តារាចម្រៀង នាង ដាវីន បានប្រកាសនៅលើបណ្តាញសង្គមរបស់ខ្លួននឹងមិនមានការច្រៀងក្នុងកម្មវិធីរបស់ភេសជ្ជៈ ខារ៉ាប៉ាវ និង អ៊ីឈីតាន់។ ទោះដាច់ចំណូលតែ នាង ដាវីន ថាមិនឱ្យអ្នកណាប្រមាថជាតិសាសន៍ខ្លួនឡើយ ខណៈត្រឹមតែអាហារ៣ពេលលោកមិនលក់ទីផ្សារឱ្យចោរឡើយ។
នៅយប់ថ្ងៃទី១៣ សីហា តារាចម្រៀង នាង ដាវីន អតីតបេក្ខជន TOP4 ក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ បានប្រកាសជាសាធារណៈថា «ខ្ញុំនឹងឈប់ច្រៀងក្នុងកម្មវិធី ខារ៉ាប៉ាវ នឹង Ichitan ពីពេលនេះតទៅ»។ ម្ចាស់បទ «គេជាអ្នកណា» ក៏បានបន្ថែមសម្តីក្នុងផ្នែកបញ្ចេញមតិយោបល់ថា «បើសិនដាច់ចំណូលក៏ដាច់ចុះ តែខ្ញុំមិនឱ្យអ្នកណាមកប្រមាថជាតិសាសន៍ខ្ញុំទៀតបានឡើយ បើសិនខ្ញុំរកលុយក្នុងវិស័យនេះលែងបាន okay មិនអីទេ ខ្ញុំរកលុយក្នុងផ្លូវផ្សេង វិស័យផ្សេង អាហារ៣ពេលទេ តែខ្ញុំមិនលក់ទីផ្សារឱ្យចោរបន្តទៀតឡើយ»។
ការប្រកាសរបស់តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសទទួលបានការកោតសរសើរជាច្រើនពីទស្សនិកជន ខណៈអ្នកសិល្បៈមួយចំនួនក៏សម្តែងការគាំទ្រនូវការសម្រេចចិត្តរបស់នាង ដាវីន ដែលនឹងលែងទទួលការងារពីភេសជ្ជៈពីរខាងលើនេះ បើទោះបីជាខាតបង់ប្រាក់ជាច្រើនក៏ដោយ។
នាង ដាវីន ក៏បានបញ្ជាក់ច្បាស់ៗទៀតថាប្រសិនជាថ្ងៃណាលោកទៅច្រៀងនៅក្នុងកម្មវិធីប្រគំតន្រ្តីរបស់ផលិតផលថៃទាំងពីរខាងលើគឺទស្សនិកជនអាចជេរលោកបាន ។ ដាវីន ថាសម្តីកូនប្រុសនិយាយហើយមិនលេបវិញនោះទេ។
កាលពីកន្លងមកនេះ នាង ដាវីន និង គូដណ្តឹងរួមទាំង តារាចម្រៀង លីម តិចម៉េង ក៏បានចុះចែកស្បៀងទៅដល់កងទ័ពនិងប្រជាជនភៀសសឹកដោយផ្ទាល់ផងដែរ។ ដ្បិតកន្លងមកនេះ នាង ដាវីន រងនូវមតិប្រតិកម្មពីមហាជនអំពីពាក្យសម្តីរបស់ខ្លួនក្តីប៉ុន្តែលោកបានបង្ហាញទង្វើល្អខ្វាយខ្វល់ពីប្រទេសជាតិ និងខិតខំប្រមូលមូលនិធិជួយដល់សង្គមជាតិវិញ៕