បន្ទាប់ពីរងមតិប្រតិកម្មពីមហាជនខាងផលិតកម្មបានបញ្ជាក់ថាខ្សែភាពយន្ត «អ្នកស្នងបារមី» បានឆ្លងកាត់ Script ជាមួយនាយកដ្ឋានភាពយន្តរួមហើយខណៈកាលពីមុនមានចំណងជើងថា «អ្នកស្នងរូប»។ ខាងផលិតករភាពយន្តក៏បានបញ្ជាក់ថារឿងនេះផលិតឡើងក្នុងគោលបំណងឱ្យមានការស្រលាញ់នៃទម្រង់របាំល្ខោនបុរាណ ពិសេសសិល្បៈបុរាណខ្មែរ។

ខ្សែភាពយន្តខ្មែរមានចំណងជើងថា «អ្នកស្នងបារមី» ជាមួយទម្រង់ល្ខោន១០០ឆ្នាំនិងឈុតអប្សរាខ្មែរហើយជាភាពយន្តបែបភ័យរន្ធត់ អបិយជំនឿ បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីមហាជននិងមានការលើកឡើងផងដែរថារឿងនេះនឹងជំរុញឱ្យក្មេងជំនាន់ក្រោយខ្លាចរបាំអទិទេពរបស់ខ្លួនហើយនឹងមានការស្តាយក្រោយនាពេលអនាគតដែលផលិតខ្សែភាពយន្តមួយនេះ។

ដោយមើលឃើញមតិប្រតិកម្មយ៉ាងខ្លាំងក្លាខាងផលិតកម្ម ក្រវ៉ាន់ ភីកឈ័រ បានចេញមកស្រាយបញ្ជាក់អំពីការព្រួយបារម្ភផ្សេងៗ។ នៅរសៀលថ្ងៃទី២២ មេសា ខាងផលិតកម្មបានបង្ហោះយ៉ាងដូច្នេះថា «រឿង អ្នកស្នងបារមី ដើមឡើយដាក់ចំណងជើង អ្នកស្នងរូប ម្តងរួចមកហើយ ក៏ប៉ុន្តែក្រោយពីបានឆ្លង Script ជាមួយនាយកដ្ឋានភាពយន្ត និងបច្ចេកទេសរឿងបែបវប្បធម៌ ទើបសម្រេចថតជាសាច់រឿងទាំងស្រុងចំណងជើង «អ្នកស្នងបារមី»។
.png)
ជុំវិញមតិរិះគន់ និង ការព្រួយបារម្ភថារឿងនេះ អាចនឹងបង្កឱ្យខុសប្រពៃណី ឬខូចសិល្បៈទម្រង់បុរាណ ឬជាខ្មោចបិសាចនោះគឺរឿងល្អដែល អ្នកស្រលាញ់សិល្បៈបានលើកឡើងនឹងព្រួយបារម្ភក៏ប៉ុន្តែ ក្នុងនាមជាផលិតករ អ្នកដឹកនាំរឿង ការផលិតរឿង «អ្នកស្នងបារមី» នេះឡើងក៏ក្នុងគោលបំណងឱ្យមានការស្រលាញ់នៃទម្រង់របាំល្ខោនបុរាណ ពិសេសសិល្បៈបុរាណខ្មែរ។ បើអ្នកទស្សនាបានឃើញពីន័យធៀបនៃចំណងជើង «អ្នកស្នងបារមី» ដែលជាកូនចៅខ្មែរជំនាន់ក្រោយ វាជាសារមួយដែលបង្ហាញថា ខ្មែរជាឈាមជ័រតែមួយគត់ដែលជាម្ចាស់នៃរបាំបុរាណនេះ។
.png)
ចំពោះការយល់ច្រលំត្រង់ពាក្យបារមី និង រូបរបាំបុរាណខ្មែរ ត្រង់នេះផលិតកម្មបានបញ្ជាក់ថា «អ្នកស្នងបារមី» ដែលយកទម្រង់ល្ខោនបុរាណ ឬទម្រង់ល្ខោន ១០០ ឆ្នាំ មកបង្ហាញ មិនមែនជាខ្មោចព្រាយបិសាចនោះទេ តែជាអទិទេពខ្មែរមួយរូប ដែលផ្តល់សិរីសួស្ដីជូនគ្រួសារខ្មែរ ពិសេសអ្នកដែលគោរពដោយថ្វាយព្រះពរជារបាំខ្មែរ។ ក្នុងរូបភាពបង្ហាញជាផុសស្ទ័រគឺព្យាយាមកែតម្រូវច្រើនដង មិនឱ្យបង្ហាញពីរូបមិនល្អ រូបភាពភ័យខ្លាចបន្តិចឡើយ តែជាអកុសលនៅតែមានការយល់ច្រឡំ។
ផលិតករភាពយន្តលោក សេង ធី បានបង្ហាញថា ចំនុចដែលមានការយល់ច្រឡំខាងលើប្រហែលជាបងប្អូនអ្នកតាមដាន បណ្តាញសង្គមទទួលបានឥទ្ធិពលនៃភាពយន្តបរទេសច្រើនពេក ដូចនេះហើយទើបមានយល់ជ្រៅលើរូបនារីរបាំម្នាក់ជាខ្មោចបិសាចទៅវិញ។ លោកបញ្ជាប់ថាវាជារឿងខ្មែរ ដែល បង្ហាញពីសង្គមខ្មែរ ហើយលើកសសើរពីរូប ល្ខោនបុរាណខ្មែរ ជាទេព ជាអ្នកខ្ពង់ខ្ពស់ ជាអ្នកមានបារមី មានអំណាចផ្តល់សិរិសួស្ដីដល់គ្រួសារខ្មែរបាន ដែលស្របតាមការយល់ឃើញ និងជំនឿរបស់ប្រជាជនខ្មែរពិតមែន និងសូមអំពាវដល់សិល្បៈករបុរាណ នាដការ ទាំងឡាយ សូមមេត្តាបើកចិត្តចាំទស្សនារឿង «អ្នកស្នងបារមី» នេះជាមុនសិន ហើយយើងជឿជាក់ថា «នាដការ» នឹងទទួលបាននូវអារម្មណ៍មោទនៈភាពមួយក្នុងនាមជាអ្នកប្រឹងប្រែងរៀនសូត្រជំនាញជានាដការម្នាក់ និងក្នុងនាមជាអ្នកលះបង់ និងស្រលាញ់វប្បធម៌សិល្បៈរបាំខ្មែរ៕










