សារភាពដោយមិនលាក់លៀមតារារ៉េប King Chi បាននិយាយថាលោកថាធ្លាប់ផុងខ្លួនសេពគ្រឿងញៀ.នបាត់បង់គ្រួសារ ភរិយា និងការងារ។ ការចេញមកនិយាយនេះ King Chi ចង់ដាស់តឿនទៅកាន់យុវវ័យកុំឱ្យប៉ះពាល់របស់ទាំងនេះពីព្រោះនាំឱ្យយើងបាត់បង់អ្វីៗគ្រប់យ៉ាង។
កាលពីកន្លងមកនេះពោលគឺនៅថ្ងៃទី១០ ខែសីហា King Chi បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោកបានបង្ហោះសារមួយថា «១៥ឆ្នាំមុនបើមិនដោយសារភ្លើតភ្លើនជាមួយគ្រឿងញៀន ម្ល៉េះសមថ្ងៃនេះក៏ខ្ញុំបានស្គាល់រសជាតិ អនុស្សាវរីយ៍ប្រលងបាក់ឌុបនឹងគេដែរហើយ»។ អ្វីៗក៏ត្រូវលាតត្រដាងកាន់តែច្បាស់នៅពេល King Chi បានចែករំលែកដោយស្មោះត្រង់នៅក្នុងកម្មវិធីផតខាស់របស់ ខេ ដោយរៀបរាប់រឿងរ៉ាវជាច្រើន។
ជាអ្នករស់នៅខេត្តបាត់ដំបង King Chi បាននិយាយថាមុននឹងក្លាយជា King Chi ដូចសព្វថ្ងៃនេះលោកធ្លាប់ធ្វើការងារជាច្រើនដូចជាជាងសំណង់ អ្នករត់ម៉ូតូឌុប និងធ្លាប់ធ្វើជា MC តាមបណ្តាស្តង់របស់ក្រុមហ៊ុនទូរសព្ទដៃ។ លោកក៏បានទម្លាយទៀតថាមុននឹងចាប់មុខរបរទាំងនេះលោកចេះភាសាកូរ៉េរហូតអាចដល់បង្រៀនអ្នកដទៃបានប៉ុន្តែធ្វើជាគ្រូគេទៅហើយលោកប្រើប្រាស់គ្រឿងញៀន។ King Chi បានបន្ថែមថាដោយសារតែការភ្លើតភ្លើន ធ្វើឱ្យលោកមិនគោរពការងារច្បាស់លាស់ រួចហើយមិនដឹងធ្វើអ្វីណាមួយមានកាតព្វកិច្ចជាប្តីទើបលោកចាប់ការងារខាងលើ។
តារារ៉េបរូបនេះបាននិយាយថាភរិយារបស់ខ្លួនបានដឹងថាលោកសេពគ្រឿងញៀនតាំងពីនៅជាសង្សារ ដោយលោកសន្យាថានឹងឈប់ធ្វើសកម្មភាពនេះ ខណៈដែលក្រុមគ្រួសារភរិយារបស់លោកមិនយល់ស្របទៅនឹងអាពាហ៍ពិពាហ៍នេះដែរ។ ជាមួយគ្នានេះ King Chi បាននិយាយថាការដែលអាចផ្តាច់ខ្លួនពីការសេពគ្រឿងញៀនបានគឺលោករកហេតុផល ប្រសិនជាលោកមិនឈប់ទេគឺលោកគ្មានអ្វីទាំងអស់។ ក្នុងការដែលរកហេតុផលគេចចេញឱ្យឆ្ងាយពីគ្រឿងញៀន King Chi បានបាត់បង់ខ្លួនឯង បាត់បង់ការងារ បាត់បង់ទ្រព្យសម្បត្តិ បាត់បង់ប្រពន្ធ ខ្មាសឪពុកម្តាយទើបធ្វើឱ្យលោកមានគំនិតត្រូវតែបញ្ឈប់សកម្មភាពនេះឱ្យបាន។
.png)
ក្នុងពេលដែលតាំងចិត្តឃ្លាតឆ្ងាយពីគ្រឿងញៀន King Chi បាននិយាយថាលោកបានទាក់ទងទៅតារាចម្រៀង ប្រុសឡា ដើម្បីសុំការងារធ្វើដោយចង់គេចចេញឱ្យឆ្ងាយពីខេត្តបាត់ដំបង។ ការទាក់ទងនេះ King Chi សារភាពថាពុំមានទំនាក់ទំនងអ្វីនោះទេក្រៅពីជាហ្វេនម្នាក់របស់ ប្រុសឡា៕










