ប្រទេសកូរ៉េខាងជើង ៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានចេញលិខិតថ្កោលទោសចំពោះការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អំពីការកាន់កាប់តំបន់ Gaza និងបណ្តេញពលរដ្ឋប៉ាឡេស្ទីនទៅរស់នៅកន្លែងផ្សេងថា គឺជារឿងឥតប្រយោជន៍ និងបំផ្លា.ញ ក្តីសង្ឃឹមពលរដ្ឋប៉ាឡេស្ទីន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ។

សារព័ត៌មានកូរ៉េខាងជើង (KCNA) បានប្រកាសថ្កោលទោសគម្រោងកាន់កាប់តំបន់ Gaza របស់លោក Trump និងការព្យាយាមបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ថា ជារឿងឥតបានការ ហើយក្តីសង្ឃឹមរបស់ពលរដ្ឋប៉ាឡេស្ទីនដែលចង់បានសុវត្ថិភាព និងសន្តិភាព ត្រូវបានបំផ្លាញដោយសារគម្រោងនេះ ។
លិខិតថ្កោលទោសបញ្ជាក់ថា បច្ចុប្បន្ន ពិភពលោក ត្រូវបានស្ងោរក្នុងឆ្នាំងទឹកពុះរហូតក្លាយជាបបរ ហើយលិខិតថ្កោលទោសរបស់កូរ៉េខាងជើងនឹងប៉ះពាល់អាមេរិក ។ សារព័ត៌មាន KCNA ក៏បានរិះគន់គោលនយោបាយរបស់រដ្ឋាភិបាលលោក Trump ផងដែរ ពាក់ព័ន្ធនឹងការគ្រប់គ្រងប្រទេសប៉ាណាម៉ា និងកោះហ្គ្រីនឡែន ក៏ដូចជាការប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ទៅជាឈូងសមុទ្រអាមេរិក ។ អាមេរិកគួរតែភ្ញាក់ពីដំណេក និងឈប់បំពានលើសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពប្រទេស និងជាតិសាសន៍ផ្សេង ហើយកូរ៉េខាងជើងហៅអាមេរិកថា អ្នកជំរិត ។
ទោះបីជាលោក Trump ធ្លាប់រៀបចំកិច្ចប្រជុំកំពូលដែលពុំធ្លាប់រៀបចំពីមុនជាមួយលោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង កាលពីលោកកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី១ និងធ្លាប់និយាយពីទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អរវាងលោក និងមេដឹកនាំកូរ៉េខាងជើង ប៉ុន្តែរហូតមកដល់ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់កូរ៉េខាងជើងពុំបាននិយាយពីលោក Trump កាន់តំណែងអាណត្តិទី២ ទេ ។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានរួមគ្នារិះគន់ទង្វើរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត ដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាង យល់ឃើញថា ជាការគំរាមកំហែងសន្តិសុខពិភពលោក យ៉ាងធ្ងន់ធ្ងរ ។
គួរបញ្ជាក់ថា មេដឹកនាំ និងមន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើងតែងតែបង្ហាញគោលជំហរប្រឆាំងនឹងគំនិតប្រទេសលោកខាងលិចជានិច្ចលើបញ្ហាអន្តរជាតិ ហើយលើកនេះ កូរ៉េខាងជើងក៏បានរិះគន់ស្ថានការណ៍នៅតំបន់ Gaza យ៉ាងខ្លាំង និងបន្ទោសអ៊ីស្រាអែលថា គឺជាមូលហេតុនៃការបង្ហូរឈាម ហើយហៅអាមេរិកថា អ្នករួមគំនិត ៕










