ប្រទេសថៃ ៖ កម្ពុជា និងថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ។ កិច្ចព្រមព្រៀងសន្តិភាពនេះទទួលបានការសាទរពីប្រទេសជាច្រើនដែលចង់ឃើញកម្ពុជា-ថៃស្តារទំនាក់ទំនងការទូតល្អឡើងវិញ ប៉ុន្តែបែរជាពលរដ្ឋថៃ ជាពិសេស អ្នកខេត្តសុរិន្ទពុំរីករាយទេ ថែមទាំងប្រាប់ឱ្យកងទ័ពចាត់ការយកប្រាសាទតាក្របីមកគ្រប់គ្រង ។

ពលរដ្ឋនៅខេត្តសុរិន្ទប្រាប់ថា មិនទុកចិត្តកម្ពុជា បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងនាំគ្នារៀបចំលេណដ្ឋានសម្រាប់លាក់ខ្លួនពេលមានហេតុការណ៍បន្ទាន់កើតឡើង ពួកគេចង់ឱ្យកងទ័ពចាត់ការយ៉ាងម៉ឺងម៉ាត់យកប្រាសាទតាក្របី និងតំបន់មួយចំនួននៅព្រំដែនមកគ្រប់គ្រង ពីព្រោះនឹងជួបការលំបាក បើស្ថានការណ៍ជម្លោះរវាងប្រទេសទាំងពីរនៅតែអូសបន្លាយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ។

សារព័ត៌មាន Thairath រាយការណ៍ថា នៅថ្ងៃទី៣០ ខែតុលានេះ នៅសាលារៀនភូមិណូនសុវណ្ណ ស្ថិតនៅឃុំខូកតាខៀន ស្រុកកាបឈើ ខេត្តសុរិន្ទ ពលរដ្ឋបាននាំគ្នារៀបចំលេណដ្ឋានសម្រាប់ឱ្យកូនសិស្សលាក់ខ្លួនពេលមានហេតុការណ៍បន្ទាន់កើតឡើង ដែលថវិការៀបចំលេណដ្ឋានជាថវិការបស់រដ្ឋ ។

លោក ប៊ុនយន់ ឡាហួថូន អាយុ៧៣ឆ្នាំ ដែលមកជួយរៀបចំលេណដ្ឋាននិយាយថា ទោះជានាយករដ្ឋមន្ត្រីថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ប៉ុន្តែនៅតែមិនទុកចិត្ត និងចោទប្រកាន់កម្ពុជាកុហក ទើបនាំគ្នារៀបចំលេណដ្ឋានសម្រាប់កូនសិស្សលាក់ខ្លួនពេលកើតហេតុការណ៍បន្ទាន់ ។ បុរសនេះមិនចង់ឱ្យបើកព្រំដែនឡើងវិញទេ និងផ្តាំផ្ញើទៅកងទ័ពឱ្យចាត់ការយកប្រាសាទតាក្របី និងតំបន់មួយចំនួននៅព្រំដែនមកគ្រប់គ្រង ព្រោះជឿថា ការចរចាគ្មានអាវុធ កម្ពុជានឹងមិនដកថយ ។ ម្យ៉ាងទៀត បើស្ថានការណ៍ជម្លោះអូសបន្លាយបែបនេះ នឹងធ្វើឱ្យពលរដ្ឋថៃលំបាក ។

ចំណែកអតីតមេភូមិណូនសុវណ្ណ លោក មិត ផាន់ថាម៉ាស់ និយាយថា លេណដ្ឋានជាគម្រោងរបស់រដ្ឋាភិបាល ខ្លួនមិនទុកចិត្តស្ថានការណ៍បច្ចុប្បន្នទេ ពលរដ្ឋត្រៀមខ្លួនគ្រប់ពេលវេលា ។ ពលរដ្ឋមិនជឿជាក់លើកិច្ចព្រមព្រៀងសន្តិភាព និងចង់ឱ្យថៃចាត់វិធានការម៉ឺងម៉ាត់ដើម្បីបញ្ចប់ជម្លោះឆាប់ៗ ដោយសារមិនទុកចិត្តកម្ពុជាព្រមដកថយកងកម្លាំង ហើយមិនដឹងថា មេដឹកនាំប្រទេសថៃមានអ្វីលាក់បាំងក្នុងការចុះហត្ថលេខាសន្តិភាព ។

គួរបញ្ជាក់ថា ហ្វេសប៊ុកផេកផ្សេងៗរបស់ពលរដ្ឋខេត្តសុរិន្ទបានបង្ហោះសារទាមទារតកប្រាសាទតាក្របីរបស់កម្ពុជា និងទាមទារយកតំបន់ជាច្រើនទៀតនៅព្រំដែនកម្ពុជា-ថៃ រួមទាំងប្រឆាំងការបើកព្រំដែន ក្រោយពីនាយករដ្ឋមន្ត្រីថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ។ ថ្មីៗនេះ ក្រុមជ្រុលនិយមថៃ និងប្រធានគណបក្សនយោបាយខ្លះបានគំរាមលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul បើហ៊ានបើកព្រំដែនឡើងវិញ ពួកគេនឹងនិរទេសចេញពីប្រទេស ខណៈបុគ្គលជ្រុលនិយមខ្លះថា បើរដ្ឋាភិបាលបើកព្រំដែនពេលណា នឹងញុះញង់ឱ្យពលរដ្ឋធ្វើបាតុកម្មដូចនេប៉ាល់ ៕