ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា អគ្គនាយកនៃនាយកដ្ឋានគយថៃ និងមន្ត្រីពាក់ព័ន្ធបានចុះទៅជួបពលរដ្ឋដើម្បីស្តាប់ផលប៉ះពាល់ដោយសារការបិទព្រំដែនកម្ពុជា-ថៃអស់រយៈពេលជាង១ខែ ហើយឃើញថា បើគិតត្រឹមតែ១៤ថ្ងៃ គឺថៃបានបាត់បង់ប្រាក់ចំណូលសេដ្ឋកិច្ច រហូតដល់ជាង១ម៉ឺនលានបាត ។ មុនពេលបិទព្រំដែន ប្រទេសថៃបាននាំចេញទំនិញមកកម្ពុជា ស្មើទឹកប្រាក់ចំនួន២ម៉ឺនលានបាតក្នុង១ខែ ។.png)
កាលពីថ្ងៃទី៨ ខែកក្កដា នៅច្រកព្រំដែនបានហាតឡិក ស្ថិតក្នុងឃុំហាតឡិក ស្រុកឃ្លងយ៉ៃ ខេត្តត្រាត (ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង) លោក ធីរ៉ាត់ អាត់តាណាវ៉ានិត អគ្គនាយកនៃនាយកដ្ឋានគយ និងមន្ត្រីពាក់ព័ន្ធបានធ្វើដំណើរមកពិនិត្យស្ថានការណ៍ព្រំដែនបានហាតឡិក ដែលមានមន្ត្រីនាយកដ្ឋានគយស្រុកឃ្លងយ៉ៃ មកទទួលស្វាគមន៍ និងនាំដើរពិនិត្យមើលនៅបរិវេណព្រំដែន ។ ព្រំដែនបានហាតឡិក ត្រូវបានបិទការឆ្លងដែនចេញ-ចូល និងត្រូវហាមនាំចេញទំនិញថៃទៅកម្ពុជា ហើយក្រុមមន្ត្រីគយក៏បានដើរពិនិត្យមើលហាងលក់ទំនិញក្នុងផ្សារហាតឡិក ផងដែរ ។

ក្រោយការពិនិត្យមើលស្ថានការណ៍ឃើញថា ហាងលក់ទំនិញជាង៩០% បានបិទទ្វារ ដោយសារគ្មានការឆ្លងដែនរវាងកម្ពុជា និងថៃ ខណៈនៅតំបន់ទំនប់ឆ្នេរតូចដែលជាផ្លូវទឹកតភ្ជាប់ការនាំចូលអាហារសមុទ្រមកឃុំបានហាតឡិក ដែលអ្នកនាំចូលភាគច្រើនជាពលរដ្ឋខ្មែរ គឺបច្ចុប្បន្ន ពុំអាចនាំចូលអាហារសមុទ្រមកថៃបានទេ ។.png)
លោកស្រី វិផា សុណេត ប្រធានសភាពាណិជ្ជកម្មខេត្តត្រាត និយាយថា អាជីវកម្មផ្សេងៗ ក៏ដូចជាឈ្មួញថៃបានរងផលប៉ះពាល់ដោយសារពុំអាចនាំចេញទំនិញទៅកម្ពុជា ។ បើថៃនៅតែពុំអាចនាំចេញទំនិញទៅកម្ពុជាលើសពី១ខែ គឺរថយន្តកុងតឺន័ររបស់ឈ្មួញនឹងត្រូវបានរឹបអូស ហើយខាតបង់យ៉ាងខ្លាំង ។
ក្រោយការចុះពិនិត្យមើលស្ថានការណ៍នៅព្រំដែនបានហាតឡិក លោក ធីរ៉ាត់ អាត់តាណាវ៉ានិត អគ្គនាយកនៃនាយកដ្ឋានគយបាននិយាយជាមួយអ្នកសារព័ត៌មានថា លោកធ្វើដំណើរមកព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តត្រាត ខេត្តចាន់បុរី និងខេត្តផ្សេងៗនៅជាប់ព្រំដែនកម្ពុជា ដើម្បីស្តាប់ផលប៉ះពាល់ និងសរុបលទ្ធផលបញ្ជូនទៅឱ្យរដ្ឋាភិបាល និងភ្នាក់ងារសន្តិសុខពិចារណាពីផលប៉ះពាល់ដែលកើតឡើងដោយសារការបិទព្រំដែនរយៈពេល១៤ថ្ងៃ ។

កងទ័ពថៃបានបិទព្រំដែនជាមួយកម្ពុជាជាង១ខែ ប៉ុន្តែបើគិតការបិទព្រំដែនត្រឹម១៤ថ្ងៃ គឺថៃបានបាត់បង់ប្រាក់ចំណូលសេដ្ឋកិច្ចរហូតដល់ជាង១ម៉ឺនលានបាត ។ មុនពេលបិទព្រំដែន ប្រទេសថៃបាននាំចេញទំនិញមកកម្ពុជា ស្មើទឹកប្រាក់ចំនួន២ម៉ឺនលានបាតក្នុង១ខែ ។ នាយកដ្ឋានគយជ្រាបពីផលប៉ះពាល់ផ្សេងៗ ប៉ុន្តែនាយកដ្ឋានគយត្រូវអនុវត្តតាមគោលនយោបាយរបស់ភ្នាក់ងារសន្តិសុខ ហើយនាយកដ្ឋានគយបានស្នើឱ្យមានការដោះស្រាយបញ្ហាបន្ត ពីព្រោះបើថៃបិទព្រំដែនបន្តទៀតនឹងធ្វើឱ្យថៃកាន់តែរងផលប៉ះពាល់ខ្លាំងឡើង ។
គួរបញ្ជាក់ថា ភ្នាក់ងារសន្តិសុខដែលទទួលខុសត្រូវការងារព្រំដែន រួមមាន ៖ កងទ័ពជើងគោក កងទ័ពជើងទឹក ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ កងកម្លាំងរក្សាសន្តិសុខប្រទេសថៃ និងការិយាល័យក្រុមប្រឹក្សាសន្តិសុខជាតិ ៕










