អស់រយៈពេលជាងមួយឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មការអន្តរក្រសួង ខិតខំធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក ចាក់អង្រែក្រោម–ព្រែកប្រា ខណៈមកទល់ពេលនេះ មានតែ៣គ្រួសារប៉ុណ្ណោះ មិនទាន់ទទួលយកសំណងពីអាជ្ញាធ។

ពលរដ្ឋរងគ្រោះនៃគម្រោងនេះ បានទាមទារសំណងហួសហេតុ ដែលធ្វើឱ្យរដ្ឋមិនអាចទទួលយកបាន ដោយទាមទារគុណនិង២ គុណនិង៣នៃសំណងដែលរដ្ឋបានប្រគល់ជូន។

បើតាម ឯកឧត្ដម ឃួង ស្រេង បានថ្លែងថា៖” ដីដែលរងផលប៉ះពាល់នេះ អាជ្ញាធរមិនមែនយកមកដើម្បីជាប្រយោជន៍ខ្លួនឯងនោះទេ គឺដើម្បីសាងសង់ស្ពាន និងធ្វើផ្លូវឱ្យប្រជាពលរដ្ឋទូទៅបានធ្វើដំណើរ និងដោះស្រាយការកកស្ទះចរាចរណ៍ ដូច្នេះសូមពលរដ្ឋទាំង៣គ្រួសារមេត្តាយោគយល់”។

ឯកឧត្ដម ឃួង ស្រេង ក៏បានសង្កត់ធ្ងន់ថា៖” ពលរដ្ឋអាចជួលក្រុមហ៊ុនអចលនៈទ្រព្យចំនួន២ក្រុមហ៊ុន មកសិក្សាពីតម្លៃនៅលើទីតាំងផ្ទាល់បាន ដោយរដ្ឋបាលរាជធានីភ្នំពេញ សុខចិត្តចេញសោហ៊ុយសេវាជូនក្រុមហ៊ុនឱ្យថែមទៀត បើនៅតែមិនត្រូវគ្នាទៀត រដ្ឋបាលរាជធានីភ្នំពេញ គ្មានជម្រើសអ្វីក្រៅពីអនុវត្តវិធានការរដ្ឋបាលដើម្បីរុះរើនោះទេ ព្រោះវាល្មមដល់ពេលហើយ មិនអាចបន្តដោះស្រាយទៅមុខទៀតទេ។ ក្រោយការអនុវត្តវិធានការរដ្ឋបាលដើម្បីរុះរើ ពលរដ្ឋក៏អាចបន្តប្តឹងទៅតុលាការបាន”៕