បវរកញ្ញា ឆន ស្រីណេត បានចេញវីដេអូមួយបន្ថែមទៀតបន្ទាប់ពីវីដេអូចម្រៀងរបស់តារាចម្រៀងប៉ុបវៀតណាមទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកទស្សនិកជនខណៈដែលមានមតិប្រតិកម្មជាច្រើនជុំវិញ MV នេះ។ បន្ទាប់ពីឃើញមតិរបស់ជនជាតិវៀតណាមមួយចំនួន ឆន ស្រីណេត មានបំណងចង់ដាស់តឿនស្មារតីខ្មែរកុំឱ្យភ្លេចខ្លួនទាក់ទងរឿងវប្បធម៌។

នៅថ្ងៃទី១៦ ខែសីហា ឆន ស្រីណេត បានចេញវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «យើងជាយើងគ្នានរណាមកលួចបានទេ បើសិនជាយើងមិនភ្លេចខ្លួន»។ បវរកញ្ញាមានដើមកំណើតខ្មែរកម្ពុជាក្រោមរូបនេះបាននិយាយថាដំបូងឡើងការគិតវិជ្ជមានគឺមានសម្រាប់តារាចម្រៀង ផឿង មីជី ប៉ុន្តែនៅពេលឃើញមតិអវិជ្ជមានពីជនជាតិវៀតណាមមួយចំនួនធ្វើឱ្យនាងមានបំណងដាស់តឿនកូនខ្មែរកុំឱ្យភ្លេចខ្លួនដែរ។ ស្រីណេត បានអរគុណតារាចម្រៀងវៀតណាមដែលបានដាក់ក្រេដីតចំៗឱ្យខ្មែរស្របពេលថៃដណ្តើមអ្វីដែលជារបស់ខ្មែរ។ អ្វីដែលធ្វើឱ្យនាងមានការព្រួយបារម្ភគឺមានជនជាតិវៀតណាមបានសរសេរថាវប្បធម៌ខ្មែរនៅកម្ពុជាក្រោមគឺខុសពីវប្បធម៌ខ្មែរកណ្តាលនាពេលបច្ចុប្បន្ន ដោយបែងចែកថាខ្មែរក្រោមគឺជាជនជាតិភាគតិចក្នុងចំណោម៥៤ជនជាតិ។
ឆន ស្រីណេត បានផ្តាំផ្ញើទៅកាន់អ្នកខ្មែរក្រោមមួយចំនួនតូចថាវប្បធម៌ខ្មែរក្រោមនិងខ្មែរកណ្តាលគឺតែមួយមិនមានការបែងចែកឡើយទាំងភាសា ទំនៀមទម្លាប់ ដោយសង្កត់ធ្ងន់ថាខ្មែរក្រោមមួយចំនួនធំមិនភ្លេចខ្លួនថាមានដើមកំណើតពូជពង្សមកពីណាឡើយ មិនដូចជាខ្មែរលើមួយចំនួនភ្លេចខ្លួន។ អ្វីដែលនាងមិនអាចទទួលយកបានគឺមានជនជាតិវៀតណាមមួយចំនួនបានបញ្ចេញមតិស្រដៀងគ្នាថា ខ្មែរហើយនិងសៀមទៅដំណើមវប្បធម៌ ខ្មែរកម្ពុជាក្រោម ដែលជាហានិភ័យសម្រាប់អ្នករស់នៅខាងកម្ពុជាក្រោមដែលគេយកឈ្មោះគេមកដាក់។ ការដែលគេបំផុសគំនិតវប្បធម៌ខ្មែរគឺរឿងដែលល្អប៉ុន្តែគេបានចាត់ទុកយើងជាជនជាតិភាគតិចមួយរបស់ជាតិសាសន៍គេ។ 
ជាមួយគ្នានេះ ឆន ស្រីណេត បានដាស់ស្មារតីកុំឱ្យខ្មែរកម្ពុជាក្រោមភ្លេចខ្លួនត្រូវដឹងច្បាស់ថាយើងជានរណា តែនាងជឿថាអ្នកនៅទីនោះមិនភ្លេចខ្លួនឡើយពីព្រោះអ្នកនៅទីនោះនៅតែគោរពថែរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ៕










