ការលាងឈាមគឺជាការលាងសម្អាតកាកសំណល់ និងវត្ថុរាវលើសនៅក្នុងឈាម នៅពេលខូចមុខងារក្រលៀន។ ជាធម្មតាក្រលៀន មានមុខងារសម្អាតឈាម និងបញ្ចេញកាកសំណល់តាមទឹកនោម ប៉ុន្តែនៅពេលក្រលៀនមានបញ្ហា ការលាងឈាមគឺជារឿងចាំបាច់ណាស់សម្រាប់អ្នកជំងឺខ្សោយក្រលៀន ឬអ្នកជំងឺខ្សោយតម្រងនោម។ ដូច្នេះមូលហេតុដែលនាំឱ្យមនុស្សកើតជំងឺទាំងនេះ គឺដោយទម្លាប់បរិភោគអាហារមិនបានត្រឹមត្រូវ និងមិនល្អចំពោះសុខភាព។ ហេតុនេះបើមិនចង់លាងឈាមទេ សូមប្រុងប្រយ័ត្ននៅអាហារ ៥ ប្រភេទដូចខាងក្រោម៖
១.អាហារកែច្នៃ៖ អាហារកែច្នៃដូចជាប្រហិត ឬហតដក សាច់ក្រក ភីហ្សា ឬបឺហ្គឺ និងមាន់បំពង សុទ្ធតែជាប្រភេទអាហារមិនល្អចំពោះសុខភាពរាងកាយរបស់យើង។ ការទទួលទានអាហារកែច្នៃច្រើនពេកអាចបង្កគ្រោះថ្នាក់ដល់តម្រងនោម ព្រោះអាហារទាំងនេះមានអំបិល និងផូស្វ័រច្រើន ដែលជាកត្តាបង្កើនហានិភ័យនៃជំងឺតម្រងនោម ឬគេហៅថាជំងឺខ្សោយក្រលៀន។
២.ទឹកជ្រលក់៖ ទឹកជ្រលក់ផ្សេងៗដូចជា ទឹកប៉េងប៉ោះ ទឹកម្ទេស ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម៉ៃយ៉ាណេស ក៏គេមិនឱ្យបរិភោគច្រើនពេកដែរ ព្រោះទឹកជ្រលក់ទាំងនេះមានធាតុផ្សំមិនសូវល្អអាចប៉ះពាល់ដល់សុខភាព ជាពិសេសគឺប៉ះពាល់ដល់តម្រងនោមតែម្តង។

៣.នំប៉័ង៖ យើងដឹងហើយថានំប៉័ងក៏ជាអាហារកែច្នៃមួយដែរ ដោយភាគច្រើនវាមានរសជាតផ្អែម ដូច្នេះការញ៉ាំផ្អែមពេកអាចនាំឱ្យយើងធាត់ ហើយវាក៏មានហានិភ័យនៃជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោមផងដែរ។
៤.ដុំស៊ុប ឬម្សៅស៊ុប៖ ដុំស៊ុប ឬម្សៅស៊ុប គឺគ្រឿងផ្សំដែលមានរសជាតិសិប្បនិម្មិត ផលិតឡើងដោយមានសារធាតុគីមីច្រើន ជាហេតុធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។
៥.គុជ៖ គ្រាប់គុជដែលភាគច្រើនត្រូវបានគេយកទៅដាក់ក្នុងភេសជ្ជៈ គឺមានសារធាតុកាបូអ៊ីត្រាត និងកាឡូរី ដោយគុជមួយគ្រាប់ៗមានផ្ទុកជាតិស្ករច្រើន អាចបង្កជាជំងឺផ្សេងៗដូចជាធាត់ ជាតិខ្លាញ់កកកុញតាមសរីរាង្គផ្សេងៗ ជំងឺបេះដូង លើសឈាម ទឹកនោមផ្អែម ជាពិសេសគឺជំងឺខ្សោយតម្រងនោមតែម្តង ប្រសិនបើលោកអ្នកញ៉ាំច្រើនហួសកម្រិត៕