«រមណីយដ្ឋានស្ទឹងរឹម» ដែលមានទីតាំងស្ថិតនៅឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយ ដែលមានទឹកហូរតិចៗនៅរដូវប្រាំង និងមានទឹកហូរខ្លាំងល្មមនៅរដូវវស្សា រួមទាំងមានដើមឈើដុះចម្រុះពណ៌បៃតងខៀវខ្ចី អមទាំងសងខាងមាត់ទឹកនៃស្ទឹង រំលេចបាននូវទិដ្ឋភាពដ៏ស្រស់ស្អាតគ្មានពីរ។ រមណីយដ្ឋានដ៏ស្រស់ត្រកាលនេះ បច្ចុប្បន្នហាក់រំលងភ្នែកភ្ញៀវទេសចរបន្តិច ដោយសារមិនសូវមានអ្នកស្គាល់ ខណៈផ្លូវទៅតំបន់នេះក៏មានការអភិវឌ្ឍន៍តិចតួច ហើយផ្លូវចូលទៅលេងកម្សាន្តក៏មានការលំបាកខ្លាំងដែរ សក្តិសមសម្រាប់ភ្ញៀវទេសចរផ្សងព្រេងប៉ុណ្ណោះ។

ទោះជាយ៉ាងណាប្រសិនបើលោកអ្នកបានទៅដល់គោលដៅដ៏អស្ចារ្យនេះហើយ ធានាថាលោកអ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយបំផុតដែលមិនអាចបំភ្លេចបាន។ រមណីយដ្ឋានស្ទឹងរឹម មានទេសភាពធម្មជាតិដ៏ស្រស់បំព្រង ខ្យល់អាកាសត្រជាក់បរិសុទ្ធ ស្ងប់ស្ងាត់ល្អ ទីធ្លាធំល្វឹងល្វើយ ជាពិសេសនោះក៏មានទឹកថ្លាឈ្វង់ដូចកញ្ចក់ឆ្លុះដល់បាតស្ទឹងទៀតផង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺថារមណីយដ្ឋាននេះមានស្ពានឈើមួយឆ្លងកាត់ស្ទឹងរឹម ដែលបង្កើតបានជាបរិយាកាសដ៏ស្រស់ស្អាតគួរជាទីទាក់ទាញ។ 
សូមបញ្ជាក់ដែរថា រមណីយដ្ឋានស្ទឹងរឹមស្ថិតតាមបណ្ដោយខ្សែទឹកស្ទឹងសង្កែដូចស្ទឹងថ្វាកដែរ ប៉ុន្តែស្ទឹងរឹមនេះ មិនសូវសំបូរថ្មច្រើនដូចស្ទឹងថ្វាកនោះទេ។ តំបន់ស្ទឹងរឹម ជាតំបន់រមណីយដ្ឋានមួយដែលស្អាតមិនចាញ់ទឹកស្ទឹងថ្នាក់ និងអូរទារប៉ុន្មានឡើយ។ ដូច្នេះបើលោកអ្នកបានទៅដល់ខេត្តបាត់ដំបងហើយ សូមកុំភ្លេចទៅទស្សនារមណីយដ្ឋានស្ទឹងរឹម ដើម្បីឱ្យតំបន់ទេសចរណ៍មួយនេះកាន់តែមានអ្នកស្គាល់និងមានមនុស្សម្នាទៅលេងច្រើនជាងមុន៕.png)









