ចិនបានផ្អាកនាំចូល និងដាក់ក្រុមហ៊ុនកែច្នៃសាច់មាន់ និងជើងមាន់ថៃ ចំនួន១៧ក្រុមហ៊ុនចូលក្នុង «បញ្ជីខ្មៅ» ដោយសារក្រុមហ៊ុនមិនអនុវត្តតាមស្តង់ដារអនាម័យតឹងរ៉ឹងកំណត់ដោយចិន, លួ.ចនាំចូលសាច់មាន់ និងជើងមាន់ពីប្រទេសផ្សេងដែលចិនហាមឃាត់ (ប្រទេសផ្ទុះជំងឺផ្តាសាយបក្សី) រួចបន្លំជាអាហារថៃនាំចេញទៅចិន, ផលិតកម្មខុសប្រក្រតី និងប្រើប្រាស់ឯកសារ ឬអាជ្ញាប័ណ្ណនាំចេញមិនត្រឹមត្រូវ ដែលការដាក់ក្នុងបញ្ជីខ្មៅនេះធ្វើឱ្យថៃបាត់បង់ចំណូលជាង៣ម៉ឺនលានបាត (ជាង៩១៦លានដុល្លារ) ។ រដ្ឋបាលគយចិន (GACC) បានផ្ញើលិខិតព្រមានចំនួន៤លើក មកកាន់នាយកដ្ឋានបសុសត្វ និងក្រសួងកសិកម្មថៃ ឱ្យត្រួតពិនិត្យដោះស្រាយបញ្ហា ប៉ុន្តែថៃមិនចាប់អារម្មណ៍ និងព្រងើយកន្តើយចំពោះលិខិតព្រមាន ។
ប្រសិនបើថៃនៅតែគ្មានចំណាត់ការទេនោះ វានឹងប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងប៉ះពាល់ការនាំចេញផលិតផលផ្សេងទៀត ដោយសារចិនបាត់បង់ទំនុកចិត្ត ហើយក្រុមហ៊ុនថៃនឹងត្រូវបង្ខំចិត្តបិទរោងចក្រ ឬកាត់បន្ថយទំហំប្រតិបត្តិការ បណ្តាលឱ្យកម្មករជាច្រើននាក់បាត់បង់ការងារ ។
កន្លងមក មានក្រុមហ៊ុនកែច្នៃសាច់មាន់ និងជើងមាន់ថៃ ចំនួន២២ក្រុមហ៊ុនទទួលបានការអនុញ្ញាតឱ្យនាំចេញទៅចិន ប៉ុន្តែបន្ទាប់ពីចិនប្រកាសដាក់ក្រុមហ៊ុនថៃចំនួន១៧ ក្នុងបញ្ជីខ្មៅ គឺពេលនេះ ថៃមានតែ៥ក្រុមហ៊ុនប៉ុណ្ណោះដែលអាចនាំចេញបាន ។ ចិនរកឃើញសកម្មភាពផលិតជាក់ស្តែងក្នុងរោងចក្ររបស់ក្រុមហ៊ុន មិនស្របនឹងទិន្នន័យចុះបញ្ជីផ្លូវការដែលចេញដោយនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ (DLD) របស់ថៃឡើយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ។.jpg)
នៅថ្ងៃទី១៨ ខែឧសភា អតីតតំណាងរាស្ត្រគណបក្សភឿថៃ លោក Nikhom Boonwiset ឱ្យដឹងថា អាជ្ញាធរចិនបានដាក់ក្រុមហ៊ុនកែច្នៃសាច់មាន់ និងជើងមាន់ថៃ ចំនួន១៧ក្រុមហ៊ុនចូលក្នុង «បញ្ជីខ្មៅ» ក្រោយរកឃើញភាពខុសប្រក្រតីជាច្រើន រួមមាន ៖ មិនអនុវត្តតាមស្តង់ដារអនាម័យតឹងរ៉ឹងកំណត់ដោយចិន, លួ.ចនាំចូលសាច់មាន់ និងជើងមាន់ពីប្រទេសផ្សេងដែលចិនហាមឃាត់ (ដូចជាប្រទេសផ្ទុះជំងឺផ្តាសាយបក្សី) រួចបន្លំជាអាហារថៃនាំចេញទៅចិន, ផលិតកម្មខុសប្រក្រតី និងប្រើប្រាស់ឯកសារ ឬអាជ្ញាប័ណ្ណនាំចេញមិនត្រឹមត្រូវ ។ .jpg)
បើតាមលោក Nikhom ចិនមិនពេញចិត្តយ៉ាងខ្លាំង ដែលថៃលួចនាំចូលសាច់មាន់ និងជើងមាន់ពីប្រទេសផ្សេងដែលចិនហាមឃាត់ (គឺប្រទេសផ្ទុះជំងឺផ្តាសាយបក្សី) រួចហើយ បន្លំជាអាហារថៃនាំចេញទៅចិន ។ ចិនក៏បញ្ជូនមន្ត្រីរបស់ខ្លួបនមកត្រួតពិនិត្យឃើញថា ចំនួនជើងមាន់ដែលថៃបញ្ជូនទៅនោះ គឺមានបរិមាណច្រើនជាងការផលិតជាក់ស្តែង ទើបចិនដាក់ក្រុមហ៊ុនកែច្នៃសាច់មាន់ និងជើងមាន់ថៃ ចំនួន១៧ក្រុមហ៊ុនក្នុងបញ្ជីខ្មៅតែម្តង ។
គួរបញ្ជាក់ថា រដ្ឋបាលគយចិន (GACC) និងសមាគមអ្នកនាំចេញមាន់សាច់របស់ថៃ មិនទាន់បានប្រកាសជាសាធារណៈនូវ «បញ្ជីឈ្មោះផ្លូវការ និងទីតាំងជាក់លាក់» របស់ក្រុមហ៊ុនទាំង១៧ ទេ ដើម្បីការពារផលប៉ះពាល់ផ្នែកអាជីវកម្ម និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនទាំងនេះ ។
បច្ចុប្បន្ន ចិនបានបង្កើនការត្រួតពិនិត្យស្តង់ដារអនាម័យ និងសុវត្ថិភាពចំណីអាហារយ៉ាងតឹងរ៉ឹងបំផុត ហើយក្រុមហ៊ុនថៃទាំង១៧ មិនបានកែសម្រួលសកម្មភាពផលិតកម្មឱ្យស្របតាមលិខិតព្រមានជាច្រើនលើករបស់ចិនឡើយ ។ ចិនបានអនុវត្តវិធានការច្បាប់ និងស្តង់ដារបច្ចេកទេសកាន់តែខ្ពស់ ដើម្បីចម្រាញ់យកតែក្រុមហ៊ុនណាដែលមិនលួចបន្លំ និងអាហារមានគុណភាពខ្ពស់ប៉ុណ្ណោះ ៕










