រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការបកស្រាយថា ការសម្រេចកែសម្រួលកម្លាំងយោធារវាងប្រទេសទាំងពីរនៅតាមតំបន់ព្រំដែន មិនមែនជាការដកថយកម្លាំងនោះទេ។ ចំណែកជំហររបស់កម្ពុជាក្នុងការបញ្ជូនសំណុំរឿងទៅតុលាការអន្តរជាតិ សម្ដេចបានបញ្ចាក់ថា គឺមិនមានការប្រែប្រួលនោះទេ។
បន្ទាប់ពីសេចក្ដីជូនដំណឹងពីរដ្ឋមន្រ្តី្រសួងការពារជាតិ លោក ទៀ សីហា ដែលបានផ្សព្វផ្សាយចេញនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥ ជុំវិញការរកឃើញចំណុចកណ្ដាលរវាងថៃនិងកម្ពុជា ក្នុងការបន្ធូបន្ថយភាពតានតឹងនៅតាមតំបន់ព្រដែន ដោយធ្វើការកែសម្រួលកម្លាំងយោធាទាំងសងខាងឲ្យត្រឡប់ចូលតំបន់ដែលសមស្របរៀងខ្លួនវិញ។ ឃើញថាទទួលបាននូវមតិជាច្រើន ពីសំណាក់សារធារណៈជន មានទាំងមតិស្រប និងមតិផ្ទុយ។
ក្នុងនោះ ដោយសង្កេតឃើញថាមាននូវការមិនពេញចិត្ត និងហាក់មានការភាន់ច្រលំច្រើន សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហោះសារមួយដើម្បីបកស្រាយពីមូលហេតុ និងអត្ថន័យជាក់ស្ដែងក្នុងការសម្រួលទ័ពនេះថា ៖ «ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នា រវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ (កម្ពុជា.ថៃ) ដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈា.មទ្រង់ទ្រាយធំ គឺជារឿងចាំបាច់។»

ប្រធានព្រឹទ្ធសភារូបនេះ បានបន្តទៀតថា ៖ «ប្រជាជននៃប្រទេសទាំងពីរ ពិតជាចង់មានសន្តិភាពជាបន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ។ » .jpg)
លើសពីនេះ ចំពោះមតិពលរដ្ឋមួយចំនួនដែលលើកឡើងថា៖ «បើដូច្នេះតើកម្ពុជានៅតែប្ដឹងទៅICJដែរ ឬទេ?» «សង្ឃឹមថាសំណុំរឿងឡើងទៅ ICJនឹងមិនមានការកែសម្រួលផងទៅចុះ» សម្ដេចបានឆ្លើយតបយ៉ាងខ្លីថា «រឿងប្តឹងទៅicj គឺមិនប្រែប្រួលទេ»។
យ៉ាងណាមិញ សម្ដេចតេជោ ក៏បានធ្វើការអំពាវនាវទៅដល់បងប្អូនជនរួមជាតិទាំងអស់ ឲ្យជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈា.មនិងដើម្បីមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង៕










