ញូវយ៉ក៖ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានបកស្បែកមុខរបស់យោធាថៃកណ្តាលទីស្នាក់ការអង្គការសហប្រជាជាតិ។ នេះជាការបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ជាថ្មីម្តងទៀតថា កម្ពុជានឹងមិននៅស្ងៀមឡើយចំពោះការរំលោ.ភបំពានណាមួយលើបូរណភាពទឹកដី និងអាយុជីវិតប្រជាពលរដ្ឋខ្លួន នៅចំពោះមុខឆាកអន្តរជាតិ។

ការលាតត្រដាងការពិតដ៏មានឥទ្ធិពលនេះ បានធ្វើឡើងដោយ លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រជុំពិភាក្សាដេញដោលជាសាធារណៈរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពី «ការការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ» នៅទីស្នាក់ការកណ្តាល UN នាទីក្រុងញូវយ៉ក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
.jpg)
នៅក្នុងថ្លែងការណ៍ដ៏មានទម្ងន់នោះ តំណាងកម្ពុជាបានលាតត្រដាងយ៉ាងលម្អិតនូវទិន្នន័យ និងផលវិបាកនៃការប្រើប្រាស់កម្លាំងយោធាឈ្លានពានរបស់ថៃកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ (IHL)។ សកម្មភាពយោធាបង្កហេតុរបស់ភាគីថៃនាពេលនោះ បានបង្ខំឱ្យជនស៊ីវិលស្លូតត្រង់កម្ពុជារហូតដល់ទៅជាង ៦៤៩,០០០នាក់ ត្រូវបោះបង់ចោលផ្ទះសម្បែង រត់ភៀសសឹកទាំងក្តីរន្ធត់ និងការព្រួយបារម្ភពីអាយុជីវិត ព្រមទាំងបង្កការបំផ្លិចបំផ្លាញដល់លំនៅដ្ឋាន សាលារៀន និងរាលដាលដល់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារថែមទៀតផង។
.jpg)
នៅក្នុងចំណុចដ៏សំខាន់ និងធ្ងន់បំផុតនៃសេចក្តីថ្លែងការណ៍ចំពោះមុខសហគមន៍អន្តរជាតិ លោក កែវ ឈា បានគូសបញ្ជាក់ និងដាស់តឿនសមាជិកក្រុមប្រឹក្សាសន្តិសុខ UN ចំៗថា៖ «ក្នុងនាមជាប្រទេសមួយដែលធ្លាប់បានឆ្លងកាត់ការឈឺចាប់រាប់ទសវត្សរ៍ដោយសារសង្គ្រាមស៊ីវិល កម្ពុជាយល់ច្បាស់ពីផលប៉ះពាល់ដ៏បំផ្លិចបំផ្លាញនៃជម្លោះប្រដាប់អាវុធមកលើជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ។ យើងសូមអំពាវនាវយ៉ាងទទូចដល់គ្រប់ភាគីជម្លោះទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិ ដើម្បីធានាការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយគ្មានការលើកលែងឡើយ»។.jpg)
ទន្ទឹមនឹងនេះ តំណាងកម្ពុជាក៏បានសម្តែងការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរាល់ការវាយប្រហារដោយចេតនា និងអមនុស្សធម៌ទៅលើជនស៊ីវិល និងទីតាំងវប្បធម៌នានាពីសំណាក់យោធាថៃ។ ការឡើងថ្លែងការណ៍ដ៏ក្លាហានរបស់តំណាងកម្ពុជានៅលើឆាកអន្តរជាតិដ៏ធំមួយនេះ មិនត្រឹមតែជាការទាមទារយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរជូនពលរដ្ឋរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែជាការបើកកកាយឱ្យពិភពលោកបានឃើញពីតថភាពពិតនៃទង្វើឈ្លានពាន ដើម្បីកុំឱ្យប្រវត្តិសាស្ត្រច្រំដែល និងការពារសិទ្ធិរស់រានមានជីវិតរបស់មនុស្សជាតិទាំងមូល៕










