Home ព័ត៌មានអន្តរជាតិ ស្ថានទូតចិនដាស់តឿនពលរដ្ឋខ្លួន បន្ទាប់ពីសមត្ថកិច្ចថៃចាប់ជំរិតទារប្រាក់ពលរដ្ឋចិននៅខេត្តស្រះកែវ

ស្ថានទូតចិនដាស់តឿនពលរដ្ឋខ្លួន បន្ទាប់ពីសមត្ថកិច្ចថៃចាប់ជំរិតទារប្រាក់ពលរដ្ឋចិននៅខេត្តស្រះកែវ

105
0

បាងកក៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ស្ថានទូតចិនប្រចាំទីក្រុងបាងកក បានចេញសេចក្តីថ្លែងការណ៍បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងដាស់តឿនឱ្យពលរដ្ឋរបស់ខ្លួនបង្កើនការប្រុងប្រយ័ត្នសុវត្ថិភាពខ្ពស់ បន្ទាប់ពីកើតហេតុការណ៍សមត្ថកិច្ចថៃ ៤នាក់ រួមគំនិតជាមួយជនស៊ីវិលម្នាក់ ចាប់បង្ខាំងពលរដ្ឋចិន ៥នាក់ នៅក្នុងផ្ទះមួយកន្លែងនៅស្រុកវាំងសាំប៊ូន ខេត្តស្រះកែវ កាលពីថ្ងៃទី១៦ ខែឧសភា កន្លងទៅ ដើម្បីជំរិតទារប្រាក់ម្នាក់ ១ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែង ក្រោមលេស «ចូលប្រទេសថៃខុសច្បាប់»។

អ្នកនាំពាក្យស្ថានទូតចិនបានគូសបញ្ជាក់ថា ស្ថានទូតបានទាក់ទងទៅកាន់អាជ្ញាធរថៃភ្លាមៗ ដើម្បីសាកសួរព័ត៌មានលម្អិត ព្រមទាំងស្នើឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ យុត្តិធម៌ និងមានតម្លាភាព ដើម្បីនាំជនល្មើសទាំងអស់មកផ្តន្ទាទោសតាមច្បាប់។ប្រទេសចិនរំពឹងថា ថៃនឹងពង្រឹងការអនុវត្តច្បាប់ និងរក្សាសន្តិសុខឱ្យបានល្អ ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិ និងសិទ្ធិស្របច្បាប់របស់ពលរដ្ឋចិន ដែលវានឹងជួយរក្សាបរិយាកាសល្អសម្រាប់ការធ្វើដំណើរ និងលើកកម្ពស់កិច្ចសហការមិត្តភាពរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ ស្ថានទូតចិនក៏បានព្រមានពលរដ្ឋខ្លួនកុំឱ្យចាញ់បោកការផ្សព្វផ្សាយតាមអនឡាញ ដែលសន្យាផ្តល់ការងារងាយស្រួល ប្រាក់ខែខ្ពស់ និងចេញថ្លៃធ្វើដំណើរ-ស្នាក់នៅមិនគិតថ្លៃនៅប្រទេសថៃ ព្រោះនេះជាល្បិចបោកប្រាស់ដើម្បីបង្ខាំងមនុស្សខុសច្បាប់ ឬជួញដូរមនុស្ស។ សម្រាប់ពលរដ្ឋចិនដែលកំពុងស្នាក់នៅ ឬមានគម្រោងធ្វើដំណើរទៅប្រទេសថៃ ត្រូវគោរពច្បាប់របស់ថៃឱ្យបានម៉ឺងម៉ាត់ និងត្រូវរាយការណ៍ទៅសមត្ថកិច្ច ឬទាក់ទងមកស្ថានទូត/ស្ថានកុងស៊ុលចិនភ្លាមៗ ប្រសិនបើជួបហេតុការណ៍អាសន្ន។

គួរបញ្ជាក់ថា បច្ចុប្បន្ន សមត្ថកិច្ចថៃទាំង ៤នាក់ និងជនស៊ីវិលម្នាក់ ត្រូវបានឃាត់ខ្លួនពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ការជំរិតទារប្រាក់ បង្ខាំងមនុស្សខុសច្បាប់ និងប្រើប្រាស់អំណាចហួសព្រំដែន។ ហេតុការណ៍នេះបានបង្កឱ្យមានការបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់ដល់ទំនាក់ទំនងចិន-ថៃ ជាពិសេស វិស័យសេដ្ឋកិច្ច និងទំនុកចិត្តលើវិស័យទេសចរណ៍៕