ថ្មីៗនេះតារាចម្រៀង ឱក សុគន្ធកញ្ញា បានចេញផ្សាយបទថ្មីរបស់ខ្លួនបន្ទាប់ពីខកខានចេញបទជាច្រើនខែ។ ទោះជាយ៉ាងណា អ្នកគាំទ្រមួយចំនួនរបស់តារាចម្រៀងជួរមុខរូបនេះហាក់ដូចជាមិនពេញចិត្តនឹងបទថ្មីនេះឡើយ។

នៅថ្ងៃទី២៩ ខែមីនា ផលិតកម្មរស្មីហង្សមាសបានចេញផ្សាយបទចម្រៀងថ្មីរបស់អ្នកនាង ឱក សុគន្ធកញ្ញា មានចំណងជើងថា «ចង់ចាក់» ដែលជាបទញាក់សម្រាប់រាំលេងកម្សាន្តក្នុងឱកាសចូលឆ្នាំខ្មែរ។ បទថ្មីនេះគឺទទួលបានមតិប្រតិកម្មចម្រុះពីសហគមន៍អនឡាញស្របពេលដែលតារាចម្រៀងជួរមុខរូបនេះខកខានចេញបទយ៉ាងយូរប៉ុន្តែវិលត្រឡប់មកវិញជាមួយនឹងបទដែលមនុស្សមួយចំនួនគិតថាមិនទាន់មានគុណភាពគ្រប់គ្រាន់។

មិនត្រឹមតែទស្សនិកជនទូទៅប៉ុណ្ណោះទេ ងាកទៅកាន់គណនីទិកតុកដែលជាអ្នកគាំទ្ររបស់តារាចម្រៀង ឱក សុគន្ធកញ្ញា មានអ្នកតាមដានជាង២០០K ក៏ហាក់ដូចជាមិនពេញចិត្តនឹងបទចម្រៀងថ្មីនេះដូចគ្នា។ គណនីទិកតុក Aok SokunKanha daily បានឆ្លើយតបបង្ហាញថាមានគំនិតដូចគ្នាទៅនឹងការលើកឡើងថា «ចង់ឱ្យតារាចម្រៀងឱក សុគន្ធកញ្ញា ចេញបទមានគុណភាពជាងនេះ ពីព្រោះបទនេះមិនសូវទាក់ទាញ រកកន្លែងពីរោះមិនឃើញ»។
ចំណែកឯអ្នកលេងទិកតុកជាច្រើនទៀតបានបញ្ចេញមតិថា « Fan ជិត៣០ឆ្នាំហើយ និយាយពាក្យថាបទរកកន្លែងពីរោះមិនឃើញ, យូរៗ ចេញបទឱ្យគាត់ម្តង អត់ចេញមានគុណភាពសោះ » អ្នកខ្លះក៏លើកឡើងថា « lyric អត់ស៊ីគ្នា អត់ពាក្យជួន មានអារម្មណ៍ថាឥឡូវដូចធ្វើបទឱ្យតែរួចពីដៃស្ដាយភ្លេង»។
គួរបញ្ជាក់ផងដែរថា អ្នកនាង ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងជួរមុខម្នាក់នៅក្នុងផលិតកម្មដោយគ្មានអ្នកណាអាចជំនួសបានឡើយ។ ទោះមិនសូវចេញបទញឹកញាប់ សន្ទុះប្រជាប្រិយភាពតារាចម្រៀងរូបនេះនៅតែរឹងមាំដដែល។ យ៉ាងណាមិញ សកម្មភាពរបស់អ្នកគាំទ្រដែលបង្ហាញការមិនពេញចិត្តបទថ្មីរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា គឺកម្រនឹងកើតមានណាស់៕










