បច្ចុប្បន្នវីដេអូត្លុកកំប្លែងខ្លីៗជាច្រើនរបស់លោក Osita Iheme ហៅអាក្លូ និងលោក Chinedu Ikedieze ហៅអាកច់ គឺមានប្រជាប្រិយភាពខ្លាំងណាស់ ដោយត្រូវបានគេហទំព័រហ្វេសប៊ុកក្នុងស្រុកមួយចំនួន យកវីដេអូពួកគេមកច្នៃបញ្ចូលសំឡេងជាភាសាខ្មែរ បង្កើតបានជាភាពអស់សំណើចស្ទើតែគ្រប់វីដេអូតែម្តង។ 
លោក Osita Iheme ឬហៅថាអាក្លូ និងលោក Chinedu Ikedieze ហៅអាកច់ គឺជាមិត្តភក្តនឹងគ្នា ត្រូវបានមនុស្សជាច្រើនគិតថា អ្នកទាំងពីរមានអាយុទើបតែ ១០ ឆ្នាំនោះទេ ប៉ុន្តែតាមពិតទៅពួកគេគឺមានអាយុជាង ៤០ ឆ្នាំហើយ និងមានទ្រពសម្បត្តិច្រើនមិនគួរឱ្យជឿទៀតផង។ 
លោក Osita Iheme ហៅអាក្លូ កើតនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៨២ ដែលសព្វថ្ងៃលោកមានអាយុ ៤២ ឆ្នាំហើយ ខណៈមិត្តភក្តិរបស់លោកគឺ អាកច់ បច្ចុប្បន្នមានអាយុ ៤៧ ឆ្នាំ។ អ្នកទាំងពីរសុទ្ធតែជាតារាកំប្លែងអាជីពដ៏ល្បីល្បាញមួយនៅក្នុងប្រទេសនីហ្សេរីយ៉ា ក្រៅពីធ្វើជាតារាកំប្លែងបង្ហោះវីដេអូខ្លីៗ ដែលមានអ្នកទស្សនារាប់លាននាក់ទូទាំងសកលលោក អ្នកទាំងពីរក៏ជាសហគ្រិន និងអ្នកបម្រើការក្នុងប៉ុស្តិ៍ទូរទស្សន៍ផងដែរ។ 
យោងតាមគេហទំព័របរទេស The daily post គិតត្រឹមឆ្នាំ ២០២៤ ទ្រពសម្បត្តិរបស់នាយក្លូ មានរហូតដល់ ៣.៥ លានដុល្លារអាមេរិក ខណៈទ្រពសម្បត្តិរបស់ នាយកច់ វិញមានរហូតដល់ ៣.៨ លានដុល្លារអាមេរិក។ Osita Iheme ហៅអាក្លូ ត្រូវបានមនុស្សទូទាំងសកលលោកដាក់រហ័សនាមថា Paw-Paw។ 
តារាកំប្លែងរូបនេះសព្វថ្ងៃគឺទទួលបានការគាំទ្រខ្លាំង ហើយក៏ធ្លាប់ទទួលបានពានកិត្តយសគឺមេដាយមាស MFR ដែលផ្តល់ដោយប្រធានាធីបតីនីហ្សេរីយ៉ាផ្ទាល់ទៀតផង។ ដោយសារសមត្ថភាព និងទេសកោសល្យដ៏ពូកែរបស់លោក បច្ចុប្បន្ននាយក្លូ មានផ្ទះធំៗ លុយ និងឡានទំនើបៗជាច្រើនគ្រឿងដែលមានតម្លៃរាប់ម៉ឺនដុល្លារដូចជា Toyota Harrier រថយន្តស្ព័រ NSX និងរថយន្ត Land Rover LR3 ថែមទាំងមានសណ្ឋាគារផ្ទាល់ខ្លួនមួយទៀតផង។
រីឯនាយកច់ វិញក៏មិនធម្មតាដែរ ដោយលោកត្រូវបានគេដឹងថា មានផ្ទះធំស្កឹមស្កៃ ក៏ដូចជាមានលុយ ឡាន និងប្រើប្រាស់របស់របរថ្លៃៗតម្លៃរាប់ម៉ឺនដុល្លារផងដែរ៕










