ក្រោយឃ្លាតឆ្ងាយពីមាតុភូមិកំណើតអស់រយៈពេលជាច្រើនឆ្នាំ នៅទីបំផុតវត្ថុបុរាណខ្មែរអាយុកាលរាប់រយឆ្នាំចំនួន២០រូប ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញដោយជោគជ័យ បន្ទាប់ពីទាមទារបានពីអ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ី ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
.jpg)
យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ បានបង្ហាញថា វត្ថុបុរាណដែលបានប្រគល់មកវិញមានលក្ខណៈចម្រុះ សាងពីថ្មភក់ និងសំរឹទ្ធ ដូចជា រូបបដិមាសម័យបាយ័ន ដែលគេជឿថាមានប្រភពដើមមកពីក្រុងអង្គរធំ។ សម្បត្តិវប្បធម៌ទាំងនេះមិនត្រឹមតែជាវត្ថុសិល្បៈទេ តែជាសាក្សីរស់ នៃបញ្ញាញាណរបស់បុព្វបុរស និងដួងព្រលឹងនៃអរិយធម៌ខ្មែរ ដែលនឹងផ្តល់ការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជា។

ដំណើរការទាមទារនេះអាចសម្រេចទៅបាន ដោយមានការចូលរួមជ្រោមជ្រែងពីអ្នកជំនាញនៃក្រុមការងារ ស្រាវជ្រាវ ដែលបានផ្តល់ប្រឹក្សា និងរៀបចំការចរចា រហូតឈានដល់ការប្រគល់វត្ថុទាំងនេះមកកម្ពុជាវិញ ដោយក្រសួងបានធ្វើការថ្លែងអំណរគុណដល់ដៃគូអន្តរជាតិ និងក្រុមការងារ ដែលបានសម្របសម្រួលក្នុងការងារនេះ។
ការប្រគល់មកវិញនូវវត្ថុបុរាណទាំងនេះ សបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក យុត្តិធម៌ សម្រាប់បេតិកភណ្ឌវប្បធម៌របស់ខ្លួន។ ជាមួយគ្នានេះដែរ កម្ពុជាមានក្តីរំភើបចំពោះការវិលត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរ មកកាន់មាតុភូមិកំណើត។ សមិទ្ធផលនេះ បានបញ្ជូនសារយ៉ាងច្បាស់ថា ប្រជាជនកម្ពុជាបន្តរួបរួមគ្នាជាធ្លុងមួយក្នុងការ ការពារមរតកវប្បធម៌របស់ខ្លួនសម្រាប់មនុស្សជាតិទាំងមូល។

មិនតែប៉ុណ្ណោះ ការប្រគល់មកវិញនៃវត្ថុទាំងនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀតតាមរយៈកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់កម្ពុជា ក្នុងការទាមទារ និងស្តារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។
.jpg)
ជាចុងក្រោយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអំពាវនាវនិងលើកទឹកចិត្តដល់សារមន្ទីរ និងអ្នកប្រមូលសមុច្ច័យឯកជននានា ដែលកំពុងកាន់កាប់វត្ថុបុរាណខ្មែរ សូមទាក់ទងមកក្រសួង និងចូលរួមពិភាក្សាប្រកបដោយវិជ្ជាជីវៈ ក្នុងការប្រគល់វត្ថុ បុរាណខ្មែរមកកម្ពុជាវិញផងដែរ៕










