ទស្សនិកជនអ្នកលេងបណ្តាញសង្គមរួមទាំងអ្នកសិល្បៈមួយចំនួនបានបញ្ចេញមតិប្រតិកម្មទៅកាន់អ្នកលេងបណ្តាញសង្គមម្នាក់ដែលខម្មិនបន្តុះបង្អាប់សម្រស់ភរិយាតារាចម្រៀង ជា សុជាតិ ដែលទើបសម្រាលកូន។ សុភ័ក្ត្រ កុសុម៉ា ថាមានដៃសរសេរមិនបានគិតវាធ្វើឱ្យប៉ះពាល់អារម្មណ៍ បើចិត្តទន់នឹងបាក់ទឹកចិត្តខណៈរឿងឈឺចាប់បែបនេះនាងធ្លាប់ឆ្លងកាត់តាំងពីក្មេង។
នៅថ្ងៃទី១១ សុភ័ក្ត្រ កុសុម៉ា បានចែករំលែកការបង្ហោះមួយជាមួយនឹងខ្លឹមសារថា«គេបង្កើតហ្វេសប៊ុកដើម្បីងាយស្រួលបង្កើតទំនាក់ទនងល្អជាមួយគ្នានឹងគ្នា មិនមែនមានដៃចេះតែសរសេរដោយមិនបានឆ្លងការគិតនោះទេ ការសរសេររបស់អ្នកដឹងទេវាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍គេ បើគេចិត្តធ្ងន់មានអី ចុះបើគេចិត្តទន់ គេមិនបាក់ទឹកចិត្ត»។
ពិធីការិនីនិងជាតារាចម្រៀងរូបនេះបានបន្តទៀតថា «ឈប់ទៅ ព្រោះថាខ្ញុំឆ្លងកាត់អស់ហើយតាំងពីខ្ញុំនៅក្មេង មីនេះខ្មៅម៉េះ អាក្រក់ម៉េះ មើលស្បែកខ្មៅឡើងគ្រើម មីក្របី មីខ្ទីង ខ្មៅឃើញតែធ្មេញ កាលបានលាបឡេសរដូចគេ ខ្មៅចឹងតតែដាំទឹកក្តៅកោស ខ្មៅចឹងត្រាំទឹកដោះគោមួយពាងក៏មិនសដែរ ស្គាល់ភាពឈឺចាប់អស់ហើយ រស់ជាមនុស្សដូចគ្នាគួរណាចេះលើកទឹកចិត្ត ចេះសរសើរពាក្យល្អៗគឺបានបុណ្យណាស់»។

ការលើកឡើងបែបនេះរបស់ សុភ័ក្ត្រ កុសុម៉ា គឺនៅពេលតារាចម្រៀង ជា សុជាតិ បានបង្ហាញដំណឹងល្អលោកក្លាយជាឪពុកគេហើយខណៈមានគណនីមួយបានចូលទៅខម្មិនថា «បងតារាល្បីហេតុអីមានប្រពន្ធអាក្រក់ម៉េសតែបានកូន Cute យោង»៕










