តារាចម្រៀង វ៉ាន់ នីឡា បានបង្ហាញចម្ងល់របស់ខ្លួនទៅកាន់អ្នកមួយចំនួនដែលប្រតិកម្មខ្លាំងក្នុងន័យបញ្ចើចញ្ចើរពេលឮប្រជាជនខ្មែរនិយាយឬច្រៀងជាភាសាអង់គ្លេស ។

នៅថ្ងៃទី៩ កក្កដា កញ្ញា វ៉ាន់ នីឡា បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «សុំសួរមួយពេលខ្លះហេតុអីបងប្អូនមួយចំនួនតូចsensitive ពេលឮខ្មែរនិយាយភាសាអង់គ្លេសរឺច្រៀងអង់គ្លេស? ហើយខមមេនបញ្ចើចបញ្ចើរ ។ គេរៀនអស់លុយមួយគំនរ សូម្បីក្នុងកម្មវិធីសិក្សាបច្ចុប្បន្នក៏មានបូកបញ្ចូលភាសាអង់គ្លេសហើយមិចខ្មែរចេះអង់គ្លេសអត់បានមែន? ខ្លួនឯងស្តាប់មិនយល់ មិនគិតថា បើខ្ញុំរៀននឹងគេប្រហែលជាខ្ញុំអាចស្តាប់គេបានអាចទំនាក់ទំនងជាភាសាអង់គ្លេសបានព្រោះសង្គមអីលូវសូម្បីក្មេងពីបីឆ្នាំក៏ចេះអង់គ្លេសដែរ»។
ម្ចាស់បទ «បងឈ្នះហើយ» បន្តទៀតថា «កុំហាមឃាត់គេមានសិទ្ធិនិយាយភាសាអីក៏បាន យើងអត់ចេះទុកឱ្យគេអ្នកចេះស្តាប់ កុំរបៀបហាមគេឌឺគេសូម្បីត្រឹមតែភាសាអង់គ្លេស ដែលមនុស្សទូទៅក្នុងស្រុកខ្មែរគេប្រើឡើងសាមញ្ញទៅហើយ .. ភាសាជាតិ+អង់គ្លេស»។
គួរឱ្យដឹងថាតារាចម្រៀង វ៉ាន់ នីឡា មិនត្រឹមតែបកស្រាយបទចម្រៀងជាភាសាខ្មែរពីរោះប៉ុណ្ណោះទេ ប៉ុន្តែរូបនាងក៏អាចបកស្រាយបទភាសាបរទេសបានយ៉ាងល្អផងដែរ។ លើសពីនេះ វ៉ាន់ នីឡា ក៏ទទួលបានការសរសើរយ៉ាងច្រើនពីអ្នកគាំទ្ររាល់ពេលនាងបកស្រាយចម្រៀងជាភាសាអង់គ្លេស៕










