ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ កំពុងពិនិត្យមើលលើការច្រៀង Diss ប្រើពាក្យមិនសមរម្យ និងកំពុងហៅអ្នកពាក់ព័ន្ធមកធ្វើការអប់រំណែនាំ។ ការបញ្ជាក់នេះគឺគណនីហ្វេកប៊ុកក្រសួងបានឆ្លើយតបទៅកាន់អ្នកស្នើសុំឱ្យត្រួតពិនិត្យលើបញ្ហានេះដោយព្រួយបារម្ភជះដល់ក្មេងៗ។ 
រយៈពេលចុងក្រោយនេះបទចម្រៀង Diss Track បានបង្កឱ្យមានការពិភាក្សាគ្នាយ៉ាងទូលំទូលាយដោយប៉ារ៉ូលនៃបទចម្រៀងគឺបានឌឺដងផ្លែផ្កាទៅកាន់ភាគីម្ខាងទៀតហើយមិនមែនមានតែតារាចម្រៀងមួយរូបទេគឺគេសង្កេតឃើញថាមានលើសពីនេះ។ ជុំវិញបញ្ហានៃបទចម្រៀង Diss Track បែបលោកខាងលិចនៃវិស័យហ៊ីបហបដែលច្រៀងលាយឡំជាមួយពាក្យមិនសមរម្យនេះអ្នកលេងបណ្តាញសង្គមគឺបានចូលទៅខម្មិនស្នើឱ្យក្រសួងត្រួតពិនិត្យលើករណី។
ជាក់ស្តែងគណនីហ្វេកប៊ុកមួយឈ្មោះថា «Kem Hout CE » បានចូលទៅខម្មិនលើការបង្ហោះរបស់ផេកផ្លូវការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីថ្ងៃទី៩ កុម្ភៈ ថា «សូមអត់ទោស ក្រសួងសូមពិនិត្យមើល បទចម្រៀង ដែលគេចេញថ្មី ប្រភេទ Diss នឹងផង ពោរពេញទៅដោយពាក្យមិនសមរម្យ ព្រួយបារម្ភជះដល់ក្មេងៗ»។ ការស្នើសុំនេះផេកក្រសួងវប្បធម៌បានឆ្លើយតបនៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ថា «សូមអរគុណ ក្រុមការងារបានពិនិត្យ និងកំពុងហៅអ្នកពាក់ព័ន្ធមកធ្វើការអប់រំណែនាំ»។
គួរបញ្ជាក់ផងដែថា ថ្មីៗកន្លងមកនេះអត្ថបទរបស់ បណ្ឌិត ហ៊ឺ វីរៈ អំពីតារាចម្រៀងរ៉េបពីរដួងគឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសត្រង់ឃ្លាថា «ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ»។
ការចេញបទចម្រៀង Diss Track ដែលផ្ទុះខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជាគឺនៅឆ្នាំ២០១៩, ២០២២ និងដើមឆ្នាំ២០២៥នេះ៕










