ជិតដល់ថ្ងៃបុណ្យនៃសេក្តីស្រឡាញ់ ឬហៅថា Valentine’s Day ដែលត្រូវបានគេប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែកុម្ភៈ គឺជាបុណ្យខាងប៉ែកអឺរ៉ុប ប៉ុន្តែវាបានល្បីសុះសាយនិងកំពុងចាក់ឫសក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា ជាពិសេសនៅក្នុងស្រទាប់យុវវ័យតែម្តង។ មានន័យថា ឱ្យតែដល់ថ្ងៃទី១៤ ខែកុម្ភៈ យុវវ័យមួយចំនួនតែងតែនិយមទិញកាដូ ឬអំណោយជូនមនុស្សជាទីស្រឡាញ់របស់ខ្លួន ដូចជាឪពុកម្តាយ មិត្តភក្តិ បងប្អូន និងគូស្នេហ៍ជាដើម ដើម្បីបង្ហាញពីបេះដូងបរិសុទ្ធ និងសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ពួកគេ។ 
ទោះជាយ៉ាងណាអំណោយ ឬកាដូដែលពួកគេទិញជូនមនុស្សជាទីស្រឡាញ់ អាចជាត្រណមដែលចាស់ៗជំនាន់មុនហាមប្រាមជាយូរមកហើយ។ ចាស់ៗបុរាណជឿថា ការទិញអំណោយ ឬកាដូទាំងនេះជូនមនុស្សជាទីស្រឡាញ់ នឹងធ្វើឱ្យបែកបាក់គ្នា ឬក៏មានជម្លោះឈ្លោះប្រកែកគ្នានាពេលខាងមុខ ដែលវាមិនល្អក្នុងការទិញជូនមនុស្សជាទីស្រឡាញ់ឡើយ។ ខាងក្រោមនេះគឺជាអំណោយ ឬកាដូដែលអ្នកមិនគួរទិញក្នុងថ្ងៃ Valentine’day៖
១.នាឡិកា៖ មនុស្សជាច្រើនជឿជាក់យ៉ាងមុតមាំថា ប្រសិនបើមនុស្សជិតស្និតរបស់អ្នកទិញនាឡិកា នឹងបង្កើតរយៈពេលទំនាក់ទំនង ប៉ុន្តែបើនាឡិកាឈប់ដើរនោះអ្វីៗនឹងបញ្ចប់ទៅដូចគ្នា។ 
២.ស្បែកជើង៖ ស្បែកជើងតំណាងឱ្យការចាកចេញ ឬការដើរ ដូច្នេះមនុស្សដែលជាគូស្នេហ៍មិនអាចទិញស្បែកជើងជូនគ្នាបានទេ ព្រោះវាអាចបណ្តាលឱ្យពួកគេបែកបាក់គ្នា។ 
៣.សំលៀកបំពាក់ពណ៌ខ្មៅ៖ សំលៀកបំពាក់ពណ៌ខ្មៅត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង ព្រោះមនុស្សបុរាណប្រកាន់ណាស់មិនថា ខោ អាវ សំពត់ ស្បៃទេ ចាស់ព្រឹទ្ធាចារ្យតែងតែបង្រៀនរឿងនោះ បើយើងឱ្យអាវខ្មៅទៅនរណាម្នាក់ យើងត្រូវទៅពិធីបុណ្យសពរបស់បុគ្គលនោះ។ 
៤.ទឹកអប់៖ ទឹកអប់ប្រៀបដូចជាក្លិនដែលក្រអូបម៉ាឆាវៗ មនុស្សជាច្រើនជឿថា ការទិញទឹកអប់នឹងធ្វើឱ្យស្នេហារបស់អ្នក រសាត់ដូចក្លិនទឹកអប់ដែលរសាត់តាមពេលវេលា។ .jpg)
៥.ក្រាស់សិតសក់៖ ប្រសិនបើយើងផ្តល់ក្រាស់សិតសក់ដល់មនុស្សជាទីស្រឡាញ់ នឹងធ្វើឱ្យទំនាក់ទំនងរបស់យើង ហើយគាត់ត្រូវតែដាច់ពីគ្នាដូចជាធ្មេញរបស់ក្រាស់សិតសក់អ៊ីចឹង។ 
៦.គ្រឿងកញ្ចក់ផ្សេងៗ៖ មនុស្សមួយចំនួនប្រហែលជាធ្លាប់ទទួលបានវាជាញឹកញាប់ផងដែរ បើតាមជំនឿគេជឿថាបើកញ្ចក់បែក មានន័យថាទំនាក់ទំនងរវាងអ្នកទាំងពីរត្រូវបានខូចខាត ហើយអាចនឹងមានរឿងរកាំរកុះច្រើន។
៧.កន្សែង៖ ជាការពិតណាស់ ភាគច្រើននៃកន្សែងត្រូវបានគេប្រើសម្រាប់ជូតខ្លួន និងជូតទឹកភ្នែកផងដែរ។ បើមិនចង់ស្រក់ទឹកភ្នែក ត្រូវចៀសវាង យកកន្សែងជាកាដូជូនមនុស្សជាទីស្រឡាញ់៕










