រយៈពេលចុងក្រោយនេះសម្ព័ន្ធភាពរវាង ប៊ី សុធារី និង អ៊ិន លក្ខិណា មានការពិភាក្សាយ៉ាងទូលំទូលាយក្រោយអ្នកទាំងពីរលែងស្និទ្ធស្នាលគ្នាដូចមុនទោះបីជាចូលរួមកម្មវិធីតែមួយក៏ដោយ។ ជាពិសេសគេបានឃើញ ប៊ី សុធារី បានបង្ហាញសកម្មភាពជាច្រើនជាមួយនឹង ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលធ្វើឱ្យមនុស្សមួយចំនួនគិតចេញនូវរឿងជាច្រើន។
អ្នកតាមដានវិស័យបវរកញ្ញាអាចនឹងឃើញមានការបង្ហោះជាច្រើននៅលើបណ្តាញសង្គម កទាក់ទងនឹងបវរកញ្ញាល្បីឈ្មោះពីររូបគឺ អ៊ិន លក្ខិណា និង ប៊ី សុធារី។ កាលពីមុន អ្នកគាំទ្របានឃើញអ្នកទាំងពីរមានភាពចុះសម្រុងគ្នាយ៉ាងខ្លាំងដោយទៅណាមកណាជាមួយគ្នាទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសជាដើម។ អ្វីដែលធ្វើឱ្យមនុស្សជាច្រើនមានការសង្ស័យថាអ្នកទាំងពីរលែងមានទំនាក់ទំនងល្អដូចមុនគឺពួកគេលែងទៅណាមកណាជាមួយគ្នាសូម្បីតែចូលរួមកម្មវិធីតែមួយហើយគ្មានសូម្បីថតរូបមួយសន្លឹកជាមួយគ្នា។
ភ្លើងកម្តៅកាន់តែខ្លាំងនិងបែងចែកជាមតិជាច្រើនគឺនៅពេល ប៊ី សុធារី ធ្វើវីដេអូជាច្រើនជាមួយនឹង ពេជ្រ វត្តីសារ៉ាវឌ្ឍី និងបវរកញ្ញាផ្សេងទៀត រហូតមានទាំងអ្នកមួយចំនួនចោទប្រកាន់ថាអស់ប្រយោជន៍ក៏លែងរាប់គ្នាជាដើម។ យ៉ាងណាមិញ មតិដែលអធ្យាក្រឹតបានបង្ហាញថា ប៊ី សុធារី និង លក្ខិណា ពុំមានរឿងអ្វីជាមួយគ្នាឡើយ។ ទោះបីជាពួកគេមិនបានដើរជាមួយគ្នាមិនមែនមានន័យថាពួកគេឈ្លោះទាស់ទែងគ្នានោះទេ។
.png)
លើសពីនេះទៅទៀត អ្នកនិយាយពីវិស័យបវរកញ្ញាម្នាក់ដែលជាម្ចាស់ផេក Review តាមអារម្មណ៍ បានលើកឡើងថា សុធារី និង លក្ខិណា គឺមានការងាររវល់ៗខ្លួនទាំងការសិក្សានិងការងារផ្សេងៗគ្នា។ លក្ខិណា គឺបានធ្វើមាតិកាផ្សព្វផ្សាយវប្បធម៌និងទេសចរណ៍ជាមួយនឹងបងស្រី ចំណែកឯ ប៊ី សុធារី ពេជ្រ វត្តីសារ៉ាវឌ្ឍី ចន សុទីម៉ា និង ហុក សារិតុលា ស្ថិតក្រោមការគ្រប់គ្រងតែមួយទើបពួកគេមានឱកាសធ្វើការថតវីដេអូជាមួយគ្នាញឹកញាប់ហើយនេះក៏មិនមែនជារឿងចម្លែកដែរ។ ការលើកឡើងដែលបញ្ជាក់ថាពួកគេគ្មានជម្លោះសាមីខ្លួនទាំងពីរគឺ លក្ខិណា និង សុធារី ក៏បានចូលទៅខម្មិនក្នុងន័យបញ្ជាក់ពីអំណះអំណានដែលបានលើកឡើងដូចគ្នា។
.png)
អ្វីដែលអ្នកគាំទ្រអាចមើលឃើញបន្តទៀត អំឡុងពេល អ៊ិន ម៉ូលីកា បងស្រី អ៊ិន លក្ខិណា ពុំបានជាប់កម្មវិធីប្រកួតមួយកាលពីកន្លងមកថ្មីៗនេះ ប៊ី សុធារី បានបង្ហាញការលើកទឹកចិត្ត ស្របពេលដែល លក្ខិណា ក៏បានចូលទៅខម្មិនការស៊ែររបស់ សុធារី ដូចគ្នា។ កន្លងមក លក្ខិណា ក៏ធ្លាប់ចេញមកបញ្ជាក់ម្តងហើយថានាងពុំមានបញ្ហាចម្រូងចម្រាសជាមួយនឹង ប៊ី សុធារី នោះទេ។ ការមានមតិវែកញែកនៅលើបណ្តាញសង្គមអាចកើតចេញពីអ្នកគាំទ្រមួយចំនួនដែលមានការគិតលើសលប់រហូតប៉ាន់ស្មានថាអ្នកទាំងពីរមានជម្លោះជាមួយគ្នាតែប៉ុណ្ណោះ៕










