ប្រទេសថៃ ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជិរ៉ាយុ ហួងសាប់ ឱ្យដឹងថា បើទោះជាគ្មានការប៉ះទង្គិចគ្នា ប៉ុន្តែកងទ័ពថៃបានពង្រាយកម្លាំងយ៉ាងរឹងមាំនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការល្មើសអធិបតេយ្យ ។ ជាមួយគ្នានេះ ថៃបានទំនាក់ទំនងជាមួយអន្តរជាតិ ដើម្បីឱ្យអន្តរជាតិមើលឃើញពីការប្តេជ្ញាចិត្តរបស់ថៃក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងយុត្តិធម៌ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Top News នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ។

លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃ និងជាគណៈកម្មការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និយាយថា រដ្ឋាភិបាលថៃគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍មនុស្សធម៌ ព្រមទាំងទំនាក់ទំនងជាមួយអន្តរជាតិ ដើម្បីឱ្យអន្តរជាតិមើលឃើញពីការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការដោះស្រាយជម្លោះជាមួយកម្ពុជាដោយសន្តិវិធី និងយុត្តិធម៌ ។

រដ្ឋាភិបាលថៃនឹងចាត់វិធានការគ្រប់យ៉ាងដើម្បីការពារអធិបតេយ្យ និងផ្តល់សុវត្ថិភាពឱ្យពលរដ្ឋ ។ បច្ចុប្បន្ន កងទ័ពថៃបានពង្រាយកម្លាំងយ៉ាងរឹងមាំនៅតាមព្រំដែនខេត្តទាំង៧ និងពង្រាយបន្លាលួសជាបន្តបន្ទាប់កុំឱ្យប្រទេសជិតខាងល្មើសចូលមកជាដាច់ខាត កងទ័ពថៃត្រៀមខ្លួនប្រឆាំងតបតរវិញភ្លាមៗ ប្រសិនបើមានការល្មើសអធិបតេយ្យ ។

លោក ជិរ៉ាយុ ហួងសាប់ បន្តថា ភ្នាក់ងារដោះមីនបានរកឃើញគ្រាប់មីនបង្កប់ក្នុងទឹកដីថៃ ហើយលោកចោទប្រកាន់ថា កងទ័ពកម្ពុជាបានបង្កប់គ្រាប់មីនទាំងនេះបណ្តាលឱ្យកងទ័ពថៃល្បាតនៅព្រំដែនរងរបួសម្តងហើយម្តងទៀត ។ លោកថែមទាំងចោទថា នេះជាការបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ និងល្មើសសន្ធិសញ្ញាអូតាវ៉ា ដែលហាមប្រើប្រាស់មីនប្រឆាំងបុគ្គល ។

ក្រៅពីនេះ រដ្ឋាភិបាលថៃគោរពតាមកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ជាពិសេស ពុំប្រើប្រាស់កម្លាំងកងទ័ព និងពុំផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ។ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបានជូនដំណឹងទៅពលរដ្ឋភៀសសឹកដែលធ្វើដំណើរត្រឡប់មកផ្ទះវិញនៅព្រំដែន បើឃើញសំណល់ផ្ទុះគួរឱ្យសង្ស័យត្រូវរាយការណ៍មកអាជ្ញាធរ ឬសមត្ថកិច្ចក្នុងតំបន់ជាបន្ទាន់ដើម្បីបញ្ជូនភ្នាក់ងារបោសសម្អាតសំណល់ផ្ទុះ ។

បើទោះជាស្ថានការណ៍បច្ចុប្បន្នគ្មានការប៉ះទង្គិចគ្នា ប៉ុន្តែនៅតែមានភាពតានតឹង និងត្រូវតាមដានស្ថានការណ៍យ៉ាងដិតដល់ ។ ថៃសូមបង្ហាញគោលជំហរច្បាស់លាស់ក្នុងការរក្សាសន្តិភាព ប៉ុន្តែថៃត្រៀមការពារអធិបតេយ្យរបស់ខ្លួនគ្រប់ពេលវេលា ។ នេះបើតាមការលើកឡើងរបស់លោក ជិរ៉ាយុ ។

គួរបញ្ជាក់ថា កម្ពុជាបានគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ដែលប្រទេសទាំងពីរបានចរចាក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី ប៉ុន្តែបែរជាថៃបំពានកិច្ចព្រមព្រៀងឈប់បាញ់ជាបន្តបន្ទាប់ រួមមាន ៖ ចាប់វរៈកងទ័ពកម្ពុជា ១៨រូប និងពុំទាន់ដោះលែងត្រឡប់មកវិញ, ប្រើប្រាស់ជំពាមកៅស៊ូបាញ់មកលើទឹកដីកម្ពុជា, ពង្រាយលួសបន្លាយនៅភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងបន្ថែមកម្លាំងកងទ័ពក្រោយបទឈប់បាញ់ ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពនូវលក្ខខណ្ឌកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលថា ភាគីទាំងពីរបានព្រមព្រៀងរក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននាម៉ោង១២អធ្រាត្រ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ ៕