រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តផែនការគ្រោងចំណាយថវិកាជាតិប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៧,៨៥% នៃផលិតផលសរុបក្នុងស្រុក (ផ.ស.ស) ទៅលើវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់រយៈពេល ៣ឆ្នាំខាងមុខ គឺចាប់ពីឆ្នាំ២០២៧-២០២៩។
.jpg)
យោងតាម «សារាចរស្តីពីការរៀបចំផែនការថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង» ដែលចុះហត្ថលេខាផ្ទាល់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលក្នុងការបង្កើនកញ្ចប់ថវិកាយោធា។ នៅក្នុងរបាយការណ៍នោះ រដ្ឋាភិបាលគ្រោងនឹងបែងចែកថវិកាជាង ២ពាន់លានដុល្លារ សម្រាប់តែវិស័យការពារជាតិ (យោធា) តែមួយគត់ ដោយបំបែកជា៖ ប្រមាណ ៩០០លានដុល្លារក្នុងឆ្នាំ២០២៧, ៧៩០លានដុល្លារក្នុងឆ្នាំ២០២៨ និង ៨០០លានដុល្លារក្នុងឆ្នាំ២០២៩។
.jpg)
នៅក្នុងខ្លឹមសារសារាចរណែនាំជាយុទ្ធសាស្ត្រនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ និងបញ្ជាក់យ៉ាងច្បាស់ពីទិសដៅចម្បងនៃការបង្កើនចំណាយលើវិស័យនេះថា៖ «ការគ្រោងថវិកាក្នុងទំហំដ៏ច្រើនសន្ធឹកសន្ធាប់លើវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនេះ គឺសំដៅបន្តពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី សន្តិសុខ និងសុវត្ថិភាពសង្គម។ ជាមួយគ្នានោះ រដ្ឋភិបាលនឹងយកចិត្តទុកដាក់ខ្ពស់លើជីវភាព និងសុខុមាលភាពរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងការគ្រប់គ្រង ថែទាំយុទ្ធោបករណ៍ និងសម្ភារៈបច្ចេកទេស និងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យព្រំដែន»។

ទន្ទឹមនឹងការប្រកាសផែនការថវិកានេះ ខាងមន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានពន្យល់បន្ថែមផងដែរថា ទោះបីជាវិស័យការពារជាតិ និងសន្តិសុខទទួលបានកញ្ចប់ថវិកាកើនឡើងក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែមិនរំលងវិស័យអាទិភាពសង្គមកិច្ចឡើយ។ បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ៖ «សម្រាប់ឆ្នាំ២០២៧ វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានគ្រោងចំណាយប្រមាណ ២,៧១% នៃ ផ.ស.ស.។ ខណៈដែល វិស័យសង្គមកិច្ច (រួមមាន អប់រំ និងសុខាភិបាល) នៅតែជាអាទិភាពទី១ ដោយទទួលបានការគ្រោងចំណាយរហូតដល់ ៤,៨២% នៃ ផ.ស.ស. ដើម្បីធានាបាននូវតុល្យភាពរវាងការអភិវឌ្ឍធនធានមនុស្ស និងការការពារស្ថិរភាពជាតិ»។

ឆ្លើយតបនឹងការដាក់ចេញនូវយុទ្ធសាស្ត្រហិរញ្ញវត្ថុថ្មីនេះ សាធារណជនទូទៅ និងអ្នកវិភាគសេដ្ឋកិច្ចបានបង្ហាញការយល់ឃើញថា ការវិនិយោគទៅលើវិស័យសន្តិសុខ និងការពារជាតិ គឺជាគ្រឹះមិនអាចខ្វះបានឡើយ ព្រោះសេដ្ឋកិច្ចជាតិ និងការវិនិយោគពីបរទេសអាចរីកចម្រើនទៅមុខបាន លុះត្រាតែប្រទេសជាតិមានសន្តិភាព និងស្ថិរភាពពេញលេញទាំងនៅតាមខ្សែបន្ទាត់ព្រំដែន និងផ្ទៃក្នុងសង្គម៕
Home ព័ត៌មានជាតិ រដ្ឋាភិបាលកម្ពុជា គ្រោងដកកញ្ចប់ថវិកាជាតិជាង ៤ពាន់លានដុល្លារ ដើម្បីពង្រឹងវិស័យការពារជាតិ









