ហាណូយ៖ ក្រុមហ៊ុន CT Group នៃប្រទេសវៀតណាម បានចុះហត្ថលេខាលើកិច្ចសន្យាផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក (UAV) ប្រភេទធុនធ្ងន់ ចំនួន ៥,០០០ គ្រឿង ទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលជាកិច្ចព្រមព្រៀងនាំចេញលើកដំបូង និងជាជំហានដ៏សំខាន់មួយសម្រាប់វិស័យផលិតបច្ចេកវិទ្យាខ្ពស់របស់ប្រទេសនេះ។

កិច្ចព្រមព្រៀងនេះ បានចុះហត្ថលេខាកាលថ្ងៃអង្គារ(ទី ១២ ខែសីហា) ក្នុងវេទិកាសេដ្ឋកិច្ចវៀតណាម–កូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូល ជាមួយវត្តមានរបស់លេខាធិការទូទៅបក្ស To Lam និងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Kim Min Seok។ ជាមួយគ្នានេះដែរ កិច្ចព្រមព្រៀងនេះ គឺជាការសហការជាមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក Airbility របស់កូរ៉េខាងត្បូង។ នេះបើតាមសារព័ត៌មានក្នុងស្រុក VnExpess ។
តាមការបញ្ជាក់របស់ CT Group ក្រុមហ៊ុនបានស្ទាត់ជំនាញខាងបច្ចេកវិទ្យាស្នូល ហើយអភិវឌ្ឍបានម៉ូដែល UAV ចំនួន ១៦ ប្រភេទ ដែលមានសមត្ថភាពខុសៗគ្នា។ UAV ធុនធ្ងន់ ដែលផលិតដោយ CT UAV អាចដឹកទំនិញមានទំងន់ចាប់ពី ៦០ ដល់ ៣០០ គីឡូក្រាម ហើយមានអត្រាផលិតក្នុងស្រុកដល់ទៅ ៨៥%។
យន្តហោះគ្មានមនុស្សបើកទាំងនេះអាចប្រើប្រាស់ក្នុងវិស័យជាច្រើនដូចជា វិស័យកសិកម្ម ដឹកជញ្ជូនទំនិញ ការគ្រប់គ្រងទីក្រុង សន្តិសុខ ការពន្លត់អគ្គីភ័យ និងការជួយសង្គ្រោះ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏កំពុងអភិវឌ្ឍ UAV ដែលប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) បញ្ចូលជាមួយបច្ចេកវិទ្យា semiconductor និងប្រព័ន្ធកំណត់ទីតាំងតាមបណ្តាញកម្រិតខ្ពស់ផងដែរ។
បើតាមការវាយតម្លៃរបស់ Markets & Data ទីផ្សារ UAV របស់វៀតណាមមានតម្លៃប្រហែល ៧៣ លានដុល្លារនៅក្នុងឆ្នាំ ២០២៣ ហើយអាចនឹងកើនដល់ ១៩១ លានដុល្លារ ក្នុងឆ្នាំ ២០៣១។ ក្រៅពីនេះ នៅថ្ងៃដូចគ្នានោះ CT Group ក៏បានចុះកិច្ចសន្យាផ្គុំ តេស្ត និងវេចខ្ចប់ឈីប semiconductor ចំនួន ១០០ លានឈីបផងដែរ សម្រាប់ក្រុមហ៊ុន Imagis របស់កូរ៉េខាងត្បូង និងបានចុះកិច្ចព្រមព្រៀងសហការជាមួយសាកលវិទ្យាល័យ Inha ក្នុងការបណ្ដុះបណ្ដាល និងផ្ទេរបច្ចេកវិទ្យា semiconductor ។
គួររំលឹកថា ក្រុមហ៊ុន CT Group បានបង្កើតឡើងនៅឆ្នាំ ១៩៩២ ជាក្រុមហ៊ុនអចលនទ្រព្យ ប៉ុន្តែបច្ចុប្បន្នបានពង្រីកចូលទៅវិស័យបច្ចេកវិទ្យាខ្ពស់ រួមមាន semiconductor បញ្ញាសិប្បនិម្មិត UAV ព្រមទាំងបច្ចេកវិទ្យាថាមពលថ្មីជាដើម។ កាលខែមិថុនា ក្រុមហ៊ុនបានបង្ហាញការរចនាឈីប IoT ដោយប្រើបច្ចេកវិទ្យា CMOS និង III/V Semi ដែលហៅវាថាជាជំហានមួយក្នុងការគ្រប់គ្រងផលិតកម្ម semiconductor ដោយខ្លួនឯង៕










