ក្រុមគ្រូតឿ ដែលគេស្គាល់ថាអ្នកផលិតវីដេអូប្លែកៗរួមទាំងមិនសមទំនង ព្រមទាំងទទួលបានការរិះគន់រឿងហូបលាមកគោ ធ្វើឱ្យមហាជនចាប់ផ្តើមរិះគន់សាជាថ្មីចំពោះក្រុមនេះដែលបានយកសត្វសុនកមកផលិតវីដេក្នុងរូបភាពមិនសមសម្យ។ ក្នុងនោះដែរតារារ៉េប ពូឃ្លាំង បាននិយាយដាក់ក្រុមគ្រូតឿថា ដើម្បីលុយបង្ហាញមិនសមរម្យឱ្យអន្តរជាតិបានឃើញថាខ្មែរបែបនេះ។
នាពេលថ្មីៗនេះអ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកស្រលាញ់សត្វចិញ្ចឹមបានបង្ហាញការមិនពេញចិត្តខឹងសម្បារយ៉ាងខ្លាំងចំពោះក្រុមផលិតវីដេអូគ្រូតឿ ដែលផលិតវីដេអូមិនសមរម្យសាហាវឃោរឃៅ។ វីដេអូនោះបានបង្ហាញសកម្មភាពរបស់ក្រុមគ្រូតឿ យកសត្វសុនកមកបង្ហាញអង្គុយជុំគ្នាជាមួយមនុស្សប៉ុន្មាននាក់ដែលមើលទៅមិនសមរម្យចំពោះទង្វើបែបនេះ។ ការផលិតរបស់ក្រុមគ្រូតឿ យកសត្វសុនកមកធ្វើជាចំណីហើយតាំងបង្ហាញឃើញច្បាស់ៗនេះអ្នកលេងបណ្តាញសង្គមបាននាំគ្នាសម្រុកReport page យ៉ាងចាស់ដៃនិងបានប្រើសម្តីរិះគន់យ៉ាងខ្លាំង។
ក្នុងនោះដែរ តារារ៉េប ពូឃ្លាំង ដែលជាអ្នកស្រលាញ់សត្វមួយរូបក៏បានបង្ហាញការខឹងសម្បារដូចគ្នាទៅលើក្រុមនេះ។ លោកបានសរសេរលើបណ្តាញសង្គមនាថ្ងៃទី៦ វិច្ឆិកា ថា «ខ្ញុំពិតជាសោកស្តាយណាស់ ដែលមានរូបភាពបែបនេះកើតឡើង ដែលគ្រាន់តែចង់រកលុយសំរាប់ខ្លួនឯង បែរជាបង្ហាញទង្វើបែបនេះឱ្យអន្តរជាតិបានឃើញថាខ្មែរយើងបែបនេះ…..»។
បើតាមការ Live របស់ក្រុមគ្រូតឿ នៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី៦ វិច្ឆិកា ក្រុមនេះបានធ្វើការសូមទោសចំពោះអ្នកស្រលាញ់សត្វចិញ្ចឹមចំពោះទង្វើរបស់ពួកគេដែលមានលក្ខណៈឃោរឃៅបែបនេះ។ ក្រុមនេះបានបញ្ជាក់ថា វីដេអូដែលធ្វើហូបសត្វសុនកនេះគឺពួកគេធ្វើទៅខាងក្រៅប្រទេសដើម្បីទទួលបានចំណូលដោយមិនបានបើកឱ្យក្នុងប្រទេសឃើញឡើយប៉ុន្តែដោយសារមានអ្នកយកទៅបង្ហោះនៅលើទិកតុកទើបធ្វើឱ្យសាធារណជនឃើញបែបនេះ។
គួរបញ្ជាក់ថា ក្រុមគ្រូតឿ ដែលល្បីធ្វើវីដេអូហូបអាចម៍គោ និងវីដេអូផ្សេងៗធ្លាប់ត្រូវបាននាយប៉ុស្តិ៍រដ្ឋបាលឃុំវិហារសួគ៌កោះហៅវាស់កម្ពស់ និងណែនាំម្តងរួចហើយកាលពីខែមេសា ឆ្នាំ២០២២កន្លងទៅនេះ៕