កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកគ្រោងនឹងដាក់ពន្ធ ២០០% លើការនាំចូលថ្នាំពេទ្យគ្រប់ប្រភេទដែលផលិតនៅប្រទេសផ្សេងៗ។ នេះមានន័យថាក្រុមហ៊ុនឱសថនឹងត្រូវបង់ថ្លៃទ្វេដងដើម្បីលក់ផលិតផលរបស់ពួកគេនៅសហរដ្ឋអាមេរិក ប្រសិនបើផលិតផលទាំងនោះត្រូវបានផលិតនៅក្រៅប្រទេស។

លោក Trump និយាយថា ផែនការនេះគឺចង់នាំយកក្រុមហ៊ុនផលិតថ្នាំគ្រប់ប្រភេទត្រឡប់ទៅផលិតនៅសហរដ្ឋអាមេរិកវិញ។ លោកជឿថា សហរដ្ឋអាមេរិកពឹងផ្អែកខ្លាំងពេកទៅលើប្រទេសផ្សេងទៀតសម្រាប់ថ្នាំសំខាន់ៗ ដែលវាអាចមានគ្រោះថ្នាក់ ដូចជា ថ្នាំសម្ពាធឈាម និងថ្នាំបេះដូងជាដើម ប្រសិនបើវាមានបញ្ហាកើតឡើងនៅក្រៅប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Forbes។

លោក Trump បានសង្កត់ធ្ងន់ថាលោកនឹងទុកពេលឱ្យក្រុមហ៊ុនផលិតឱសថពី ១២ ទៅ ១៨ ខែ ដើម្បីផ្លាស់ប្តូរទីតាំងការផលិតថ្នាំរបស់ពួកគេត្រឡប់ទៅអាមេរិកវិញមុនពេលពន្ធចាប់ផ្តើម។ គាត់បានបញ្ជាក់ឈ្មោះក្រុមហ៊ុនធំៗដូចជា Pfizer, Johnson & Johnson, និង Eli Lilly ដែលបច្ចុប្បន្នរោងចក្រផលិតថ្នាំរបស់ពួកគេជាច្រើនផលិតនៅខាងក្រៅប្រទេស។ លោកក៏បានបន្ថែមថា នឹងដាក់ពន្ធ ៥០% លើទង់ដែងដែលជាលោហៈដែលប្រើប្រាស់ក្នុងផលិតផលជាច្រើន។ មិនតែប៉ុណ្ណោះ លោកអាចនឹងបន្ថែមពន្ធលើទំនិញផ្សេងទៀតផងដែរ ដូចជាគ្រឿងអេឡិចត្រូនិច និងគ្រឿងបន្លាស់កុំព្យូទ័រជាដើម។

យ៉ាងណាមិញ គម្រោងនេះមានមតិប្រតិកម្មចម្រុះពីមនុស្សមួយចំនួន ដោយអ្នកខ្លះបានយល់ស្របនឹងគំនិតរបស់លោក Trump ។ ពួកគេនិយាយថាវាអាចនឹងបង្កើតការងារបន្ថែមទៀតនៅសហរដ្ឋអាមេរិក ព្រមទាំងធ្វើឱ្យប្រទេសកាន់តែរឹងមាំក្នុងការផលិតថ្នាំពេទ្យជាច្រើនប្រភេទដោយផ្ទាល់ផងដែរ។ ប៉ុន្តែអ្នកជំនាញ និងមនុស្សជាច្រើនក្នុងឧស្សាហកម្មសុខភាពមានការព្រួយបារម្ភថា នេះអាចធ្វើឱ្យថ្នាំថ្លៃជាងមុនសម្រាប់អ្នកជំងឺដែលខ្វះខាត។ លើសពីនេះ វាបណ្តាលឱ្យមានការខ្វះខាតថ្នាំមួយចំនួន ហើយនឹងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ម្យ៉ាងទៀតវាក៏អាចធ្វើឲ្យការស្រាវជ្រាវ និងការអភិវឌ្ឍន៍ផ្នែកវេជ្ជសាស្ត្រយឺតយ៉ាវជាងមុនផងដែរ។
.png)
ទោះជាយ៉ាងណា បើទោះបីជាលោក Trump បានធ្វើសេចក្តីប្រកាសដ៏ធំមួយនេះក៏ដោយ ក៏ទីផ្សារភាគហ៊ុនមិនបានធ្លាក់ចុះទេ។ ផ្ទុយទៅវិញ ភាគហ៊ុននៅក្នុងក្រុមហ៊ុនជីវបច្ចេកវិទ្យាមួយចំនួនបានកើនឡើង។ នេះបង្ហាញថាវិនិយោគិនភាគច្រើនមិនប្រាកដថាផែនការនេះពិតជានឹងកើតឡើងនោះទេ ព្រោះកាលពីមុនលោក Trump បានធ្វើការគំរាមកំហែងពាណិជ្ជកម្មយ៉ាងខ្លាំង ប៉ុន្តែមួយចំនួនត្រូវបានពន្យារពេល ឬមិនបានដាក់ឱ្យដំណើរការពេញលេញឡើយ។
សម្រាប់ពេលនេះ វាគ្រាន់តែជាផែនការប៉ុណ្ណោះ។ ប្រសិនបើ Trump ត្រឡប់ទៅសេតវិមានវិញ គាត់ប្រហែលជាព្យាយាមអនុវត្តគម្រោងនេះ។ ប៉ុន្តែវាទំនងជាប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជា ផ្លូវច្បាប់ នយោបាយ និងអាជីវកម្មជាដើម៕









