Home ព័ត៌មានអន្តរជាតិ ពិន័យប្រាក់រហូតជាង៦០០ដុល្លារសម្រាប់ហាងលក់ហ្គាសណា​ដែលបញ្ចូលមិនគ្រប់លីត្រលក់ឱ្យអតិថិជន!

ពិន័យប្រាក់រហូតជាង៦០០ដុល្លារសម្រាប់ហាងលក់ហ្គាសណា​ដែលបញ្ចូលមិនគ្រប់លីត្រលក់ឱ្យអតិថិជន!

111
0

ស្របពេលតម្លៃហ្គាសកើនឡើងខ្ពស់ និងខ្វះខាតនៅប្រទេសថៃ ហាងបញ្ចូលហ្គាសនៅតាមខេត្តនានាបានឆ្លៀតឱកាសកេងចំណេញ ដោយបញ្ចូលហ្គាសមិនពេញធុងតាមការកំណត់ ។ បន្ទាប់ពីមើលឃើញបញ្ហានេះកើតឡើងជាច្រើន មន្ត្រីនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងថៃបានប្រកាសពិន័យប្រាក់ចាប់ពី១ម៉ឺនបាត ទៅ២ម៉ឺនបាត (ឬពីជាង៣០០ដុល្លារ ទៅជាង៦០០ដុល្លារ) សម្រាប់ហាងណាបញ្ចូលហ្គាសមិនគ្រប់លីត្រលក់ឱ្យអតិថិជន ពីព្រោះជាការឆ្លៀតឱកាសកេងចំណេញធ្វើឱ្យពលរដ្ឋកាន់តែលំបាកខ្លាំងឡើង ។

នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងប្រទេសថៃ (DIT) បានចុះត្រួតពិនិត្យការបញ្ចូលហ្គាសនៅតាមហាងតូច-ធំតាមបណ្តាខេត្ត បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីពលរដ្ឋថា ហាងបញ្ចូលហ្គាសមិនពេញធុងបណ្តាលឱ្យប៉ះពាល់ដល់ជីវិតរស់នៅ ។ ការត្រួតពិនិត្យនេះដើម្បីកុំឱ្យហាងបញ្ចូលហ្គាសកេងចំណេញ និងជំរុញការអនុវត្តពាណិជ្ជកម្មដោយស្មើភាពក្នុងគោលបំណងកាត់បន្ថយការចំណាយរបស់ពលរដ្ឋ ។

អ្នកស្រី យ៉ានី ស៊ីម៉ានី អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងឱ្យដឹងថា បច្ចុប្បន្ន ការចំណាយលើការទិញទំនិញផ្សេងៗរបស់ពលរដ្ឋបានកើនឡើងតាមតម្លៃប្រេងឥន្ធនៈ ហើយពួកគេមកជួបនឹងបញ្ហាបញ្ចូលហ្គាសមិនពេញធុង ដែលធ្វើឱ្យកាន់តែលំបាកខ្លាំងឡើង ។ ហេតុនេះ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានចុះត្រួតពិនិត្យបរិមាណហ្គាសក្នុងធុង ពីព្រោះលក់ក្នុងតម្លៃថ្លៃ ត្រូវតែបញ្ចូលហ្គាសឱ្យពេញ កុំឆ្លៀតឱកាសកេងចំណេញ ។

តាមការចុះត្រួតពិនិត្យ គឺការបញ្ចូលហ្គាស LPG នៅស្រុកមឿង ខេត្តណុនថាក់បុរី មិនពេញធុងតាមការកំណត់ ហើយនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានពិន័យប្រាក់ ព្រមទាំងកំណត់ឱ្យបញ្ចូលហ្គាសពេញធុងដើម្បីកុំឱ្យប៉ះពាល់ជីវភាពពលរដ្ឋ ។ ក្រៅពីនេះ មន្ត្រីនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងក៏បានរកឃើញភាពខុសប្រក្រតីនេះនៅខេត្តអយុធ្យាផងដែរ គឺបញ្ចូលហ្គាសមិនពេញធុង ចំនួន៥៧ធុង ហើយបញ្ជូនពួកគេទៅកាន់ស្ថានីយប៉ូលិសចាត់ការតាមច្បាប់ ។

នៅខេត្តយាក់សូថន ខនកែន និងឈុនបុរី ក៏មានហាងជាច្រើនបញ្ចូលហ្គាសមិនពេញដែរ ដែលចាត់ទុកជាទង្វើខុសច្បាប់ ទើបនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង ពិន័យប្រាក់តាមចំនួន២ម៉ឺនបាត (ជាង៦០០ដុល្លារ) ដោយរឹបអូសធុងហ្គាស និងកំណត់ឱ្យហាងទាំងអស់ឈប់ធ្វើបែបនេះ ។ រីឯខេត្តប៉ាធុមថានី ឆាក់ឈើងសៅ និងសាទូន ក៏មានបញ្ហាដូចគ្នា នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានពិន័យប្រាក់ចំនួន១ម៉ឺនបាត ។

អ្នកស្រី យ៉ានី ស៊ីម៉ានី បន្តថា ការចុះត្រួតពិនិត្យ និងពិន័យប្រាក់ហាងបញ្ចូលហ្គាស ក្នុងបំណងឱ្យពលរដ្ឋទទួលបានបរិមាណហ្គាសគ្រប់ចំនួនតាមទឹកប្រាក់ដែលបង់ ហើយនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនឹងចុះត្រួតពិនិត្យបន្តទៀតនៅទូទាំងប្រទេស ។ អ្នកស្រីបានផ្តាំផ្ញើប្រសិនបើពលរដ្ឋប្រទះឃើញករណីកេងចំណេញ ឬសង្ស័យថា ហ្គាសមិនពេញធុង ដូចជា ៖ ប្រើឆាប់អស់ អាចផ្តល់ដំណឹងមកកាន់នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងតាមរយៈលេខទូរស័ព្ទ ឬវែបសាយ ដោយភ្ជាប់ជាមួយរូបភាព ឬវីដេអូ ដើម្បីឱ្យមន្ត្រីចុះត្រួតពិនិត្យ និងចាត់ការតាមច្បាប់យ៉ាងឆាប់រហ័ស ។

គួរបញ្ជាក់ថា ប្រទេសថៃប្រឈមនឹងបញ្ហាតម្លៃហ្គាសកើនឡើងខ្ពស់ និងខ្វះខាតបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា ដូចគ្នានឹងប្រទេសនានាក្នុងតំបន់ដែរ ដែលប៉ះពាល់ដល់ជីវភាពពលរដ្ឋយ៉ាងខ្លាំង ជាពិសេស អ្នកលក់ចំណីអាហារតាមផ្លូវ និងភោជនីយដ្ឋាន ៕