឆ្នាំ ដែល​បាត់​ខ្លួន​នៅ​កោះ​រ៉ុ​ង គិត​មក​ត្រឹមម៉ោង៧​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៩​នេះ នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ ។​

​អាជ្ញាធរ​ក្រុង​កោះ​រ៉ុ​ង និង​សមត្ថកិច្ច​បាន​រួម​គ្នា​ប្រើប្រាស់​កម្លាំង​ជាង​២០០​នាក់ រហូត​ប្រើ​សុនខ​ទៀត តាម​រក​នៅ​តាម​ទីតាំង​ផ្សេង​ៗ តាម​ដងព្រៃ​ភ្នំ ដងព្រែក តាម​ឆ្នេរ​ខ្សាច់ ឆ្នេរ​ថ្ម នៅ​តាម​កន្លែង​ស្នាក់​នៅ​នានា នៅ​លើ​កោះ​រ៉ុ​ង ក្នុង​នោះ​មានការ​ប្រើប្រាស់​កាមេរ៉ា​ថត​ពីលើ​អាកាស និង​កន្លែង​ដែល​នារី​នោះ​បាន​ទៅ​លេង​រួម​ទាំង​ក្រុម​មុជទឹក (diving) អម​ជាមួយ​ឧបករណ៍ និង​ទូក​នេសាទ​ផង ធ្វើ​យ៉ាងណា​រក​នាង​អោយ​អស់​លទ្ធភាព ។​

​បើ​តាម​មន្ត្រី​ម្នាក់ ដែល​ស្ថិត​ក្នុង​កម្លាំង​ចម្រុះ​ចូលរួម​ប្រតិបត្តិការ​ស្វែង​រង​នារី​រង​គ្រោះ បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើងអោយ​ដឹង​ថា នារី​ដែល​បាត់​ខ្លួន​មានឈ្មោះ AMELIA LOUISE កើត​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​១៩៩៨ សញ្ជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ ៥៣១៨៩០៨៣៣ ។ បាន​ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រក​បា​វិត ខេត្តស្វាយរៀង អំឡុង​ថ្ងៃ​ទី​១៥ រឺ​ក៏​ទី​១៦ ខែតុលា ដោយ​ធ្វើ​ដំណើរ​ចេញពី​វៀតណាម ដោយសារ​ឪពុក​របស់​នាង​ធ្វើការ​នៅ​ទីនោះ​។​

​ពេល​មក​ដល់​ភ្នំពេញ នាង​បាន​សម្រាក​នៅ​សណ្ឋាគារ​ជាមួយ​មិត្ត​ស្រី​ម្នាក់​ទៀត ដែល​ចេញពី​វៀតណាម ហើយ​ថ្ងៃ​ទី​១៩ បាន​ធ្វើ​ដំណើរ​មក​ដល់​ខេត្ត​ព្រះ​សីហ​នុ លុះ​ល្ងាច​ឡើង​ពួក​គេ​ទាំង​ពីរ​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​កោះ​រ៉ុ​ង ពេល​ឡើង​លើ​ទូក​បាន​ស្គាល់​មិត្តភក្តិ​ស្រី​ប្រុស​ថ្មី ៦​នាក់​ផ្សេង​ទៀត ក្នុង​នោះ​ប្រុស​៣​នាក់ រួច​ពួក​គេ​ពេល​ទៅ​ដល់​កោះ​រ៉ុ​ង បាន​រៀបចំ​ពិធីជប់លៀង​មួយ ដែល​មានឈ្មោះ​ថា «​ចាំ​មើល ថ្ងៃ​រះ​» ដោយ​ចាប់ពី​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​៩​ព្រឹក លើ​កោះ​រ៉ុ​ង​សន្លឹម ។​

​ពេល​ចេញពី​ក្រុងព្រះសីហនុ ឆ្ពោះទៅ​គោលដៅ​ក្រុង​កោះ​រ៉ុ​ង នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៩ មក​ដល់​កោះ​រ៉ុ​ង​នៅ​ម៉ោង​៦​ល្ងាច ។ នាង​បាន​ចូល​ស្នាក់​នៅផ្ទះ​សំណាក់ Ness Beach បន្ទប់​លេខ​១ គ្រែ​លេខ​៥ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កោះ​តូច សង្កាត់​កោះ​រ៉ុ​ង​សន្លឹម នៅ​ម៉ោង​៨ និង​១៥​នាទី​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ។ មុន​បាត់​ខ្លូ​ន គេ​បាន​ប្រទះ​ឃើញ​នារី​នោះ​លើក​ចុង​ក្រោយ ដែល​ថត​បាន​ដោយ​កា​ម៉េ​រ៉ា​សុវត្ថិភាព​ពី​ហាង​មួយ នៅ​ម៉ោង​៣​និង​៣០​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩ ។​

​ស្របគ្នា​ទៅ​ហ្នឹង វី​ដេ​អូ​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​នាង ដែល​ថត​ពី​ពិធីជប់លៀង​នោះ​នៅ​ម៉ោង​០៣​និង​២៣​នាទី​  ដែល​អាជ្ញាធរ​រក​ឃើញ​ជាមួយ​កាបូបស្ពាយ​តូច​មួយ នៅ​លើ​ថ្ម ជាប់​ឆ្នេរ កន្លែង​ដែល​នាង​អង្គុយ​កំឡុង​ពេល​នៃ​ពិធីជប់លៀង​នៅ​ឆ្នេរ​កោះ​រ៉ុ​ង​នោះ Police Beach ។ ប៉ុន្តែ​កាបូបដៃ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នោះ ខាងក្នុង​មាន​កាបូប​លុយ ទូរស័ព្ទ និង​កាត​ធនាគារ ខណៈ​លិខិតឆ្លងដែន​របស់​នាង ស្ថិត​នៅ​ក្នុង​កន្លែង​ស្នាក់​នៅ ។ សូម​ជម្រាប​ថា ភោជនីយដ្ឋាន​ឈ្មោះ Police Beach និង​កន្លែង​ស្នាក់​នៅ​របស់​នាង មាន​ចម្ងាយ​ពី​គ្នា​ប្រហែល​១​គីឡូម៉ែត្រ ។ ក្រោយ​ពេល​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​ចាក​ចេញពី​ពិធីជប់លៀង​ត្រឡប់​ទៅ​កាន់​កន្លែង​នៅ​របស់​នាង​វិញ ក៏​បាត់​ដំណឹង​តែ​ម្តង ។​

​ចំណែកឯ​យុវជន​ជនជាតិ​បរទេស​ម្នាក់​ឈ្មោះ Ryan Harris អាយុ​១៨​ឆ្នាំ ដែល​អះអាង​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​បាន​ស្គាល់គ្នា ជាមួយ​នារី​រង​គ្រោះ រូបគេ​ធ្លាប់​បាន​ជួប​គ្នា​នៅ​ទីក្រុង​ភ្នំពេញ និង​បាន​ធ្វើ​ដំណើរ​តាម​ទូក​រួម​គ្នា​ទៅ​លេង​កោះ​រ៉ុ​ង ពេល​ធ្វើ​ដំណើរ​មក​ជាមួយ​គ្នា រូបគេ​បាន​ជួប​ជាមួយ​មនុស្ស​២-៣​នាក់​ផ្សេង​ទៀត ប៉ុន្តែ រូបគេ​បាន​ធ្វើ​ដំណើរ​ទៅ​ស្នាក់​នៅ លើ​កោះ​ផ្សេង​ទៀត នៅ​ជាប់​គ្នា​ជាមួយ​កោះ​រ៉ុ​ង​ដែរ រីឯ​នាង AMELIA បាន​ស្នាក់​នៅ​ជាមួយ​ក្មេង​ស្រី​ម្នាក់ ដែល​បាន​ស្គាល់​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ទូក​ជាមួយ​គ្នា លុះ​ក្រោយមក​រូបគេ​ក៏​ទទួល​បាន​ដំណឹង​ថា នាង​បាត់​ខ្លួន​ទៅ​វិញ ។​

​ដោយឡែក តាម​រយៈ​សារព័ត៌មាន​បរទេស “Sky News” បាន​បង្ហាញ​នៅ​វី​ដេ​អូ​មួយ មុន​ពេល AMELIA LOUISE បាន​បាត់​ខ្លួន ។ បើ​តាម​រយៈ​វី​ដេ​អូ​បាន​បង្ហាញ​ថា AMELIA LOUISE មាន​ស្នាមញញឹម​ធម្មតា​ជាមួយ​មិត្តភក្តិ នៅ​ពេល​ដែល​នាង​បាន​ដើរ​ជាមួយ​មិត្តភក្តិ ទៅ​ចូលរួម​ក្នុង​កម្មវិធី​ជំ​លៀង​នៅ​ម៉ោង​២ រំលង​អាធា​ត្រ ក្រោយមក​នាង​ក៏​បាត់​ដំណឹង​ទៅ ។​

​ឪពុក​របស់​នាង AMELIA ជឿ​ថា នាង​ប្រាកដជា​វង្វេង​នៅ​ក្នុង​ព្រៃ​នេះឯង បើ​មិន​ចឹ​ង​ទេ ប្រាកដជា​ត្រូវ​គេ​ចាប់ជំរិត​ហើយ ឪពុក​នាង AMELIA អះអាង​ថា បើសិនជា​មាន​គ្រោះថ្នាក់​មែន នៅ​ពេល​នេះ ច្បាស់​ណាស់​សមត្ថកិច្ច​ប្រាកដជា​រក​នាង​ឃើញ​ហើយ ។​

​ប្អូនស្រី​របស់ Amelia ឈ្មោះ Georgie Bambridge បាន​ថ្លែងប្រាប់​សារព័ត៌មាន BBC ថា បងស្រី​របស់​នាង គឺជា​មនុស្ស​ម្នាក់​ដែល​មាន​ស្មារតី​រឹង​មាំ ហើយ​នាង​តែង​ផ្ញើ​សារ​គ្រប់ពេល​ទៅ​គ្រួសារ នៅ​ពេល​ដែល​ទូរ​សព្ទ័​នាង​មាន​អ៊ី​ន​ធើ​ណេ​ត Wifi ។ នាង Georgie ក៏​បាន​សរសេរ​បង្ហោះ​តាម Twitter ដោយ​បង្ហាញ​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​បាត់​ខ្លួន​បងស្រី​របស់​នាង និង​បាន​អះអាង​ថា Amelia គឺ​មាន​ស្នាម​សាក់​រូប​សត្វ​គោ នៅ​កំភួនដៃ និង​មាន​ស្នាម​សាក់​រូប​សត្វ​ឆ្មា នៅ​លើ​ជើង ។​

​បើ​តាម​ការ​អះអាង​របស់​ក្រុម​រុករក ដែល​បែងចែក​ជា​២​ក្រុម​ធំ​ៗ គឺ​តាម​គោក និង​តាម​ទឹក បាន​ដាក់​ការ​សង្ស័យ​អំពី​ការ​បាត់​ខ្លួន​របស់​នារី​រង​គ្រោះជា​ជំហាន​ដំបូង​ថា អាច​ដោយសារ​នាង​ដើរ​វង្វេងផ្លូវ​ក្នុង​ព្រៃ​នៅ​លើ​កោះ ឬ​ក៏​អាច​លង់ទឹក​សមុទ្រ ព្រោះ​នាឡិកា​និង​កាបូបដៃ គឺ​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ថ្ម​មាត់​ឆ្នេរ ៕

សូមរម្លឹកថា ឃើញ​តែ​កាបូប​របស់​ស្ត្រី​អង់គ្លេស​លើ​ផ្ទាំង​ថ្ម អាជ្ញាធរ​បន្ត​ស្វែងរក ៤​ថ្ងៃ​ហើយ​គ្មាន​ដំណឹង