អាជ្ញាធរទីក្រុង Amsterdam ប្រទេសហូឡង់ បានអនុវត្តច្បាប់ហាមឃាត់ការផ្សាយពាណិជ្ជកម្មសាច់សត្វ និងផលិតផលមានកាបូនខ្ពស់នៅទីសាធារណៈ ដែលច្បាប់នេះចូលជាធរមានតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ។ ច្បាប់នេះធ្វើឱ្យការផ្សាយពាណិជ្ជកម្មសាច់គោ ជ្រូក មាន់ និងត្រី នៅតាមផ្ទាំងប៉ាណូធំៗ, ស្ថានីយរថភ្លើងក្រោមដី, កន្លែងរង់ចាំជិះរថយន្តក្រុង ,នាវា និងលើយន្តហោះ ត្រូវបានដកចេញទាំងអស់ ។
.jpg)
អាជ្ញាធរទីក្រុង Amsterdam បានកំណត់គោលដៅកាត់បន្ថយការបំភាយកាបូនក្នុងទីក្រុងត្រឹមឆ្នាំ២០៥០ និងផ្លាស់ប្តូរទម្លាប់ការបរិភោគអាហារប៉ះពាល់បរិស្ថាន ដោយលើកទឹកចិត្តឱ្យពលរដ្ឋបន្ថយការបរិភោគសាច់សត្វ ឱ្យបានពាក់កណ្តាល (៥០%) និងងាកមកបរិភោគអាហារប្រូតេអ៊ីនពីបន្លែធម្មជាតិជំនួសវិញ ស្មើ៦០% ត្រឹមឆ្នាំ២០៣០ ដើម្បីល្អសម្រាប់សុខភាព និងបរិស្ថាន ។ អាជ្ញាធរពន្យល់ពលរដ្ឋថា ការបរិភោគសាច់សត្វ មិនត្រឹមតែមិនល្អសម្រាប់សុខភាពនោះទេ គឺវាប៉ះពាល់បរិស្ថានផងដែរ ។
ទោះយ៉ាងណា ច្បាប់នេះមិនគ្របដណ្តប់លើការផ្សាយពាណិជ្ជកម្មសាច់សត្វតាមប្រព័ន្ធអ៊ីនធើរណេត (Online) ឬការផ្សាយពាណិជ្ជកម្មតូចតាចតាមភោជនីយដ្ឋានឯកជននោះទេ ដែលធ្វើឱ្យពលរដ្ឋហូឡង់នៅតែអាចបរិភោគសាច់សត្វនៅតាមទីកន្លែងទាំងនេះ ។
ចំណែកសមាគមសាច់សត្វនៅហូឡង់ បានបង្ហាញការមិនពេញចិត្តពីការបង្កើតច្បាប់នេះ ដែលរឹតបន្តឹងសេរីភាពផ្សាយពាណិជ្ជកម្ម និងការបរិភោគអាហាររបស់ពលរដ្ឋ ដោយសមាគមបញ្ជាក់ថា សាច់សត្វ គឺជាអាហារមានសារធាតុចិញ្ចឹម គួរឱ្យដាក់លក់តាមផ្សារឱ្យពលរដ្ឋទិញបរិភោគ ។ ដូចគ្នានេះ សមាគមទេសចរណ៍ក៏មិនពេញចិត្តដែរ និងបារម្ភពីការបាត់បង់ចំណូលពីការផ្សាយពាណិជ្ជកម្មសាច់សត្វ ធ្វើឱ្យរដ្ឋាភិបាលហូឡង់គ្មានថវិកាជួសជុលហេដ្ឋារចនាសម្ព័ន្ធ ។

សូមរំឭកថា មុនពេលទីក្រុង Amsterdam សម្រេចចិត្តអនុវត្តច្បាប់ហាមផ្សាយពាណិជ្ជកម្មសាច់សត្វ ទីក្រុង Haarlem របស់ហូឡង់ ក៏ធ្លាប់បានអនុវត្តច្បាប់នេះរួចមកហើយដែរកាលពីឆ្នាំ២០២២ ខណៈទីក្រុងជាច្រើនទៀតរបស់ហូឡង់ កំពុងតែមានគម្រោងអនុវត្តដូចគ្នា ៕










