ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Aeroflot ដែលចាកចេញពីខេត្តភូកេត ប្រទេសថៃ ទៅកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី មានបញ្ហាបច្ចេកទេសពេលហោះហើរ ហើយពុំអាចធ្វើដំណើរទៅដល់គោលដៅ ។ យន្តហោះនេះបានហោះចុះឡើងនៅលើសមុទ្រអាន់ដាម៉ាន់ រហូតដល់ជាង៥ម៉ោង ក្រោយមក អាកាសយានិកក៏បានចុះចតយន្តហោះនៅអាកាសយានដ្ឋានសុវណ្ណភូមិ ដោយសុវត្ថិភាព ។
យន្តហោះ SU277 របស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot បានកំណត់ការធ្វើដំណើរពីអាកាសយានដ្ឋានភូកេត ប្រទេសថៃ ទៅកាន់អាកាសយានដ្ឋាន Sheremetyevo ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ប៉ុន្តែយន្តហោះនេះធ្វើដំណើរយឺតយ៉ាវជាងការប្រកាស ។ ក្រោយចាកចេញពីអាកាសយានដ្ឋានភូកេត យន្តហោះក៏តម្រង់ទៅទិសពាយ័ព្យ រួចហើយ យន្តហោះពុំបានហោះទៅទីក្រុងមូស្គូទេ បែរជាហោះចុះឡើងលើសមុទ្រអាន់ដាម៉ាន់ រយៈពេលជាង៥ម៉ោង ។
គ្មានព័ត៌មានបញ្ជាក់ថា ហេតុអ្វីទើបយន្តហោះនេះពុំអាចធ្វើដំណើរទៅដល់ទីក្រុងមូស្គូ ប៉ុន្តែគេសន្និដ្ឋានថា យន្តហោះអាចមានបញ្ហាបច្ចេកទេសមួយចំនួន ទើបហោះមិនឆ្ងាយពីខេត្តភូកេត បែបនេះ ។ សារព័ត៌មានថៃរាយការណ៍ថា យន្តហោះត្រូវចុះចតជាបន្ទាន់ ទើបអាកាសយានិកចាំបាច់ត្រូវបើកយន្តហោះលើសមុទ្រដើម្បីផ្តល់សុវត្ថិភាពដល់អ្នកដំណើរ ។

យន្តហោះ SU277 របស់ក្រុមហ៊ុនអាកាសចរណ៍ Aeroflot បានចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិដោយសុវត្ថិភាព ខាងអាកាសយានដ្ឋានបានត្រៀមខ្លួនទទួលការចុះចតជាបន្ទាន់ ដោយសារយន្តហោះមានបញ្ហាបច្ចេកទេស ទើបពុំអាចហោះទៅដល់គោលដៅ ។ ភ្នាក់ងារអាកាសយានដ្ឋានបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងផ្តោតសំខាន់ខ្លាំងលើសុវត្ថិភាពអ្នកដំណើរ ។ នេះបើតាមភ្នាក់ងារអាកាសយានដ្ឋានសុវណ្ណភូមិ ។
លោក គិទីផុង គិទិខាចន នាយកអាកាសយានដ្ឋានសុវណ្ណភូមិ និយាយថា លោកបានស្នើឱ្យភ្នាក់ងារពាក់ព័ន្ធត្រៀមទប់ទល់ស្ថានការណ៍ ដូចជា ៖ ភ្នាក់ងារពន្លត់ភ្លើង ភ្នាក់ងារសង្គ្រោះ គ្រូពេទ្យ និងឧបករណ៍ផ្សេងៗ ។ ក្រោយពីយន្តហោះចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិដោយសុវត្ថិភាព និងឱ្យអ្នកដំណើរចុះពីយន្តហោះ ភ្នាក់ងារអាកាសយានដ្ឋានបានបញ្ជូនកម្លាំងមកថែទាំ និងចែកទឹកបរិសុទ្ធឱ្យអ្នកដំណើរ ។

ក្រុមហ៊ុនអាកាសចរណ៍ Aeroflot សម្រេចចិត្តចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិ បង្ហាញឱ្យឃើញថា ពួកគេមានទំនុកចិត្តលើស្តង់ដារសុវត្ថិភាព និងការត្រៀមខ្លួនករណីកើតអាសន្ន ។ អាកាសយានិកបាននាំបុគ្គលិកអាកាសចរណ៍១៥នាក់ និងអ្នកដំណើរ ៣៣១នាក់ ទៅសម្រាកក្នុងសណ្ឋាគារ ហើយក្រុមហ៊ុនអាកាសចរណ៍នឹងស្វែងរកយន្តហោះថ្មីឱ្យអ្នកដំណើរ ៕










