ថ្មីៗនេះ ទាហានថៃ បានបន្តចូលមកឈ្លានពានទឹកដីកម្ពុជា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងការឈ្លានពាននេះ ថៃ បានប្រើប្រាស់ឧបករណ៍បាញ់រលកសំឡេង Long Range Acoustic Device (LRAD) ដើម្បីបង្កការរំខាន បណ្តេញពលរដ្ឋខ្មែរ មិនឱ្យនៅជិតកន្លែងដែលពួកគេពង្រាយបន្លាលួស។
ឧបករណ៍នេះ អាចបញ្ចេញសំឡេងបានខ្លាំង ដែលអាចបណ្តាលឱ្យពលរដ្ឋរងគ្រោះ ឈឺត្រចៀក ឈឺក្បាល វិលមុខ ក្អួត និងអាចបណ្តាលឱ្យថ្លង់មួយជីវិត។
បន្ថែមពីនេះ LRAD អាចបញ្ចេញសម្លេងលើសពី១៦០ ដេស៊ីបែល(dB) ដែលមានហានិភ័យខ្ពស់ បណ្តាលឱ្យបែកក្រដាស់ត្រចៀក ក្នុងករណីពលរដ្ឋឈរនៅជិតឧបករណ៍នោះពេក។
ជាទូទៅ ឧបករណ៍ LRAD ត្រូវបានគេប្រើប្រាស់ ដើម្បីបំបែកហ្វូងបាតុកម្ម ឬផ្តល់ការជូនដំណឹងបន្ទាន់ណាមួយនៅទីក្រុង និងប្រើក្នុងនាវាយោធាតែប៉ុណ្ណោះ៕









