ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Amarin News នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បាននិយាយពីរឿងការបើកច្រកព្រំដែនកម្ពុជា-ថៃថា ថៃពុំទាន់ត្រៀមខ្លួនបើកព្រំដែនឡើងវិញទេ គឺព្រំដែននឹងបិទបន្តទៀតរហូតដល់ពេលលោកចូលនិវត្តន៍ នៅថ្ងៃទី៣០ ខែកញ្ញា ។ បច្ចុប្បន្ន លោកបានកែសម្រួលការល្បាតនៅព្រំដែនកុំឱ្យកងទ័ពថៃជាន់មីន ព្រមទាំងរកវិធីយកប្រាសាទតាក្របីពីកម្ពុជា ។
មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងមេបញ្ជាការកងទ័ពកម្ពុជា-ថៃ ថា ភាគីទាំងពីរនឹងចូលរួមប្រជុំនៅចុងខែសីហានេះ ។ ភាគីទាំងពីរនឹងពិភាក្សាគ្នាម្តងទៀតថា តើនឹងនិយាយពីប្រធានបទអ្វីខ្លះ ហើយទីកន្លែងប្រជុំអាចនៅប្រទេសថៃ ។
លោក ប៊ុនស៊ីន បាននិយាយបំភ្លៃថា ប្រាសាទតាក្របីជារបស់ថៃ ហើយលោកកំពុងរកវិធីយកប្រាសាទនេះពីកម្ពុជា មិនថាវិធីណាក៏ដោយទាំងក្នុងប្រទេស និងក្រៅប្រទេស ។ រីឯដំណោះស្រាយរឿងមីន លោកបានកែសម្រួលការល្បាតនៅព្រំដែន និងប្រើប្រាស់ឧបករណ៍ពិសេស ព្រមទាំងដ្រូនត្រួតពិនិត្យការដាក់បន្លាលួស ។
លោកនឹងលើកយកប្រធានបទមីនមកពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដោយលោកចោទប្រកាន់ថា នេះជាការបំពានលក្ខខណ្ឌអនុសញ្ញាអូតាវ៉ាប្រើប្រាស់មីនប្រឆាំងបុគ្គល ដែលកម្ពុជាក៏ជាសមាជិក ។ បើកម្ពុជាពុំទទួលស្គាល់ ថៃនឹងតវ៉ា និងទំនាក់ទំនងជាមួយអន្តរជាតិឱ្យដឹងឮ ។ ក្រៅពីនេះ ថៃនឹងស្នើទៅអង្គការសហប្រជាជាតិ (UN) ឱ្យពិនិត្យមើលមានអ្វីកើតឡើង ក៏ដូចជាឱ្យមជ្ឈមណ្ឌលជាតិកម្ចាត់មីន (TMAC) មកពិនិត្យផងដែរ ។
ចំណែកកម្ពុជាបដិសេធពុំបានបង្កប់មីន វាជារឿងរបស់កម្ពុជា ប៉ុន្តែលោកបានត្រៀមជូនដំណឹង ព្រមទាំងត្រៀមកម្លាំងរួចរាល់ហើយ ។ ថៃពុំទាន់ដកថយកម្លាំងកងទ័ព និងអាវុធផ្សេងៗទេ គឺស្ថិតនៅទីតាំងដដែល ។ ចំពោះការប្រើប្រាស់គ្រឿងចក្រឈូសឆាយមីន គឺប្រើប្រាស់បានតែកន្លែងមួយចំនួនប៉ុណ្ណោះ ប៉ុន្តែកន្លែងខ្លះទៀតគ្រឿងចក្រចូលពុំដល់ ពីព្រោះជាព្រៃក្រាស់ ត្រូវប្រើប្រាស់វិធីផ្សេងសម្រាប់បោសសម្អាតមីន ។.png)
ចុងក្រោយ លោក ប៊ុនស៊ីន បាននិយាយពីការបើកច្រកព្រំដែនកម្ពុជា-ថៃថា ថៃពុំទាន់ត្រៀមខ្លួនបើកព្រំដែនឡើងវិញទេ ថៃនឹងបន្តបិទព្រំដែនរហូតដល់ពេលលោកចូលនិវត្តន៍ នៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខ ។
គួរបញ្ជាក់ថា កងទ័ពថៃបានបិទព្រំដែនកម្ពុជា-ថៃជាឯកតោភាគីក្រោមហេតុផលទប់ស្កាត់ការឆបោកអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែន ដែលរដ្ឋាភិបាលថៃព្យាយាមទម្លាក់កំហុស និងលាបពណ៌មកលើកម្ពុជា ។ រហូតមកដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃនៅតែបន្តបិទព្រំដែនដដែល ក្រោយពីព្រះមហាក្សត្រថៃ និងរដ្ឋាភិបាលប្រគល់អំណាចឱ្យកងទ័ពមានសិទ្ធិសម្រេចចិត្ត ៕










