តូក្យូ៖ អភិបាលក្នុងតំបន់បានបញ្ជាក់ថា នៅថ្ងៃទីចន្ទ ៧ កក្កដា អ្នកស្រុករាប់សិបនាក់ត្រូវបានជម្លៀសចេញពីកោះដាច់ស្រយាលមួយនៅភាគខាងត្បូងប្រទេសជប៉ុន បន្ទាប់ពីមានការរញ្ជួយដីជិត ១,៦០០ លើកក្នុងរយៈពេលពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។.jpg)
លោក Genichiro Kubo អភិបាលកោះមួយនៅក្បែរនោះបានបញ្ជាក់ថា មិនមានអ្នករងរបួសធ្ងន់ធ្ងរនៅលើកោះ Akuseki ទេ ទោះបីបន្ទាប់ពីរងរញ្ជួយដីកម្រិត ៥.១ រិចទ័រពេញមួយយប់ក៏ដោយ។ ប៉ុន្តែការរញ្ជួយដីជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី ២១ មិថុនា បានបង្កឲ្យមានភាពតានតឹងខ្លាំងដល់អ្នកស្រុក ដែលភាគច្រើនគេងមិនលក់។

លោក Kubo បានប្រាប់សារព័ត៌មាន AP ថា អ្នកស្រុកចំនួន ៤៤ នាក់ ក្នុងចំណោម ៨៩ នាក់ នៅកោះ Akuseki ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលជាប់ក្រុង Kagoshima នៅថ្ងៃអាទិត្យ។ ចំណែកអ្នក ១៥ នាក់ ផ្សេងទៀតក៏បានចាកចេញពីកោះនានាផងដែរ ដែលទីតាំងនេះស្ថិតនៅចម្ងាយប្រហែល ១១ ម៉ោងជិះដោយសាឡាងពី Kagoshima។.png)
អង្គភាពឧតុនិយមជប៉ុនឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ២១ មិថុនា រហូតដល់ព្រឹកថ្ងៃចន្ទនេះ តំបន់នោះបានប្រឈមនឹងការរញ្ជួយដី ១,៥៨២ លើក។ អ្នកជំនាញជឿថា សកម្មភាពភ្នំភ្លើងក្រោមទឹក និងចលនានៃម៉ាក់ម៉ា (magma) អាចជាមូលហេតុដ៏សំខាន់។ ទោះបីជាយ៉ាងណា ពួកគេមិនអាចទស្សន៍ទាយបានថា សកម្មភាពនេះនឹងបញ្ចប់នៅពេលណាទេ។ យ៉ាងណាមិញ ក្នុងឆ្នាំ ២០២៣ ក៏បានកើតមានសកម្មភាពដូចគ្នា នៅខែកញ្ញា ដែលមានការរញ្ជួយដី ៣៤៦ លើកត្រូវបានកត់ត្រា។
គួររំលឹកថា ជប៉ុនជាប្រទេសមួយដែលស្ថិតនៅលើ “Ring of Fire” ឬស្រទាប់បន្ទះ tectonic ចំនួន ៤ ដែលធ្វើឱ្យប្រទេសនេះជួបប្រទះការរញ្ជួយដីប្រហែល ១,៥០០ លើក ជារៀងរាល់ឆ្នាំ ដែលស្មើនឹង ១៨% នៃសកម្មភាពរញ្ជួយដីទូទាំងពិភពលោក។
ក្នុងអំឡុងពេលនេះ មានភ្ញៀវទេសចរបរទេសខ្លះបានបដិសេធការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដោយសារភ័យខ្លាចការរញ្ជួយដីធំៗ បន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្តាញសង្គម។ ក្នុងចំណោមនោះ មានការលេចឡើងរឿងតុក្កតាមួយត្រូវបានចេញផ្សាយឡើងវិញនៅឆ្នាំ ២០២១ ដែលបានព្យាករណ៍ថា គ្រោះមហន្តរាយដ៏ធំនឹងកើតឡើងនៅថ្ងៃទី ៥ កក្កដា ២០២៥ ប៉ុន្តែវាមិនបានកើតឡើងនោះទេ៕










