ទីក្រុងឌូបៃតែងតែធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាញឹកញាប់នូវការសាងសង់អាគារខ្ពស់ៗជាច្រើន ដែលជាសំណង់រចនាសម្ព័ន្ធដ៏អស្ចារ្យ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍។ ទីក្រុងនេះមិនត្រឹមបង្កើតការភ្ញាក់ផ្អើលជាញឹកញាប់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ខិតខំអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនឥតឈប់ឈរផងដែរ។ .png)
ថ្មីៗនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស CNN ទីក្រុងឌូបៃមានបំណងសាងសង់ «កោះនៅលើមេឃ» ដែលជាយុទ្ធនាការទាក់ទាញទេសចរណ៍ថ្មីរបស់ទីក្រុង ដោយសាងសង់អាងទឹករ៉ែ និងសួនច្បាររុក្ខសាស្ត្រដែលត្រូវធ្វើឡើងនៅលើអាកាស។ គម្រោងនេះត្រូវបានគេហៅថា Therme Dubai – Islands in the Sky គឺជាអាគារថ្មីមួយកម្ពស់ ១០០ ម៉ែត្រ ដែលនៅលើអាគារខ្ពស់ជាងគេនោះ គឺមានវាលខ្សាច់ ឆ្នេសមុទ្រសប្បនិមិត្ម ឬអាងទឹករ៉ែ និងសួនរុក្ខសាស្ត្រជាច្រើនប្រភេទ ហាក់ដូចជាកោះនៅលើមេឃអ៊ីចឹង។ 
ជាន់នីមួយៗត្រូវបានសាងសង់ជាលក្ខណៈលំហ ជាមួយនឹងរុក្ខជាតិពណ៌បៃតងខៀវស្រងាត់ និងទិដ្ឋភាពបែប Panoramic នៃផ្ទៃមេឃរបស់ទីក្រុងឌូបៃ។ ភ្ញៀវទេសចរអាចមកទស្សនាបាននៅពេលសាងសង់រួច ដើម្បីបន្ធូរភាពតានតឹង ក៏ដូចជាទទួលយកបទពិសោធន៍ថ្មីប្លែក រួមទាំងមានកន្លែងកម្សាន្តពិសេសៗសម្រាប់រៀបចំព្រឹត្តិការណ៍ផ្សេងៗទៀតផង។ គម្រោងដ៏អស្ចារ្យនេះមានគោលបំណងទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាផ្តល់ឱ្យភ្ញៀវនូវការសម្រាកលម្ហែកាយដ៏សម្បូរបែប និងព្យាបាលផ្លូវចិត្តយ៉ាងមានប្រសិទ្ធភាព ហើយក៏មានតន្ត្រី រួមទាំងការសម្តែងរបស់តារាល្បីៗនៅលើកោះផងដែរ។ 
បច្ចុប្បន្នក្រុមហ៊ុនស្ថាបត្យកម្មអាមេរិក Diller Scofidio + Renfro គឺជាអ្នកទទួលខុសត្រូវលើគម្រោងដ៏សំខាន់នេះ។ កោះស្កាយត្រូវបានសាងសង់នៅក្នុងឧទ្យាន Zabeel របស់ទីក្រុងឌូបៃដែលនៅជាប់នឹងព្រះបរមរាជវាំង។ យោងតាមប្រភពព័ត៌មាន CNN កោះនៅលើមេឃត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរចំនួន ១.៧ លាននាក់ក្នុងមួយឆ្នាំ។ ដូច្នេះអគារថ្មីនៅទីក្រុងឌូបៃ ត្រូវបានគេរំពឹងថានឹងក្លាយជាគំរូសកលនៃអ្វីដែលមនុស្សអាចធ្វើបានជាមួយមហិច្ឆតា និងជំនាញបច្ចេកវិទ្យា។ ហេតុនេះកោះនៅលើមេឃ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំក្រោយ ហើយនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៨៕










