បុគ្គល កាន់ ចមផ្លាំង គឺជា Influencer ថៃដែលល្បីល្បាញខាងជ្រៀតជ្រែកការងារព្រំដែនកម្ពុជា-ថៃ និងតែងតែមានវត្តមាននៅព្រំដែនជាមួយកងទ័ពថៃ ដោយធ្វើសកម្មភាពញុះញង់ជាច្រើន ប៉ុន្តែគ្មានថ្នាក់ដឹកនាំថៃ ឬក្រសួងណាមួយហាមឃាត់សកម្មភាពរបស់បុគ្គលនេះទេ ទើបបានដៃកាន់តែខ្លាំងបន្ទាប់ពីតាំងខ្លួនឯងជាអ្នកស្នេហាជាតិ ។ កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ អតីតអ្នកនយោបាយថៃបានដាក់លិខិតទៅក្រសួងការពារជាតិឱ្យបណ្តេញ កាន់ ចមផ្លាំង ចេញពីព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីមើលឃើញថា គ្មានតួនាទីសំខាន់ និងធ្វើសកម្មភាពជ្រៀតជ្រែកការងារកងទ័ព ។
.jpg)
សារព័ត៌មានថៃ Naewna News រាយការណ៍ថា កាលពីម៉ោង១១ព្រឹក ថ្ងៃទី៧ ខែមេសា លោក ស៊ុនធិយ៉ា សាវ៉ាត់ឌី អតីតអ្នកនយោបាយ និងអតីតទីប្រឹក្សាគណៈកម្មាធិការច្បាប់ យុត្តិធម៌ និងសិទ្ធិមនុស្ស បានដាក់លិខិតទៅក្រសួងការពារជាតិឱ្យបណ្តេញ កាន់ ចមផ្លាំង ចេញពីព្រំដែនកម្ពុជា-ថៃ និងបញ្ឈប់ការគាំទ្ររាល់សកម្មភាពរបស់បុគ្គលនេះ ។ លោកស្នើឱ្យក្រសួងការពារជាតិត្រួតពិនិត្យការចាយវាយប្រាក់មូលនិធិ និងហាមឃាត់ Influencer មកជ្រៀតជ្រែតប្រតិបត្តិការរបស់កងទ័ព ។
អតីតអ្នកនយោបាយរូបនេះស្នើឱ្យក្រសួងការពារជាតិឈប់គាំទ្រ ឬឈប់ជំរុញសកម្មភាពរបស់ កាន់ ចមផ្លាំង ដែលគ្មានប្រយោជន៍សម្រាប់ប្រទេសជាតិ និងពលរដ្ឋ ព្រមទាំងហាមឃាត់បុគ្គលនេះកុំឱ្យជ្រៀតជ្រែកការងារកងទ័ពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។
ខ្លឹមសារលិខិតដែលដាក់ទៅក្រសួងការពារជាតិ បញ្ជាក់ថា កាន់ ចមផ្លាំង បានប្រមូលប្រាក់មូលនិធិពីពលរដ្ឋ ដោយប្រាប់ថា យកទៅជួយជនរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ និងជួយជនក្រីក្រ ។ បុគ្គលនេះបានបង្ហាញសកម្មភាពក្នុងបណ្តាញសង្គម និងបង្កើតហ្វេសប៊ុកផេកចែកចាយផលិតផល ដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍រវាងតួនាទីជាប្រធានប្រាក់មូលនិធិ និងផលប្រយោជន៍ផ្ទាល់ខ្លួន ។

ក្រៅពីនេះ កាន់ ចមផ្លាំង បានឈរជាមួយកងទ័ពថៃមួយក្រុមនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងបញ្ចេញឥរិយាបថ និយាយពាក្យសម្តីមិនសមរម្យដាក់មន្ត្រីកងទ័ពកម្ពុជានៅច្រកទ្វារព្រំដែនថ្មដា កាលពីថ្ងៃទី២៦ ខែមីនា ដែលធ្វើឱ្យប៉ះពាល់ដល់វិន័យកងទ័ព។ ការបង្ហាញឥរិយាបថមិនសមរម្យនៅចំពោះមុខសាធារណជនបែបនេះ មិនគួរកើតឡើងទេ ។
អតីតអ្នកនយោបាយថៃស្នើឱ្យត្រួតពិនិត្យប្រាក់មូលនិធិដែល កាន់ ចមផ្លាំង ប្រមូលពីពលរដ្ឋ ថាយកទៅធ្វើផ្លូវ តម្រៀបទូរកុងទឺន័រ ឬធ្វើសកម្មភាពនៅព្រំដែន តើបុគ្គលនេះបានចំណាយប្រាក់ត្រូវខ្ទង់ដែរឬទេ? និងមានរបាយការណ៍ចំណូល ចំណាយត្រឹមត្រូវឬអត់? លោកថា បច្ចុប្បន្ន ថៃបណ្តោយឱ្យពលរដ្ឋ និងបុគ្គលគ្មានតួនាទីទៅធ្វើសកម្មភាពនៅព្រំដែនកម្ពុជា-ថៃ រហូតមានជម្លោះពាក្យសម្តីជាមួយមន្ត្រីកងទ័ពកម្ពុជា ។ លើសពីនេះ បុគ្គលនេះបានលូកដៃក្នុងការងាររបស់រដ្ឋាភិបាល ជ្រៀតជ្រែកការងារកងទ័ព ដែលប៉ះពាល់ការគ្រប់គ្រងសន្តិសុខក្នុងតំបន់ ។

សំណើ ៣ចំណុចទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមមាន ៖
១-បញ្ឈប់ការគាំទ្រ ឬបញ្ឈប់សកម្មភាពទាំងអស់របស់ កាន់ ចមផ្លាំង ពាក់ព័ន្ធនឹងកងទ័ពនៅព្រំដែនកម្ពុជា-ថៃ ជាពិសេស បញ្ឈប់ឥរិយាបថមិនសមរម្យ ដូចជា ៖ ជម្លោះពាក្យសម្តី ឬបញ្ចេញមតិយោបល់អ្វីនៅព្រំដែន
២-ត្រួតពិនិត្យការចំណាយប្រាក់មូលនិធិរបស់ កាន់ ចមផ្លាំង ថា តើចំណាយត្រូវខ្ទង់ដែរឬទេ និងត្រឹមត្រូវតាមច្បាប់ឬអត់
៣-ឱ្យកងទ័ពជាអ្នកបំពេញតួនាទីនៅព្រំដែន និងហាមបុគ្គលគ្មានតួនាទីចូលជ្រៀតជ្រែកការងារកងទ័ព ឬការងាររដ្ឋាភិបាល ។
គួរបញ្ជាក់ថា មន្ត្រីក្រសួងការពារជាតិបានទទួលយកលិខិតរបស់លោក ស៊ុនធិយ៉ា អតីតអ្នកនយោបាយ ដើម្បីរាយការណ៍ទៅមន្ត្រីគ្រប់លំដាប់ថ្នាក់ពិចារណាចាត់វិធានការបន្តទៀត ប៉ុន្តែមិនដឹងថា តើក្រសួងការពារជាតិថៃនឹងមានចំណាត់ការបែបណាចំពោះ Influencer រូបនេះ ៕










