ប្រទេសម៉ាឡេស៊ី ៖ ក្រោយពីសមត្ថកិច្ចថៃបានប្រព្រឹត្តអំពើហិ.ង្សាមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យដួលសន្លប់ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់កាលពីថ្ងៃទី១៧ ខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានសុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជំរុញការអនុវត្តបទឈប់បា.ញ់រវាងកម្ពុជា-ថៃឱ្យមានប្រសិទ្ធភាព ។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានស្នើថៃឈប់ឈ្លានពាននៅភូមិព្រៃចាន់ និងដោះស្រាយបញ្ហាព្រំដែនក្នុងកិច្ចប្រជុំ JBC ។

សារព័ត៌មាន New Straits Times របស់ម៉ាឡេស៊ីរាយការណ៍ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានបង្ហាញក្តីបារម្ភចំពោះហេតុការណ៍ដែលកើតឡើងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយកងទ័ពឈ្លានពានថៃកាលពីថ្ងៃទី១៧ ខែកញ្ញា ព្រមទាំងស្នើឱ្យថៃឈប់បង្កសកម្មភាពឈ្លានពាននៅភូមិព្រៃចាន់ ។ លោកសំណូមពរឱ្យកម្ពុជា-ថៃដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីក្នុងកិច្ចប្រជុំ JBC នាពេលខាងមុខ ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar បានពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន ដោយលោក Anwar បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិសុខនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងការពារកុំឱ្យជម្លោះព្រំដែនរីករាលដាលកាន់តែខ្លាំង ។
លោក Anwar បានសរសេរក្នុងហ្វេសប៊ុកថា ៖ «ខ្ញុំបានពិភាក្សាពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងសំណូមពរឱ្យប្រទេសទាំងពីរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងពុំគួរបង្កើនភាពតានតឹងដែលពុំចាំបាច់ ។ ម៉ាឡេស៊ីសំណូមពរឱ្យប្រទេសទាំងពីរដោះស្រាយបញ្ហាព្រំដែនក្នុងកិច្ចប្រជុំទ្វេភាគី JBC ដែលជាការចរចាស្វែងរកសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ានយូរអង្វែង» ។

លោកជឿលើការចរចា និងការយល់ពីគ្នាទៅវិញទៅមក គឺជាវិធីល្អបំផុតក្នុងការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ ។ ក្រៅពីនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីសង្ឃឹមថា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន នឹងធ្វើទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ីនាពេលឆាប់ៗក្រោយពីលោកកាន់តំណែងនាយករដ្ឋមន្ត្រី ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងពិភាក្សាពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។
.png)
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ពាក់ព័ន្ធនឹងការវិវត្តន៍នៃស្ថានការណ៍គួរឱ្យព្រួយបារម្ភនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតដល់មានការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធថៃ និងពលរដ្ឋកម្ពុជា ដែលបណ្តាលឱ្យរងរបួសជាច្រើននាក់ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើឱ្យលោក Anwar ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងពលរដ្ឋកម្ពុជា ដោយឱ្យរក្សាស្ថានភាពដដែល កុំឱ្យមានការរាយបន្លាលួសបន្ថែម ឬធ្វើសកម្មភាពណាមួយដែលពង្រីកវិសាលភាពនៃជម្លោះ និងរង់ចាំដំណោះស្រាយបញ្ហាព្រំដែនពីគណៈកម្មការចម្រុះព្រំដែន (JBC) នាពេលខាងមុខ ស្របតាមការឯកភាពគ្នារវាងភាគីកម្ពុជា-ថៃក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ៕
 
		 
	









